កងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ប្រដាប់ដោយដំបង នៅរសៀលថ្ងៃទី១៩ ខែមករា បំបែកក្រុមសង្គមស៊ីវិល រួមទាំងអ្នកកាសែត ដែលប្រមូលផ្ដុំគ្នានៅមុខវត្តឧណ្ណាលោម ហើយបម្រុងនឹងទៅធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ៖
ទាក់ទងនឹងការចាប់ខ្លួនលោក សុខ ឈុនអឿង នេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានមានប្រសាសន៍នៅថ្ងៃ១៩ មករា នេះថា សកម្មភាពរបស់កងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ប្រមាណ ១០០នាក់ ប្រដាប់ដោយដំបង បំបែកក្រុមប្រជាពលរដ្ឋ និងសង្គមស៊ីវិល គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីព្រោះពួកគេគ្រាន់តែជួបជុំគ្នាគ្រោងរៀបចំពិធីបួងសួងតាមបែបព្រះពុទ្ធសាសនា នៅមុខព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំងប៉ុណ្ណោះ។
លោក អំ សំអាត៖ «តាមពិតទៅរឿងហ្នឹង វាមិនសមចាប់ខ្លួនគាត់ទេ ព្រោះពិធីនេះ គឺពិធីជួបជុំបួងសួងតាមបែបសាសនា ហើយមិនឲ្យជួបធ្វើទេ ហើយការធ្វើនេះ ក៏មិនមានមនុស្សច្រើន គឺមានមនុស្សតិចទេ។ យើងមើលទៅសិទ្ធិសេរីភាពបញ្ចេញមតិក្នុងអំឡុងនេះ ធ្លាក់ចុះយ៉ាងធ្ងន់មែនទែន ហើយស្ថានភាពសិទ្ធិមនុស្សក៏ត្រូវធ្លាក់ចុះយ៉ាងធ្ងន់ដែរ...»។
លោក អំ សំអាត មានប្រសាសន៍បន្តថា កាលពីយប់ថ្ងៃទី១៩ មករា នេះ រូបលោកផ្ទាល់ មេធាវីពីអង្គការលីកាដូ និងមេធាវីពីខាងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានព្យាយាមសុំជួបលោក សុខ ឈុនអឿន ដែលកំពុងជាប់ឃុំនៅស្នងការក្រុង ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យជួបឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
