សេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិល ចេញផ្សាយនៅថ្ងៃទី១០ កក្កដា បានជំរុញឲ្យគណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតបោះឆ្នោតជាតិឆ្នាំ២០១៣ នេះ យកអនុសាសន៍ ៧ចំណុចនេះទៅចែងក្នុងគោលនយោបាយបក្ស ហើយអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីលើកស្ទួយសិទ្ធិនារីក្នុងឆាកនយោបាយឲ្យបានច្រើនក្រៅពីនេះ ដើម្បីការពារផលប្រយោជន៍កុមារផង។
អនុសាសន៍ ៧ចំណុច សុំឲ្យបញ្ចូលក្នុងគោលនយោបាយបក្សនោះមានជាអាទិ៍ ការអនុវត្តប្រព័ន្ធកូតាយេនឌ័រស្ម័គ្រចិត្តក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ដើម្បីបង្កើនចំនួនបេក្ខភាពស្ត្រីបន្ទាន់ ទាំងចំនួនស្ត្រីក្នុងគណៈកម្មាធិការគ្រប់គ្រងរបស់បក្សនយោបាយនីមួយៗ។ គាំទ្រលើការកែទម្រង់ច្បាប់បោះឆ្នោត ដោយតម្រូវឲ្យដាក់បញ្ចូលកូតាស្ត្រី ដើម្បីធានាឲ្យមានតំណាងស្ត្រីនៅគ្រប់លំដាប់ថ្នាក់នៃការគ្រប់គ្រង និងលំដាប់ថ្នាក់នយោបាយ។ ការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយក៏ដូច្នេះដែរ គឺត្រូវឲ្យមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធិកុមារ ដើម្បីធានាឲ្យបាននូវយុត្តិធម៌ និងលើកស្ទួយសេរីភាពបញ្ចេញមតិ និងការទទួលបាននូវព័ត៌មានពេញលេញ ផ្ដល់ជូនប្រភពផ្សព្វផ្សាយឲ្យស្ត្រីកាន់តែទូលាយគ្រប់មូលដ្ឋានទូទាំងប្រទេស ដើម្បីលើកស្ទួយស្ត្រីចូលរួមវិស័យនយោបាយ។ ទប់ស្កាត់ការរើសអើង អំពើហិង្សា និងបង្កើនព័ត៌មានអំពីការថែទាំសុខភាពស្ត្រី រួមទាំងចំណុចមួយចំនួនទៀតដែលទាក់ទងការលើកកម្ពស់អប់រំស្ត្រី និងកុមារ ការពារការរំលោភផ្លូវភេទ បំបាត់ហិង្សាលើស្ត្រី បំបាត់និទ្ទណ្ឌភាពជាដើម។
មន្ត្រីសម្របសម្រួលកម្មវិធីនៃគណៈកម្មាធិការលើកកម្ពស់ស្ត្រីក្នុងវិស័យយេនឌ័រ និងនយោបាយ អ្នកស្រី ម៉ែន វណ្ណាវី មានប្រសាសន៍ថា សព្វថ្ងៃ បក្សនយោបាយទាំងអស់បញ្ចូលស្ត្រីប្រឡូកនយោបាយនៅមានតិចនៅឡើយ៖ «នីតិកាលទី៥ ឆ្នាំ២០១៣ នេះ ក្នុងចំណោមគណបក្សនយោបាយទាំង៨។ គឺទី១ គណបក្សប្រជាជនកម្ពុជា គាត់ដាក់ស្ត្រីជាបេក្ខជនហ្នឹង មានតែ ២០រូបទេ។ ២០រូបហ្នឹង គឺស្មើ ១៦,២៦% នៃចំនួនគណបក្សគាត់សរុប។ រីឯគណបក្សសង្គ្រោះជាតិ មានចំនួន ១២នាក់ ស្មើនឹងរីឯគណបក្សហ៊្វុនស៊ិនប៉ិច គឺមានចំនួន ១២នាក់ដែរ គឺស្មើចំនួន ៩,៧៦%។ អ៊ីចឹង! ឃើញថា ចំនួនស្ត្រីសរុបក្នុងនីតិកាលទី៥ នេះ ទាំង ៨គណបក្សមានតែ ១៦៨ ក្នុងគណបក្សនីមួយៗ...»។
ឆ្លើយតបនឹងការអំពាវនាវនេះ តំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច អ្នកស្រី ប្រាក់ ចន្ថា បញ្ជាក់ថា បក្សអ្នកស្រីកំពុងខិតខំបញ្ចូលបេក្ខភាពស្ត្រីតាមខេត្តចូលក្នុងកម្រិតដឹកនាំគ្រប់ថ្នាក់ តែអ្នកស្រីត្អូញត្អែរថា ការរើសបេក្ខភាពស្ត្រីមិនងាយស្រួលដូចគេថានោះទេ ដោយសារកត្តាជឿលុងលើប្រពៃណី និងដោយសារស្ត្រីមិនទាន់មានភាពជឿជាក់លើខ្លួនឯង។
កម្ពុជា មានផែនការបង្កើនបេក្ខភាពស្ត្រីក្នុងតួនាទីតំណាងរាស្ត្រឲ្យបាន ៣០% នៃចំនួនបុរសនៅឆ្នាំ២០១៥ ដែលជាផែនការកំណត់សហស្សវត្ស។ តែអ្នកស្រី ម៉ែន វណ្ណាវី មិនរំពឹងថា ផែនការនេះបានសម្រេចទេ ព្រោះថាដំណើរការបញ្ចូលបេក្ខភាពស្ត្រីក្នុងឆាកនយោបាយនៅកម្ពុជា សព្វថ្ងៃនេះ នៅយឺតយ៉ាវ និងមិនសូវគេយកចិត្តទុកដាក់មែនទែននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
