ទាហាន​ប្រចាំ​ការ​នៅ​ព្រំដែន​ខ្មែរ-​ថៃ​ប្រើ​​កាំភ្លើង​បាញ់​គំរាម​ម្ដាយ

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា គេ​នៅ​តែ​មាន​កង្វល់​អំពី​បញ្ហា​ទាហាន​ប្រើប្រាស់​អាវុធ​យក​ទៅ​គំរាមកំហែង​ជន​ស៊ីវិល​ដដែល បើ​ទោះ​បី​ជា​អង្គការ​ធ្លាប់​អំពាវនាវ​ដល់​​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​វិន័យ​ទៅ​លើ​កង​កម្លាំង​ឡើង​វិញ​ជា​ច្រើន​ដង​មក​ហើយ​ក៏ដោយ។

0:00 / 0:00

អង្គការ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​​ថា ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជនស៊ីវិល​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ពី​​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ឡើយ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល បាន​ឱ្យ​ដឹង​ថា កូន​​ប្រុស​ម្នាក់​ជា​ទាហាន​​​ប្រចាំ​នៅ​ព្រំដែន​ខ្មែរ-​ថៃ បាន​យក​អាវុធ​បាញ់​រះ​ជា​ច្រើន​គ្រាប់ នៅ​ពេល​ដែល​​មាន​ជម្លោះ​ជាមួយ​ម្តាយ​ខ្លួន​ឯង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា កន្លង​ទៅ។

បុរស​អ្នក​ភូមិ​ជប់គគីរ​ខាង​កើត​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១២ ខែ​ឧសភា ថា ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ខៀវ យ៉ុម អាយុ​ជាង ៥០​ឆ្នាំ ជា​អ្នក​​ភូមិ​ជាមួយ​គ្នា ត្រូវ​កូន​ប្រុស​បង្កើត​​​​ឈ្មោះ យ៉ង់ សំអាត បាញ់​កាំភ្លើង​រះ​ជា​ច្រើន​គ្រាប់​គំរាម​​រូប​គាត់ ដោយសារ​តែ​កំហឹង។

បុរស​ដដែល​​បញ្ជាក់​ថា មុន​ពេល​កើត​ហេតុ​​គេ​ដឹង​ថា អ្នកស្រី ខៀវ យ៉ុម បាន​ឈ្លោះ​ប្រកែក​និង​កូនប្រសា​ស្រី​បណ្ដាល​ឱ្យ​កូនប្រសា​នោះ​ចុះ​ចោល​ផ្ទះ។ បន្ទាប់​មក​កូន​ប្រុស​បង្កើត​មាន​ការ​ខឹងសម្បា​​ជាមួយ​ម្ដាយ​ពី​រឿង​ធ្វើ​ឱ្យ​ប្រពន្ធ​ចុះ​ចេញ ទើប​ទៅ​ផឹក​ស្រា​ស្រវឹង​ហើយ​រក​រឿង​ឈ្លោះ​​ជាមួយ​ម្ដាយ​ រហូត​ដល់​បាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់។ ក៏​ប៉ុន្តែ​ការ​បាញ់​នោះ​មិន​បណ្ដាល​ឱ្យ​ស្ត្រី​ជា​ម្ដាយ ឬ​ក៏​អ្នក​ជិត​ខាង​ណា​ម្នាក់​បាន​រង​របួស​ទេ។

អ្នកស្រី ខៀវ យ៉ុម៖ «ប្អូន​ថ្លៃ​ហ្នឹង​ថា​បង​អើយ​ប៉ុណ្ណោះ​បាន​ហើយ មិន​បាច់​និយាយ​ទេ ខ្ញុំ​ដឹង​ពី​បញ្ហា​បង​ឯង​ហើយ។ ថា​ប៉ុណ្ណោះ​វា​បាញ់​ពី​ក្នុង​មក បាញ់​ទម្លុះ​ជញ្ជាំង​វា​មក ៤-​១០​គ្រាប់​ដែរ។ ម្ដាយ​នោះ​ឮ​សូរ​កូន​បាញ់​កញ្ឆក់​ម៉ូតូ​បាន​បញ្ឆេះ​ជិះ​រត់​ទៅ​លិច​ផុត​ទៅ។ អា​នោះ​វា​បាញ់​រួច វា​រត់​ចេញ​ពី​ផ្ទះ​ទៅ​ពួន​ក្នុង​ព្រៃ»

អ្នក​ភូមិ​ជប់គគីរ​ខាងកើត បាន​ឱ្យ​ដឹង​ថា ឈ្មោះ យ៉ង់ សំអាត ដែល​ប្រើ​អាវុធ​បាញ់​ដោយ​ខឹង​ម្ដាយ​​ឯង​នោះ គឺ​ជា​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្នុង​ស្រុក​បន្ទាយអំពិល។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​គេ​នៅ​តែ​មាន​កង្វល់​លើ​​បញ្ហា​ទាហាន​ខ្លះ ប្រើ​អាវុធ​គំរាមកំហែង​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ នៃ​ខេត្ត​នេះ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ចុះ​ស្រាវជ្រាវ​ករណី​កូន​ប្រើ​អាវុធ​បាញ់​សំដៅ​ម្ដាយ​ឯង​នេះ​នៅ​​ពេល​ឆាប់ៗ។ បន្ថែម​លើ​ការ​អង្កេត​អង្គការ​អាដហុក ក៏​បាន​ប្រាប់​រឿង​ទៅ​មន្ត្រី​តុលាការ ដើម្បី​ឱ្យ​ជួយ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដែរ។

លោក ស្រី ណារ៉េន៖ «កន្លង​មក​ហ្នឹង​យើង​ធ្លាប់​បាន​និយាយ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ ​បាញ់​គំរាម​ទៅ​លើ​ប្រជាពលរដ្ឋ។ យើង​ស្នើ​ឱ្យ​គ្រប់​មេបញ្ជាការ​តាម​អង្គភាព​ខាង​ទាហាន​ហ្នឹង សុំ​ឱ្យ​មាន​ការ​រឹត​បន្តឹង ពី​ព្រោះ​យើង​មាន​ការ​ព្រួយ​បារម្ភ បើ​សិន​ជា​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុម​យោធិន​កាន់​អាវុធ​សេរី​អ៊ីចឹង គឺ​គាត់​នៅ​តែ​ដើរ​បាញ់​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ អ៊ីចឹង​វា​ជា​រឿង​មួយ​ដែល​ខុស​ច្បាប់ ហើយ​មួយ​ទៀត​ឱ្យ​គាត់​ហ្នឹង​មាន​ភាព​ថ្លៃថ្នូរ​ផង បើ​សិន​ជា​គាត់​ជា​ទាហាន ហើយ​នៅ​តែ​បាញ់​តាម​អំពើ​ចិត្ត អា​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ»

​ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧត្ដម​សេនីយ៍ ម៉ុក សុវណ្ណ ដែល​ជា​មេ​បញ្ជាការ​យោធា​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ពង្រឹង​វិន័យ​យោធា​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នោះ​បាន​ថា យ៉ាង​ណា​នៅ​ឡើយ។ ជា​ច្រើន​លើក​មក​ហើយ​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល​នេះ គេ​មិន​ដែល​ឃើញ​មាន​ការ​ដាក់​វិន័យ​ណា​មួយ​ទៅ​លើ​​អ្នក​ទាំង​នោះ​ទេ។

អង្គការ​អាដហុក ឱ្យ​ដឹង​ថា ចាប់​ពី​អំឡុង​ខែ​មេសា រហូត​មក​ដល់​ពេល​នេះ កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​ហិង្សា​លើ​ជន​ស៊ីវិល ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ៤​លើក​ហើយ។

​ក្រុម​អ្នក​ភូមិ​ជប់គគីរ​ខាង​កើត ខ្លះ ​បាន​ឱ្យ​ដឹង​ថា នៅ​តំបន់​ពួកគេ ពេល​ដែល​មាន​​បុណ្យ និង​រាំ​កម្សាន្ត​ម្ដងៗ គេ​ឃើញ​ទាហាន​ខ្លះ​តែង​ស្ពាយ​កាំភ្លើង​ច្រងេងច្រងាង​ចូល​មក។ ពួក​គេ​មិន​ចង់​ឃើញ​ទាហាន​ យក​អាវុធ​មក​ជាប់​ខ្លួន នៅ​ពេល​មិន​ចាំ​បាច់ ដូច​ជា​ការ​ចូល​​រាំ​លេង​ជាមួយ​អ្នក​ភូមិ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។