ការទាមទារនេះ កើតឡើងបន្ទាប់ពីបានសង្កេតឃើញថា សកម្មជនរូបនេះស្ថិតក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សចំនួនជាង ៥០០នាក់ ដែលរងគ្រោះដោយការគំរាមកំហែងក្នុងរូបភាពជាច្រើន ដោយរួមទាំងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ទោសទណ្ឌផងនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
បណ្ដាញសហគមន៍ និងអង្គការសមាគមចំនួន៨ រួមគ្នាស្នើរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ លោក គុជ វែង ដែលកំពុងជាប់ពន្ធនាគារ ដោយចាត់ទុកថាជាសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជារូបភាពគំរាមកំហែងរារាំងតួនាទីពលរដ្ឋក្នុងការចូលរួមជួយរដ្ឋាភិបាល ដើម្បីការពារធនធានធម្មជាតិដែលកំពុងប្រឈមនឹងការវិនាសហិនហោច។
សំណើរបស់បណ្ដាញសហគមន៍ និងអង្គការសមាគមទាំងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងសហគមន៍ពីតាមបណ្ដាខេត្តចំនួន១០។
ប្រធានបណ្ដាញកសិករ និងសន្តិភាព លោក ថេង សាវឿន ថ្លែងថា បណ្ដាញសហគមន៍ និងអង្គការសមាគម នឹងធ្វើការរួមគ្នាចាប់ពីពេលនេះ ដើម្បីទាមទារអោយមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ ជាពិសេសលោក គុជ វែង ដែលមានទោសដោយសារតែហ៊ានចេញមុខការពារព្រៃឈើ ធនធានធម្មជាតិ និងសិទ្ធិដីធ្លីរបស់ពលរដ្ឋ។
បណ្ដាញសហគមន៍ និងអង្គការសមាគមដែលចូលរួមសកម្មភាពនេះ រួមមានបណ្ដាញសហគមន៍ព្រៃឡង់ឱរ៉ាល់ បណ្ដាញស្ករសយុត្តិធម៌ បណ្ដាញកសាងសន្តិភាពសហគមន៍ សម្ព័ន្ធកសិករកម្ពុជា បណ្ដាញយុវជនកម្ពុជា សមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ និងបណ្ដាញសហគមន៍នេសាទ។
សេចក្ដីថ្លែងការណ៍របស់បណ្ដាញសហគមន៍ និងអង្គការសមាគមទាំងនេះ អោយដឹងថា លោក គុជ វែង ត្រូវបានចាប់ខ្លួន និងបញ្ជូនមកតុលាការកាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា បន្ទាប់ពីត្រូវស្ត្រីម្នាក់នៅឃុំអន្សាចំបក់ ស្រុកក្រគរ ប្ដឹងពីបទឆបោកយកលុយជាង ៤ពាន់ដុល្លារ ជាថ្នូរនឹងការសន្យារកការងារឲ្យប្ដីរបស់គាត់។
តំណាងសហគមន៍មកពីខេត្តពោធិ៍សាត់ លោក ម៉េង ប៊ុនរឿន បានលើកឡើងក្នុងសន្និសីទកាសែតថា លោក គុជ វែង គួរទទួលបានការសរសើរពីរដ្ឋាភិបាល ដ្បិតលោកបានចេញមុខការពារធនធានធម្មជាតិក្នុងមូលដ្ឋានដែលលោកកំពុងរស់នៅ មិនគួរត្រូវរកលេសចោទប្រកាន់ដាក់ពន្ធនាគារបែបនេះឡើយ។
បើទោះជាចាត់ទុកថាការចោទប្រកាន់លោក គុជ វែង គឺជារឿងអយុត្តិធម៌ ក៏ពលរដ្ឋនៅក្នុងសហគមន៍មួយចំនួនក្នុងខេត្តពោធិ៍សាត់ បានសម្រេចចិត្តដកខ្លួនចេញពីការតវ៉ាអោយមានការដោះលែងសកម្មជនព្រៃឈើរូបនេះ។ បើតាមការអះអាងរបស់តំណាងសហគមន៍ ពលរដ្ឋទាំងនោះបានភ័យខ្លាចបន្ទាប់ពីមានមន្ត្រីក្នុងមូលដ្ឋានព្រមានមិនអោយចូលរួមការតវ៉ា។
អភិបាលខេត្តពោធិ៍សាត់ លោក សុខា មានប្រសាសន៍ថា ករណីលោក គុជ វែង មិនមែនពាក់ព័ន្ធនឹងរឿងដីធ្លីទេ តែជារឿងបុគ្គល។
អនុប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា តុលាការខេត្តពោធិ៍សាត់ គួរស្វែងរកយុត្តិធម៌ពិតប្រាកដសម្រាប់លោក គុជ វែង។
សកម្មជនការពារព្រៃឈើ លោក គុជ វែង ត្រូវគេស្គាល់ថាជាអ្នកដែលហ៊ានចេញមុខ កាលពីបានដឹកនាំប្រជាពលរដ្ឋស្រុកក្រគរ តវ៉ាទ្រង់ទ្រាយធំមួយកាលពីឆ្នាំ២០០៤ ប្រឆាំងនឹងក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ដែលត្រូវបានអ្នកភូមិចោទថា បានឈូសឆាយរំលោភយកដីព្រៃការពាររបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
