ពិធីនេះធ្វើឡើង ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់គុកត្រពាំងផ្លុង ២៣នាក់ ដែលរដ្ឋាភិបាលចាប់ខ្លួនកាលពីដើមខែមករា ក្នុងពេលបង្ក្រាបកម្មករធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា អះអាងនៅថ្ងៃទី១៩ មករា ថា ពិធីនេះនឹងមានអ្នកចូលរួមប្រហែល ៥០០នាក់ ជួបជុំគ្នាមុខវត្ត ដោយមានព្រះសង្ឃសូត្រធម៌ ហើយចាប់ផ្ដើមលែងប៉េងប៉ោង ជាសញ្ញាទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់គុក ២៣នាក់។
លោកបញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តិទៅរយៈពេលប្រហែល ២ម៉ោងប៉ុណ្ណោះ៖ «យើងសម្រេចយកកន្លែងមុខវត្តឧណ្ណាលោម ព្រោះទីនេះមានទីធ្លាទូលាយ ជាកន្លែងប្រជុំជន មានអ្នកទេសចរបរទេសឆ្លងកាត់ទៅមក អ៊ីចឹងគេអាចដឹងព័ត៌មាននេះច្រើន»។
អ្នកជាប់ទោស ២៣នាក់នោះមានជាអាទិ៍ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក ហេង សាវឿន អ្នកសម្របសម្រួលនៃលេខាអធិការដ្ឋានសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងលោក ចាន់ ពុទ្ធិស័ក្ដិ សកម្មជនតវ៉ាដីធ្លីបឹងកក់ រួមទាំងកម្មកររោងចក្រ។ អ្នកទាំង ២៣នាក់ត្រូវចាប់ខ្លួន ពេលកងកម្លាំងរដ្ឋាភិបាលបង្ក្រាបបាតុកម្ម ពេលកម្មករទាមទារប្រាក់ខែគោលរបស់កម្មករចំនួន ១៦០ដុល្លារ នៅថ្ងៃទី២ និងទី៣ មករា ឆ្នាំ២០១៤។ ការបង្ក្រាបនោះបណ្ដាលឲ្យកម្មករ ៤នាក់ស្លាប់ និងជិត ៤០នាក់រងរបួស និងខ្លះទៀតបាត់ខ្លួន។
ទាក់ទងការទាមទារនេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត គាំទ្រថា នេះជាការទាមទារ «ដ៏ត្រឹមត្រូវ» ព្រោះលោកថា ការឃុំខ្លួនអ្នកទាំង ២៣នាក់នោះ មិនមានភស្តុតាងដូចការចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាទេ។
ស្របពេលនេះដែរ សហគមន៍អឺរ៉ុប ក៏ចេញសេចក្ដីប្រកាសព័ត៌មានមួយដែរនៅថ្ងៃទី១៦ មករា អះអាងថា ការចាប់ខ្លួនអ្នក ២៣នាក់នោះមិនយុត្តិធម៌ ឲ្យសុំឲ្យរដ្ឋាភិបាលដោះលែងជាបន្ទាន់។ ក្រៅពីនេះ សហគមន៍អឺរ៉ុប ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់បន្តរឿងក្ដីរបស់មេដឹកនាំបក្សសង្គ្រោះជាតិ នៅតុលាការផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។