កង្វះព័ត៌មានតាមសមាគម បានជំរុញឲ្យប្រជាជនមួយចំនួនសម្រេចចិត្តធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន។ ពួកគេមានបំណងរាយការណ៍ឲ្យរដ្ឋាភិបាល ដឹងពីការរំលោភសិទ្ធិមនុស្ស ការកាប់ព្រៃឈើ ការរំលោភយកដី និងដើម្បីផ្តល់ព័ត៌មានសម្រាប់អ្នករស់នៅតាមសមាគមវិញដែរ។
ទន្ទឹមនឹងនេះដែរ ពលរដ្ឋអ្នកសារព័ត៌មានលើកឡើងថា នៅពេលចុះទៅយកព័ត៌មានម្តងៗខ្វះការសហការពីអាជ្ញាធរ និងរងការគំរាមកំហែង។
ប្រជាជនភាគច្រើនយល់ឃើញថា ព័ត៌មាន គឺជាដំណឹង និងជាចំណេះដឹងដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។ មនុស្សម្នាក់ដែលដឹងនូវរាល់ហេតុការណ៍កើតមាននៅក្នុងតំបន់របស់ខ្លួនរស់នៅ ត្រូវបានមនុស្សគ្រប់គ្នាគេឲ្យតម្លៃថាជាអ្នកចេះដឹង និងគួរឲ្យគោរព។
តាមរយៈទស្សនៈនៃការលើកឡើងរបស់សង្គមនេះហើយ ទើបប្រជាជនដែលខ្វះព័ត៌មាន និងរងការរំលោភសិទ្ធិ ការរំលោភយកដីដោយមិនមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល សម្រេចចិត្តធ្វើជាពលរដ្ឋអ្នកសារព័ត៌មាននៅតាមសមាគម និងម្យ៉ាងវិញទៀត ពួកគាត់លើកឡើងថា ការធ្វើជាអ្នករាយការណ៍ព័ត៌មានតាមសហគមន៍ អាចចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរ។
ពលរដ្ឋអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ កញ្ញា ខន សុខឿន លើកឡើងថា នៅពេលចុះទៅយកព័ត៌មាន អាជ្ញាធរមូលដ្ឋានខ្លះមិនផ្តល់តម្លៃដល់កញ្ញាទេ ដោយគិតថាកញ្ញាខ្វះជំនាញវិជ្ជាជីវៈ និងរហូតពេលខ្លះទៀត អាជ្ញាធរមានសមត្ថកិច្ចបានផ្តល់លេខទូរស័ព្ទមិនប្រើឲ្យកញ្ញាក៏មានដែរ។ កញ្ញាអះអាងថា ការសម្រេចចិត្តធ្វើជាពលរដ្ឋអ្នកសារព័ត៌មាននេះ ព្រោះតាមសហគមន៍របស់កញ្ញាមានករណីរំលោភសិទ្ធិមនុស្សច្រើន និងគ្មាននរណាយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋឡើយ៖ «ទីមួយ ខ្ញុំចង់ជួយដល់ពលរដ្ឋក្រីក្រនៅតាមភូមិ ដោយសារការគំរាមសង្កត់ពីអ្នកមានអំណាច ដោយអ្នកមានអំណាចទៅយកដីគាត់ ហើយគ្មាននរណាអន្តរាគមន៍ទេ បង្ហាញរឿងពិតដល់សង្គម»។
កញ្ញាលើកឡើងបន្តថា កង្វះបណ្ដាញក្នុងការផ្តល់ព័ត៌មាន ក៏ជាកត្តាធ្វើឲ្យកញ្ញាឈឺក្បាលណាស់ដែរ ព្រោះមិនដឹងថា គួរទាក់ទងទៅនរណាគេ ដើម្បីអាចទទួលព័ត៌មានត្រឹមត្រូវ។
ពលរដ្ឋអ្នកសារព័ត៌មានម្នាក់ផ្សេងទៀតនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង លោក គឹម ឆេង លើកឡើងថា ទោះបីលោកមិនមែនជាអ្នកកាសែតអាជីព ដោយមិនមានប័ណ្ណ ឬកាតសម្គាល់ចេញពីក្រសួងព័ត៌មាន ក៏ដោយ ប៉ុន្តែអាជ្ញាធរគួរតែសហការក្នុងការផ្តល់ព័ត៌មានដល់លោក ព្រោះលោកអាចផ្តល់ជាព័ត៌មានផ្សេងៗឲ្យទៅស្ថាប័នដែលទទួលស្គាល់តាមផ្លូវច្បាប់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់៖ «ខ្ញុំសំណូមពរដល់អាជ្ញាធរ មេត្តាជួយដល់ពលរដ្ឋអ្នកសារព័ត៌មាន ផ្តល់កិច្ចសហការក្នុងការផ្តល់ព័ត៌មាន ដើម្បីយើងខ្ញុំយកទៅផ្សព្វផ្សាយ រួមចំណែកអភិវឌ្ឍប្រទេស»។
យ៉ាងណាក៏ដោយ លោក គឹម ឆេង ដែលជាពលរដ្ឋអ្នកសារព័ត៌មានទទួលស្គាល់ថា ការសរសេរអត្ថបទព័ត៌មានរបស់លោកនៅមានកម្រិត និងមិនមានសមត្ថភាពរៀបរាប់ហេតុការណ៍ដែលកើតមានបានល្អប្រសើរ។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋម្នាក់ៗមានសិទ្ធិផ្តល់ព័ត៌មានបានដោយសេរី។ លោកបន្តថា ពលរដ្ឋម្នាក់អាចយកបណ្ដាញទំនាក់ទំនងសង្គមមានជាអាទិ៍ បណ្ដាញទំនាក់ទំនងសង្គមហ្វែសប៊ុក (Facebook) ជាដើម ដើម្បីផ្សាយនូវរាល់ហេតុការណ៍ទាំងឡាយដែលខ្លួនបានឃើញ។ លោកលើកឡើងដែរថា សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន អាចនឹងមានផលវិបាកក្នុងការទាក់ទងជាមួយនឹងអាជ្ញាធរ ដើម្បីបានប្រភពព័ត៌មានច្បាស់លាស់ ព្រោះតែពួកគាត់មិនមានការទទួលស្គាល់ពីស្ថាប័នណាមួយជាក់លាក់៖ «ជាទូទៅ នៅពេលដែលយើងផ្សាយព័ត៌មានដែលពិតត្រឹមត្រូវនោះ មិនគួរទទួលការគំរាមកំហែងនោះទេ ការគំរាមកំហែងណាមួយ គឺជារឿងខុសច្បាប់ មិនថាតែអ្នកកាសែតនោះទេ សូម្បីតែប្រជាពលរដ្ឋក៏ត្រូវតែធានាសុវត្ថិភាពដែរ»។
លោកពន្យល់ថា ការផ្តល់ព័ត៌មានដែលពិត មិនថាតែពលរដ្ឋអ្នកសារព័ត៌មាននោះទេ សូម្បីតែអ្នកកាសែតដែលមានវិជ្ជាជីវៈត្រឹមត្រូវ អាជ្ញាធរត្រូវតែធានាចំពោះសុវត្ថិភាពជូនពួកគាត់ និងម្យ៉ាងត្រូវមានវិធានការឲ្យបានឆាប់រហ័សចំពោះការគំរាមកំហែងណាមួយ។ លោកបន្តថា ពលរដ្ឋអ្នកសារព័ត៌មាន ក៏ត្រូវដាក់ពាក្យប្ដឹងទៅអាជ្ញាធរ និងតុលាការ នៅពេលរងការសម្លុតគំរាម និងការបំភិតបំភ័យ។
ពលរដ្ឋអ្នកសារព័ត៌មាននៅខេត្តមណ្ឌលគិរី កញ្ញា ម៉ុប ឆី ដែលជាជនជាតិដើមភាគតិចអះអាងថា កញ្ញាចង់ធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន ព្រោះតែនៅសហគមន៍របស់កញ្ញា ប្រជាជនខ្វះការយល់ដឹង គ្មានចំណេះដឹងក្នុងការថែទាំសុខភាព និងម្យ៉ាង ប្រជាពលរដ្ឋត្រូវក្រុមហ៊ុនរំលោភយកដីធ្លីក្រោមពាក្យអភិវឌ្ឍ។ កញ្ញាអះអាងថា កញ្ញាធ្លាប់រងការគំរាមកំហែងពីមន្ត្រីរាជការ នៅពេលចុះទៅយកព័ត៌មាន៖ «ទៅជាមួយសហគមន៍អត់អីទេ តែនៅពេលយើងជួបជាមួយនឹងក្រុមហ៊ុន កម្មករក្រុមហ៊ុនហ្នឹង ប៉ូលិស ទាហាន គេសួរយើងថាមកពីណា? មានតួនាទីអី? មានច្បាប់ទម្លាប់ពេញលេញអត់? គេថាមកធ្វើអី? មករកងាប់អី?»។
ជំពូកទី២ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ មាត្រា៣១ វាក្យខណ្ឌទី២ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
គ្រូបណ្តុះបណ្តាលពលរដ្ឋអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ស៊ុន ណារិន និយាយថា ពលរដ្ឋអ្នកសារព័ត៌មានអ្វីដែលជាចំណុចខ្សោយនោះ គឺពួកគាត់ខ្វះការទំនាក់ទំនងល្អនឹងអាជ្ញាធរដែនដី។ ទន្ទឹមនឹងនេះដែរ នៅពេលមានរឿងរសើបណាមួយកើតឡើង ពួកគាត់មិនហ៊ានចុះទៅយកព័ត៌មានឡើយ។ លោកបន្តថា ពលរដ្ឋអ្នកសារព័ត៌មាន គឺជាដៃគូសំខាន់ក្នុងការអភិវឌ្ឍប្រទេស៖ «បើយើងមានអ្នករាយការណ៍ ពលរដ្ឋអាចរូបបានតំបន់អាចមានការអភិវឌ្ឍ។ បើសិនពលរដ្ឋគាត់យករូបហ្នឹងមកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ហើយអាជ្ញាធរហើយគាត់ជួយដោះស្រាយបានបញ្ហាមួយចំនួន»។
ទាក់ទងនឹងបញ្ហានេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពលរដ្ឋអ្នកសារព័ត៌មាន គួរមានឥរិយាបថល្អក្នុងការទំនាក់ទំនងជាមួយនឹងមន្ត្រីរដ្ឋាភិបាល។ លោកបន្តថា មិនមែនមន្ត្រីទាំងអស់ សុទ្ធតែលំបាកក្នុងការទំនាក់ទំនងដើម្បីទទួលបានព័ត៌មាននោះទេ៖ «គាត់ត្រូវរាយការណ៍ហេតុការណ៍ទៅអាជ្ញាធរនៅកន្លែងហ្នឹងជាបន្ទាន់ វាមិនមែនជាប្រព័ន្ធ វាគ្រាន់ករណីបុគ្គល»។
លោកអះអាងថា លោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយនឹងអាជ្ញាធរតាមមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ។
យ៉ាងណាក៏ដោយ ពលរដ្ឋអ្នកសារព័ត៌មាននៅតែទទូចដល់មន្ត្រីអាជ្ញាធរតាមមូលដ្ឋាន ត្រូវតែសហការនឹងគាត់ក្នុងការផ្តល់ព័ត៌មានឲ្យបានល្អប្រសើរ។ ពលរដ្ឋអ្នកសារព័ត៌មានសង្កត់ធ្ងន់ថា ពួកគាត់សម្រេចធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍប្រទេស។ ដូច្នេះ រដ្ឋាភិបាលមានកាតព្វកិច្ចធានាសុវត្ថិភាព និងត្រូវតែសហការក្នុងការផ្តល់ព័ត៌មានដល់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
