សង្គមស៊ីវិល ធ្វើការលើវិស័យសេរីភាពបញ្ចេញមតិ និងអ្នកធ្វើការក្នុងវិជ្ជាជីវៈសារព័ត៌មាន បានស្វាគមន៍ចំពោះការជំរុញឲ្យមានអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅតាមស្ថាប័នរដ្ឋ ដើម្បីលើកស្ទួយសិទ្ធិទទួលបានព័ត៌មាន ហើយជាសញ្ញាល្អក្នុងការជំរុញទៅបង្កើតច្បាប់សិទ្ធិទទួលព័ត៌មាន។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍នៅថ្ងៃទី១០ វិច្ឆិកា ថា ការជំរុញឲ្យមានមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៅតាមស្ថាប័នរដ្ឋនោះ គឺជាកត្តាសំខាន់ដែលអ្នកធ្វើការក្នុងអាជីពសារព័ត៌មានត្រូវការ ពីព្រោះកន្លងមកអ្នកសារព័ត៌មានតែងជួបការលំបាកក្នុងការស្វែងរកព័ត៌មានពិតពីមន្ត្រីទាំងនោះ។ លោកបន្តថា ដើម្បីឲ្យមន្ត្រីព័ត៌មានដែលមានតួនាទីទាំងនោះអាចផ្ដល់នូវព័ត៌មានពិត សម្រាប់ផ្សព្វផ្សាយជូនពលរដ្ឋ គឺទាមទារឲ្យមានការបណ្ដុះបណ្ដាលឲ្យយល់ពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ យល់ពីសេរីភាពសារព័ត៌មាន និងយល់អំពីរបៀបផលិតព័ត៌មានជាមុនសិន។
លោក មឿន ឈានណារិទ្ធ៖ «ដើម្បីឲ្យគាត់ដឹងថា តើប្រភេទព័ត៌មានណាដែលមានតម្លៃជាព័ត៌មាន គាត់ដឹងព័ត៌មានដែលមានតម្លៃសម្រាប់សង្គមដែលគាត់អាចចែករំលែកដល់សាធារណជន និងអ្នកសារព័ត៌មាន។ ជួនកាលទៅ យើងអ្នកសារព័ត៌មាន យើងមានជ្រុងមួយនៃព័ត៌មានដែលយើងចង់បានហើយ តែជួនកាលទៅ ស្ថាប័នមួយៗគាត់មានព័ត៌មានដែលល្អមែនទែន មានសារសំខាន់មែនទែន ដែលមានតម្លៃជាដំណឹងហើយ តែដោយសារគាត់ខ្វះជំនាញផ្នែកសារព័ត៌មានអ៊ីចឹង គាត់អត់ដឹង អ៊ីចឹងធ្វើឲ្យព័ត៌មានដែលល្អត្រូវកប់បាត់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងព័ត៌មាន បានទេនៅថ្ងៃទី១០ វិច្ឆិកា។
ប៉ុន្តែ នៅក្នុងរបាយការណ៍នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា អាជ្ញាធររាជធានីខេត្ត និងស្ថាប័នរដ្ឋ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្ដីប្រកាសអន្តរក្រសួង ដែលបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ បង្កើតឲ្យមានមន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ ដោយមានអ្នកទទួលខុសត្រូវ និងមានអាសយដ្ឋានទាក់ទងច្បាស់លាស់ ងាយស្រួលឆ្លើយតប ឬបំភ្លឺរាល់បញ្ហាដែលបានកើតមានក្នុងមូលដ្ឋាន ឬស្ថាប័នរបស់ខ្លួន ពិសេសកែលំអ និងធ្វើបច្ចុប្បន្នភាពព័ត៌មានតាមគេហទំព័រ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បានថ្លែងថាការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ គឺជាសញ្ញាល្អមួយ ដោយសារតែនាយករដ្ឋមន្ត្រីទទួលស្គាល់នូវកំហុសឆ្គងរបស់មន្ត្រីក្រោមឱវាទកន្លងមក។ ប៉ុន្តែ អ្វីដែលជាបញ្ហាសំខាន់នោះ គឺត្រូវមានយន្តការឃ្លាំមើលដាក់ទោសទណ្ឌមន្ត្រីក្រោមឱវាទដែលមិនអនុវត្តតាម។ លោកបន្តថា ជាងនេះទៅទៀត ដើម្បីឲ្យការអនុវត្តនេះប្រកបដោយប្រសិទ្ធភាព គឺមានទំនាក់ទំនងទៅដល់ការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានសាធារណៈ ដែលស្ថាប័ន និងអង្គភាពរបស់រដ្ឋត្រូវតែផ្ដល់ព័ត៌មានឲ្យសាធារណជន និងអ្នកសារព័ត៌មាននៅពេលដែលមានការស្នើសុំ។
លោក ប៉ា ងួនទៀង៖ «ការអនុវត្តនៃប្រទេសដទៃ ពិសេសប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គឺគេមានចែងអំពីទោសទណ្ឌ ប្រសិនបើមន្ត្រីហ្នឹង ឧទាហរណ៍ប្រសិនបើមន្ត្រីហ្នឹង ឧទាហរណ៍ថាគេដាក់ពាក្យកំណត់ស្នើសុំ១អាទិត្យ ហើយបើមិនឆ្លើយតប ត្រូវបញ្ជាក់ហេតុផល បើសិនហេតុផលវាមិនត្រូវទេ អ្នកហ្នឹងត្រូវមានទោសម៉េច ហើយអ្នកសារព័ត៌មានត្រូវមានសិទ្ធិប្ដឹងទៅណា ប្ដឹងទៅតុលាការដើម្បីប្ដឹងពីមន្ត្រីហ្នឹង។ល។»។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង តាំងពីឆ្នាំ២០០៧ ដើម្បីជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់នេះ។ ហើយកាលពីឆ្នាំមុន អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក៏បានយកសេចក្ដីព្រាងច្បាប់នេះទៅដាក់សភាជាតិ ដើម្បីធ្វើសេចក្ដីស្នើច្បាប់ ប៉ុន្តែត្រូវច្រានចោល។
នៅសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក ហ៊ុន សែន ក៏បានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកវេទិកាពិគ្រោះយោបល់ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ រៀបចំតាក់តែងឲ្យបានសម្រេចនូវសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
