បណ្ដាញអន្តរជាតិសម្រាប់សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (International Network for Economic, Social & Cultural Rights) ដែលមានការិយាល័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានផ្ញើលិខិតមួយចំនួនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអំពាវនាវសូមឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ស្របពេលគ្នានេះ អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ដែលធ្វើការផ្នែកសិទ្ធិមនុស្ស ក៏សំណូមពរឲ្យមានការដោះលែងមនុស្ស ១៨នាក់ជាបន្ទាន់ និងលើកលែងការចោទប្រកាន់ពួកគេទាំងនោះ។
បណ្ដាញអន្តរជាតិសម្រាប់សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលមានអង្គការសមាគមចំនួន ២៧០ ជាសមាជិក និងមកពី ៧០ប្រទេសទូទាំងពិភពលោក សំដែងការព្រួយបារម្ភចំពោះការចាប់ខ្លួន និងផ្ដន្ទាទោសលើសកម្មជនដីធ្លីនៅកម្ពុជា។
ក្នុងលិខិតអំពាវនាវរបស់អង្គការនេះ ដែលដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបតែផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃច័ន្ទ ទី៨ ធ្នូ ឲ្យដឹងថា សកម្មជនដីធ្លីជាស្ត្រីបឹងកក់ ៧នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ វិច្ឆិកា នៅពេលដែលពួកគេកំពុងតវ៉ា សូមឲ្យមានអាជ្ញាធរអារម្មណ៍លើទឹកជន់លិចនៅក្នុងតំបន់របស់ពួកគេរស់នៅ។ ពួកគេទាំងនោះត្រូវបានតុលាការផ្ដន្ទាទោស ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀលក្នុងម្នាក់ៗ ដោយគ្រាន់តែតវ៉ាការពារសិទ្ធិរស់នៅរបស់ខ្លួន។
ក្រោយមានការចាប់ខ្លួនស្ត្រីបឹងកក់ ៧នាក់ហើយនោះ អាជ្ញាធរក៏បានចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សចំនួន ៤នាក់ផ្សេងទៀត នៅពេលដែលពួកគេតវ៉ាអហិង្សានៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យតុលាការដោះលែងសកម្មជនដីធ្លីទាំង ៧នាក់នោះ។
នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម ដែលជាសមាជិកមួយនៃបណ្ដាញអន្តរជាតិសម្រាប់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បញ្ជាក់ថា អង្គការអន្តរជាតិចង់ឃើញរដ្ឋាភិបាលជួយអន្តរាគមន៍ដោះលែងមនុស្ស ១៨នាក់ ក្នុងនោះមានព្រះសង្ឃ សកម្មជនដីធ្លី និងសកម្មជននយោបាយ កំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ឲ្យមានសេរីភាព៖ «ប្រព័ន្ធតុលាការនៅស្រុកខ្មែរមិនឯករាជ្យ គឺជាឧបករណ៍ឲ្យរដ្ឋាភិបាល»។
ស្របពេលដែលបណ្ដាញអន្តរជាតិសម្រាប់សិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អំពាវនាវឲ្យបញ្ឈប់ការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សខាងអង្គការលីកាដូ ក៏ទទូចសុំឲ្យដោះលែងមនុស្សប្រុសស្រី ១៨នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
សេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ ចេញផ្សាយថ្ងៃទី៨ ធ្នូ ពិពណ៌នាថា ស្ថានភាពនៃការចាប់ខ្លួន និងផ្ដន្ទាទោស បង្ហាញឲ្យឃើញពីការព្យាយាមតែមួយរបស់អាជ្ញាធរក្នុងការបំបិទមាត់អ្នកដែលរិះគន់ ហើយបំភិតបំភ័យសកម្មជនឯទៀត។
នាយិកាអង្គការលីកាដូ កញ្ញា ណាលី ពីឡូក មានប្រសាសន៍ថា ការចាប់ខ្លួន និងការផ្ដន្ទាទោសថ្មីៗទាំងនេះបង្ហាញថា ប្រព័ន្ធយុត្តាធិការនៅតែស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងពីរដ្ឋាភិបាល។ កញ្ញាបន្តថា អ្នកណាក៏ដោយឲ្យតែមិនពេញចិត្តនឹងរដ្ឋាភិបាល ឬមិនគាំទ្រនឹងអ្នកដែលមានអំណាច និងមានលុយ អ្នកទាំងនោះនឹងមានគ្រោះថ្នាក់អាចជាប់ពន្ធនាគារ។
ទាក់ទងនឹងការស្នើសុំឲ្យមានការដោះលែងមនុស្សទាំង ១៨នាក់នោះ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មិនបានឆ្លើយសំណួរ ដោយប្រាប់ថា កំពុងជាប់ប្រជុំ។
រីឯប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភា លោក ឈាង វុន បដិសេធថា លោកមិនបានដឹងពីរឿងនេះទេ ហើយរុញឲ្យទៅសួរមន្ត្រីតុលាការ និងអាជ្ញាធររាជធានីភ្នំពេញ ពីការចាប់ខ្លួនអ្នកទាំងនោះ៖ «អ្នកដែលចាប់ពួកនោះ គឺតុលាការនិងសាលាក្រុង ទៅសួរតុលាការ សាលាក្រុងទៅ»។
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់អះអាងថា ការសម្រេចកាត់សេចក្ដី និងការឃុំខ្លួនមនុស្ស គឺជាអំណាចរបស់ស្ថាប័នតុលាការតែមួយគត់ ហើយក្រសួងយុត្តិធម៌មិនអាចជ្រៀតជ្រែកបានឡើយ។
អង្គការសង្គមស៊ីវិល និងអ្នកវិភាគផ្នែកសង្គមបានហៅការចាប់ខ្លួននេះ ថាជារឿងនយោបាយ ដោយបញ្ជាក់ថា មិនមែនជារឿងមនុស្សទាំងនោះប្រព្រឹត្តខុសច្បាប់អ្វីទេ ហើយក៏មិនមែនជាឆន្ទានុសិទ្ធិរបស់តុលាការអ្វីដែរ ប៉ុន្តែតុលាការឯណោះទេដែលធ្វើការក្រោមសម្ពាធនយោបាយ។
ក្នុងជំនួបរវាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧ វិច្ឆិកា លោក សម រង្ស៊ី បានស្នើសុំត្រង់ៗ ទៅលោក ស ខេង ឲ្យដោះលែងអ្នកដែលត្រូវតុលាការចាប់ឃុំខ្លួនទាំងអស់នោះ៖ «របៀបយើងជំរុញឲ្យដោះលែង យើងមិនអាចនិយាយប្រកាស ឬសន្យាបានទេ តែយើងធ្វើតាមរយៈវប្បធម៌សន្ទនា។ ខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយល្អពេលសវនាការនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា»។
ថ្វីបើគ្មានការឆ្លើយតបពីលោក ស ខេង ប៉ុន្តែលោក សម រង្ស៊ី និងលោក កឹម សុខា បញ្ជាក់នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីសប្ដាហ៍មុនថា គណបក្សសង្គ្រោះជាតិ នឹងប្រើវប្បធម៌សន្ទនាគ្នាជាមួយគណបក្សកាន់អំណាច ដើម្បីឲ្យដោះលែងព្រះសង្ឃ សកម្មជនដីធ្លី និងសកម្មជននយោបាយទាំងនោះមកវិញ។ លទ្ធផលយ៉ាងណានោះ គឺអាចដឹងនៅពេលដែលសវនាការសាលាឧទ្ធរណ៍សុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ ខែធ្នូ ខាងមុខ។
ព្រះសង្ឃ សកម្មជនដីធ្លី សិទ្ធិមនុស្ស និងសកម្មជននយោបាយ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់សរុប ១៩នាក់។ អ្នកទាំងនោះជាប់ចោទពីបទមួយចំនួន រួមមានបទផ្ដើមគំនិតហិង្សាដោយចេតនា បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម បទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ បទបង្កការកកស្ទះចរាចរណ៍សាធារណៈ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបទបរិហារកេរ្តិ៍ជាដើម។ សព្វថ្ងៃនេះមនុស្ស ១៩នាក់នោះ គឺនៅសល់តែ ១៨នាក់ទេដែលកំពុងជាប់ឃុំ ដោយសារតែម្នាក់ក្នុងចំណោមនោះ គឺលោក លី ស្រ៊ាងខេង ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំតែឋិតក្រោមការឃ្លាំមើលរបស់តុលាការ កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
