សង្គម​ស៊ីវិល​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​ឃុំ​មនុស្ស​២៣​នាក់​នៅ​ឆ្ងាយ​ពី​ភ្នំពេញ

មហា​ជន​ទូទៅ​បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ នៅ​គុក​ត្រពាំងផ្លុង ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ គឺ​ជា​ការ​ព្យាយាម​បំបែក​កម្លាំង​បាតុកម្ម​របស់​កម្មករ និង​កម្លាំង​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ច្របាច់​ជា​ធ្លុង​មួយ។ បន្ថែម​លើ​នេះ ក្រុម​សង្គម​ស៊ីវិល បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ថា​កំពុង​តែ​ខ្លាច​ស្រមោល​ខ្លួន​ឯង ចំពោះ​ករណី​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ ពី​ភ្នំពេញ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម។

0:00 / 0:00

ការ​បញ្ជូន​មនុស្ស​ចំនួន ២៣​នាក់ ពី​ភ្នំពេញ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​គេ​មើល​ឃើញ​ថា ដោយសារ​រដ្ឋាភិបាល​កំពុង​ខ្លាច​រអា​នឹង​ចរន្ត​នៃ​ការ​ងើប​ឡើង​តវ៉ា​របស់​ប្រជាពលរដ្ឋ ហើយ​ថា នេះ​ជា​យុទ្ធសាស្ត្រ​បញ្ចៀស​កុំ​អោយ​ក្រុម​អ្នក​តវ៉ា​មាន​លទ្ធភាព​ច្រើន​ឡើង ដើម្បី​បន្ត​ការ​តវ៉ា​ថែម​ទៀត ប្រសិន​មនុស្ស​ទាំង ២៣​នាក់ ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស ក្នុង​ក្រុង​ភ្នំពេញ នោះ។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សន្ទុះ​របស់​មហា​ជន​ក្នុង​ការ​បញ្ចេញ​មតិ មាន​ការ​កើន​ឡើង​ខ្ពស់ ដូច​រលក​យក្ស​ស៊ូណាមិ។ ចលនា​មហា​ជន​ភាគ​ច្រើន ទាមទារ​យុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត ហើយ​រីឯ​អ្នក​ផ្សេង​ទៀត ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ ដើម្បី​ចិញ្ចឹម​ក្រពះ។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ដោយសារ​សន្ទុះ​មហា​ជន​ដូច​ទឹក​បាក់​ទំនប់​នេះ កាន់​តែ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អំណាច​របស់​មេ​ដឹក​នាំ​រដ្ឋាភិបាល។

ដូច្នេះ ករណី​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​នៅ​មុខ​រោងចក្រ យ៉ាក ជីន ក្នុង​សង្កាត់​កំបូល កាល​ពី​ថ្ងៃ​ទី​២ និង​ការ​បង្ក្រាប​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស កាល​ពី​ថ្ងៃ​ទី​៣ ហើយ​និង​ការ​បង្ក្រាប​របស់​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ អាច​ជា​ការ​កាត់​ផ្តាច់​នូវ​ចរន្ត​របស់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​ខ្លាំង​ជាង​នេះ។

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​ក្រុម​បាតុករ និង​ការ​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ ទៅ​ឃុំ​ខ្លួន​ក្នុង​គុគ​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម ក្បែរ​ព្រំដែន​វៀតណាម នោះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​ចាត់​តាំង​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា ការ​ដែល​បង្ក្រាប ការ​ដែល​ចាប់​ខ្លួន​អី​ហ្នឹង វា​សុទ្ធ​ជា​ការ​រៀប​ចំ​រចនាសម្ព័ន្ធ ជា​យុទ្ធសាស្ត្រ​ស្រេច វា​មាន​ការ​ចាត់​តាំង​ត្រឹមត្រូវ​ចំពោះ​ការ​បង្ក្រាប​អី​ហ្នឹង។ ពីព្រោះ​ចរន្ត​វា​បញ្ច្រាស​គ្នា។ ប្រជាពលរដ្ឋ​ខិតខំ​អនុវត្ត​សិទ្ធិ​នៃ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​រដ្ឋាភិបាល​ខិតខំ​ទាញ​សិទ្ធិ​នោះ​ទម្លាក់​ចុះ​ទៅ​ក្រោម​វិញ។ ដូច្នេះ ចរន្ត​ពីរ​នេះ​បញ្ច្រាស​គ្នា។ អ៊ីចឹង​ហើយ បាន​ជា​គេ​ប្រើប្រាស់​នូវ​រូបភាព​ទាំងអស់​ហ្នឹង ដើម្បី​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ»

ក្រុម​អ្នក​វិភាគ​ខ្លះ​និយាយ​ថា ការ​ចាប់​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ រួម​មាន​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៅ​ឃុំ​ឃាំង​នៅ​ក្នុង​គុក​មួយ​ដែល​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​បង្វែរ និង​បំបែក​កម្ដៅ​កំហឹង​មហា​ជន​ដែល​កំពុង​ឆេះ​ងំ ដោយសារ​វិបត្តិ​សង្គម។ វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជា រួម​មាន ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី ផ្ទះ​សម្បែង ការ​យក​សម្បត្តិ​សាធារណៈ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ អំពើ​ពុក​រលួយ​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម ប្រព័ន្ធ​តុលាការ​ដូច​ផ្សារ​លក់​ត្រី ត​ថ្លៃ​ក្តី​ក្ដាំ​គ្មាន​ញញើត និង​វិបត្តិ​បោះ​ឆ្នោត​ដែល​កំពុង​ជាប់​គាំង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល តែង​អះអាង​ថា សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​គ្រាន់​តែ​ធ្វើ​ការ​ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម​អនាធិបតេយ្យ និង​ហិង្សា​ប៉ុណ្ណោះ។

កម្លាំង​រដ្ឋាភិបាល មាន​កង​រាជ​អាវុធហត្ថ ប៉ូលិស និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់​ទីប បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ​ដែល​ប្រើ​ដុំ​ថ្ម​ជា​អាវុធ តប​ត​ប្រឆាំង​នឹង​កម្លាំង​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី​២-៣ មករា បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ និង​របួស​ជិត ៤០​នាក់ លើ​ផ្លូវ​វ៉េងស្រេង។ កង​កម្លាំង​របស់​រដ្ឋាភិបាល ក៏​បាន​ចាប់​ខ្លួន​មនុស្ស ២៣​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ក្នុង​នោះ​មាន អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិស័ក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សមត្ថកិច្ច​របស់​កម្ពុជា បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ការ​បាញ់​ប្រហារ​កម្មករ​ចំនួន ៤​នាក់​នោះ៖ «រដ្ឋាភិបាល​លោក​បាន​សម្រេច​ហើយ​ក្នុង​ការ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ហេតុការណ៍​មួយ​ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា កន្លង​មក​នេះ នៅ​លើ​ផ្លូវ​វ៉េងស្រេង ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​ជាក់​ច្បាស់​អំពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង»

រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋកម្ម​ទៅ​លើ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស ព្រះសង្ឃ អ្នក​កាសែត អ្នក​ការពារ​ព្រៃ​ឈើ និង​តារា​ចម្រៀង មិន​តិច​លើក​មក​ហើយ​ទេ ប៉ុន្តែ​គណៈកម្មការ​នោះ​គ្រាន់​តែ​ជា​សុបិន្ដ​ប៉ុណ្ណោះ ហើយ​អំពើ​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​កើត​មាន​ដដែល។

ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់​នេះ​ដែរ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បញ្ជាក់​ថា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ​កន្លង​មក ធ្វើ​ឡើង​ដោយ​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់៖ «នៅ​ក្រម​នីតិវិធី​គេ​ថា​ក្រោយ ៤៨​ម៉ោង​នៃ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ។ ហើយ​ក្រោយ ២៤​ម៉ោង​នៃ​ការ​ឃាត់​ខ្លួន​ហ្នឹង គឺ​មេធាវី​មាន​សិទ្ធិ​ជួប​កូន​ក្តី។ ប៉ុន្តែ ករណី​នេះ​ក្នុង​រយៈពេល ១​អាទិត្យ​ហើយ​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​ជួប​ជាមួយ​មេធាវី ឬ​គ្រួសារ។ នេះ​ជា​ការ​ខុស​ទៅ​នឹង​នីតិវិធី​បាទ។ ការ​ខុស​ទៅ​នឹង​នីតិវិធី​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ សិទ្ធិ​របស់​មេធាវី និង​សិទ្ធិ​របស់​ក្រុម​គ្រួសារ​ផង​ដែរ»

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​រាយការណ៍​ពិសេស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី បាន​ថ្កោលទោស​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល ដែល​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ​បង្ក្រាប​បាតុកម្ម បណ្ដាល​ឱ្យ​បាតុករ ៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាល​ពី​ថ្ងៃ​ទី​២ ដើម​ខែ​មករា។ ទន្ទឹម​គ្នា​នឹង​ការ​ថ្កោលទោស​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​លើ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​បាតុករ​នោះ។ លោក​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់ និង​ទទូច​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ចំនួន ២៣​នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ជាពិសេស​អ្នក​ដែល​ត្រូវ​ការ​ព្យាបាល​សុខភាព​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។