ធម្មយាត្រា សិទ្ធិយាត្រា ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកសិទ្ធិមនុស្ស នឹងចាប់ផ្ដើមជាថ្មីម្តងទៀតនៅចុងសប្ដាហ៍នេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ។ នេះជាលើកទី២ហើយ ដែលក្រុមមិត្ត ១០ ធ្នូ គ្រោងដង្ហែក្បួនចេញដំណើរពីបណ្ដាខេត្តនានាចូលមករាជធានីភ្នំពេញ បន្ទាប់ពីក្បួនដង្ហែដូចគ្នានេះ ធ្វើជោគជ័យម្តងរួចមកហើយកាលពីឆ្នាំមុន។
ក្រុមសហគមន៍ដីធ្លី សហគមន៍ព្រៃឈើ សហគមន៍នេសាទ បណ្ដាញព្រះសង្ឃ សិស្សនិស្សិត និងក្រុមអង្គការសង្គមស៊ីវិល បានចងក្រងគ្នាជាក្រុមមិត្ត ១០ ធ្នូ ដើម្បីហែក្បួនធម្មយាត្រា សិទ្ធិយាត្រា ពីតាមបណ្ដាខេត្តនានារយៈពេល ៥ថ្ងៃ ឆ្ពោះមករាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៦។
អនុប្រធានបណ្ដាញយុវជនកម្ពុជា និងជាតំណាងលេខាធិការដ្ឋានក្រុមមិត្ត ១០ ធ្នូ លោក ស ម៉ូរី ឲ្យដឹងថា ធម្មយាត្រា សិទ្ធិយាត្រាឆ្នាំនេះមិនខុសពីឆ្នាំមុនទេ គឺធ្វើដើម្បីផ្សព្វផ្សាយសិទ្ធិមនុស្ស ដោយមានការថ្លែងសារពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ប្រវត្តិនៃទិវាសិទ្ធិមនុស្ស ១០ ធ្នូ ការសម្ដែងធម្មទេសនា ផ្សារភ្ជាប់នឹងទ្រឹស្ដីពុទ្ធសាសនា និងទ្រឹស្ដីសិទ្ធិមនុស្ស និងការពាំនាំសារទុក្ខរបស់ពលរដ្ឋ ដែលមានបញ្ហារំលោភសិទ្ធិមនុស្ស រំលោភដីធ្លី មកដាក់នៅរដ្ឋសភា ដើម្បីឲ្យតំណាងរាស្ត្រទាំងពីរគណបក្ស ដោះស្រាយបញ្ហាទុក្ខកង្វល់ជូនពលរដ្ឋម្ចាស់ឆ្នោត៖ «យើងប្រមូលលទ្ធផលនៃធម្មយាត្រា សិទ្ធិយាត្រា ពីបញ្ហារំលោភសិទ្ធិមនុស្សនៅតាមភូមិឃុំ ដាក់ទៅតំណាងរាស្ត្រគណបក្សទាំងពីរឲ្យឆ្លើយតបមកវិញ»។
តាមគម្រោង ក្បួនដង្ហែធម្មយាត្រា សិទ្ធិយាត្រានោះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ធ្នូ រហូតដល់ថ្ងៃទី១០ ធ្នូ។ ក្បួននេះ នឹងហែជា ៦ផ្លូវផ្សេងគ្នា ឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ក្បួនទី១ ចេញពីផ្លូវជាតិលេខ១ ចាប់ពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ក្បួនទី២ ហែចេញពីស្រុកគីរីវង់ ខេត្តតាកែវ។ ក្បួនទី៣ ហែចេញពីស្រុកឈូក ខេត្តកំពត។ ក្បួនទី៤ ហែចេញពីពេជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្បួនទី៥ ហែចេញពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្បួនទី៦ ហែចេញពីស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្បួននីមួយៗ នឹងហែដោយថ្មើរជើងក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដោយជួបជុំគ្នានៅមុខរដ្ឋសភា។
មន្ត្រីតស៊ូមតិនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាប្រធានដឹកនាំធម្មយាត្រា សិទ្ធិយាត្រាផ្លូវជាតិលេខ៦ លោក ស៊ុំ ម៉ាណែត ឲ្យដឹងថា ព័ត៌មានដំបូងដែលលោកទទួលបាន គឺមានពលរដ្ឋខ្លះរស់នៅតាមដងផ្លូវនៅចំណុចផ្សារព្រៃទទឹង ខេត្តកំពង់ចាម ស្ម័គ្រដើរក្បួនធម្មយាត្រាសិទ្ធិយាត្រាជាមួយក្រុមរបស់លោក។ តាមការប៉ាន់ស្មាន ថ្ងៃដំបូងនៃធម្មយាត្រាសិទ្ធិយាត្រានោះ យ៉ាងហោចណាស់មានព្រះសង្ឃ និងពលរដ្ឋប្រមាណ ៧០នាក់ ចូលរួមក្បួនដង្ហែតាមផ្លូវជាតិលេខ៦។
យ៉ាងណា លោកសម្ដែងក្តីបារម្ភថា អាជ្ញាធរមូលដ្ឋានអាចនឹងរំខាន ឬគំរាមកំហែងតាមវត្តអារាមមួយចំនួន មិនឲ្យទទួលក្រុមក្បួនដង្ហែរបស់លោកឈប់សម្រាក ឬស្នាក់អាស្រ័យនៅពេលយប់ ដូចអ្វីដែលក្រុមអាជ្ញាធរធ្លាប់ធ្វើកន្លងមកហើយ កាលពីក្បួនធម្មយាត្រាសិទ្ធិយាត្រាកាលពីឆ្នាំមុន៖ «អាជ្ញាធរបានគំរាមកំហែងថ្នាក់ដឹកនាំវត្តមួយចំនួន ដែលយើងប្រុងស្នាក់នៅថាមិនឲ្យទទួលក្រុមក្បួននោះទេ។ តែវត្តខ្លះគេនៅតែស្វាគមន៍ក្រុមយើង»។
លោកបន្តថា អ្នកចូលរួមក្បួនធម្មយាត្រាសិទ្ធិយាត្រានេះ គឺជាអ្នកស្ម័គ្រចិត្ត។ ពួកគេទាំងនោះ រួមទាំងព្រះសង្ឃផង ត្រូវចំណាយថវិកាខ្លួនឯងលើថ្លៃអាហារ និងទឹកបរិភោគ។ លោកក៏បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងអស់ នៅពេលឃើញក្បួនធម្មយាត្រាសិទ្ធិយាត្រានោះ មេត្តាជួយឧបត្ថម្ភជាអាហារ ឬទឹក សម្រាប់ពលរដ្ឋ និងប្រគេនព្រះសង្ឃ ដើម្បីជាការគាំទ្រដល់ក្បួនដង្ហែទិវាសិទ្ធិមនុស្សអន្តរជាតិ។
ព្រះតេជព្រះគុណ កែវ សុម៉ាលី គង់នៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ជាអ្នកដឹកនាំក្បួនធម្មយាត្រាសិទ្ធិយាត្រាតាមផ្លូវជាតិលេខ២ មានថេដីកាថា ក្នុងក្បួនដង្ហែនោះ ព្រះអង្គនឹងផ្សព្វផ្សាយពីគោលការណ៍ធម៌ប្រាំយ៉ាងរបស់ព្រះពុទ្ធ មកបរិយាយឲ្យពុទ្ធបរិស័ទ ដើម្បីឲ្យមានសុខសន្តិភាពក្នុងប្រទេស៖ «ទី១ ការមិនបៀតបៀនជីវិតរបស់គេ។ ទី២ ការមិនលួចឆក់ប្លន់ដីរបស់គេ។ ទី៣ មិនត្រូវបៀតបៀនប្រពន្ធកូនចៅអ្នកដទៃ។ ទី៤ មិនត្រូវញុះញង់បំបែកបំបាក់គេ និងទី៥ ឲ្យចៀសឲ្យផុតពីស្រា និងគ្រឿងញៀន»។
កាលពីឆ្នាំ២០១៣ ក្បួនដង្ហែធម្មយាត្រាសិទ្ធិយាត្រានៅឆ្នាំនោះ មានរយៈពេល ១០ថ្ងៃ ដោយមានហែក្បួនពីតាមបណ្ដាខេត្តនានា ដោយមានព្រះសង្ឃ ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ ១ពាន់នាក់ចូលរួម។ ដោយឡែកនៅឆ្នាំនេះ មានរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។ មូលហេតុដែលធ្វើតិចជាងឆ្នាំមុននោះ ខាងក្រុមមិត្ត ១០ ធ្នូ ពន្យល់ថា ដោយសារតែកង្វះថវិកា ពិសេសសកម្មជនដីធ្លីមួយចំនួនដែលជាក្រុមក្បួនដង្ហែ រួមមានក្រុម អ្នកស្រី ទេព វន្នី កំពុងជាប់ក្នុងពន្ធនាគារព្រៃសនៅឡើយ។
ពាក់ព័ន្ធនឹងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នេះដែរ ក្រុមអង្គការសង្គមស៊ីវិលប្រមាណជិត២០០ រួមនឹងពលរដ្ឋមានជម្លោះដីធ្លី កម្មកររោងចក្រ និងព្រះសង្ឃប្រមាណ ៥ពាន់នាក់ និងអង្គ នឹងចូលរួមហែក្បួនដោយឡែកមួយទៀតនៅរាជធានីភ្នំពេញ។ តាមគម្រោងក្បួនដង្ហែនោះ នឹងហែនៅថ្ងៃទី១០ ធ្នូ មុខពហុកីឡាដ្ឋានជាតិអូឡាំពិក ឆ្ពោះទៅសួនច្បារមុខវត្តបទុម។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ ឲ្យដឹងថា ការប្រារព្ធពិធីជាផ្លូវការនៅមុខវត្តបទុម នឹងមានការថ្លែងសារពីក្រុមអង្គការសង្គមស៊ីវិលពីតំណាងសហគមន៍រងផលប៉ះពាល់ពីបញ្ហាដីធ្លី ពីទុក្ខកង្វល់របស់កម្មកររោងចក្រ និងសារពីតំណាងរដ្ឋាភិបាល៖ «អ្នកមានជម្លោះដីធ្លី នឹងលើកឡើងពីការអភិវឌ្ឍនៅកម្ពុជា ដែលការអភិវឌ្ឍមិនបានគោរពគោលការណ៍សិទ្ធិមនុស្ស។ កម្មកររោងចក្រ នឹងលើកយកពីការរំលោភច្បាប់ការងារក្នុងទិវានោះ»។
យ៉ាងណា សំណើសុំទីតាំងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ ធ្នូ នៅមុខវត្តបទុម នោះ ខាងសាលារាជធានីភ្នំពេញ នៅមិនទាន់ឆ្លើយតបនៅឡើយទេ។ តែ លោក សួន ប៊ុនស័ក្តិ បញ្ជាក់ថា ខាងមន្ត្រីសាលារាជធានីភ្នំពេញ បានផ្តល់សញ្ញាវិជ្ជមានមួយហើយមកខាងលោក ដោយបានអញ្ជើញក្រុមអង្គការសង្គមស៊ីវិលពិភាក្សារឿងនេះនៅថ្ងៃទី៣ ធ្នូ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
