ពន្ធនាគារ​កាន់​តែ​ចង្អៀត​ណែន​ក្រោយ​ពី​អាជ្ញាធរ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន

ដោយ យ៉ង ចាន់តារា
2017.01.18
អ្នក​ទោស​ក្នុង​ពន្ធនាគារ​ប៉ៃលិន ២០១១ ៨៥៥ ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
Photo: RFA

មន្ត្រី​ពន្ធនាគារ​អះអាង​ថា ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​បាន​កើន​ឡើង​យ៉ាង​គំហុក បន្ទាប់​ពី​រដ្ឋាភិបាល​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។ បញ្ហា​នេះ បាន​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ការ​ខ្វះខាត​បន្ទប់​ឃុំឃាំង អនាម័យ ម្ហូប​អាហារ និង​សុវត្ថិភាព​របស់​អ្នក​ជាប់​ឃុំ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ជន​ជាប់​ឃុំ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ មករា ថា ខាង​ពន្ធនាគារ​កំពុង​ជួប​ប្រទះ​បញ្ហា​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​ឃុំ ក្រោយ​ពេល​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿង​ញៀន បញ្ជូន​មក​កាន់​ពន្ធនាគារ​កាន់​តែ​ច្រើន។

លោក​បន្ត​ថា បញ្ហា​នេះ​បាន​បង្ក​ជា​រឿង​ស្មុគស្មាញ​ចំពោះ​ការ​គ្រប់គ្រង​ពន្ធនាគារ៖ «ចំពោះ​ដំណោះស្រាយ​បឋម និង​ជា​បន្ទាន់​នោះ គឺ​យើង​មើល​លទ្ធភាព​ពន្ធនាគារ​ដទៃ​ដែល​មាន​លទ្ធភាព​អាច​ទទួល​យក​ការ​ផ្ទេរ​អ្នក​ដែល​នៅ​កន្លែង​ចង្អៀត​ខ្លាំង ទៅ​កន្លែង​ដែល​មិន​សូវ​ចង្អៀត»

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​សាងសង់​អគារ​ឃុំឃាំង​បន្ថែម​នៅ​តាម​មណ្ឌល​កែប្រែ​តាម​បណ្ដា​ខេត្ត​នៅ​ទូទាំង​ប្រទេស ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នេះ។

រដ្ឋាភិបាល​បាន​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​សម្រាប់​រយៈពេល ៦​ខែ ដោយ​ចាប់​ផ្ដើម​ពី​ខែ​មករា ដល់​ខែ​មិថុនា ខាង​មុខ។ គ្រាន់​តែ​រយៈពេល ២​សប្ដាហ៍​នៃ​ការ​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​បាន​ចំនួន​ជាង ៥០០​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ១​ពាន់​នាក់។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ព្រួយ​បារម្ភ​ជុំវិញ​បញ្ហា​នេះ។ លោក​ថា ការ​ចង្អៀត​ណែន​នៃ​មន្ទីរ​ឃុំឃាំង នឹង​បង្ក​ជា​ហានិភ័យ​ជាច្រើន ដូចជា​ការ​រំលោភ​សិទ្ធិ អំពើ​ហិង្សា និង​សុវត្ថិភាព​អ្នក​ជាប់​ឃុំ​ជាដើម ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​គិតគូរ និង​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់៖ «វា​ប៉ះពាល់​តាំង​ពី​ការ​គេង អនាម័យ របប​ហូប​ចុក បរិស្ថាន​ផ្សេងៗ​ក្នុង​ពន្ធនាគារ ហើយ​ជាពិសេស​គឺ​ជំងឺ​ឆ្លង។ ទី​ពីរ យើង​បារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​នៅ​ក្នុង​ពន្ធនាគារ។ បញ្ហា​កើត​ឡើង​រវាង​អ្នក​ទោស និង​អ្នក​ទោស កាលណា​ចង្អៀត​ណែន​ពេក​ទៅ វា​ធ្វើ​ឲ្យ​ថប់​អារម្មណ៍។ អ៊ីចឹង​វា​អាច​បង្ក​ជា​ជម្លោះ​ផ្សេងៗ មាន​ការ​វាយតប់​គ្នា​ជាដើម។ បញ្ហា​ទី​បី វា​អាច​មាន​ហានិភ័យ​កើត​ឡើង កាលណា​ច្រើន​ពេក ពន្ធនាគារ​នីមួយៗ​មាន​មន្ត្រី​តិច មិន​អាច​គ្រប់​បាន វា​អាច​មាន​ឧបទ្ទវហេតុ​ផ្សេងៗ​ក្នុង​នោះ»

តួលេខ​អ្នក​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស មាន​ប្រហែល ២​ម៉ឺន ២​ពាន់​នាក់ ក្នុង​នោះ​ជាង ៤០​ភាគរយ គឺ​ជា​អ្នក​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន។

ក្រៅ​ពី​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ មណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន ក៏​អាច​នឹង​មាន​បញ្ហា​ប្រឈម​ដូច​គ្នា​នេះ​ដែរ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ បញ្ជាក់​ថា ចំនួន​មណ្ឌល​ស្ដារ​នីតិសម្បទា​នៅ​ទូទាំង​ប្រទេស នឹង​មិន​គ្រប់គ្រាន់​ឡើយ បើ​សិន​ជា​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ការ​កើន​ឡើង​ច្រើន​បែប​នេះ៖ «យន្តការ​ក្នុង​ការ​ស្ដារ​នីតិសម្បទា យើង​មាន ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​ទីកន្លែង​សម្រាប់​ផ្តល់​សេវា​ស្ដារ​នីតិសម្បទា​ហ្នឹង នៅ​ពេល​ខាង​មុខ​វា​អាច​មាន​ការ​ចាល់ បើ​សិន​ជា​ចំនួន​អ្នក​ប្រើប្រាស់ (គ្រឿង​ញៀន) ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ចំនួន​ច្រើន»

មណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​១០ ក្នុង​នោះ ៧ គ្រប់គ្រង​ដោយ​រដ្ឋ និង ៣ ទៀត គ្រប់គ្រង​ដោយ​ឯកជន។ ក្រៅ​ពី​នេះ មាន​មណ្ឌល​សុខភាព និង​មន្ទីរ​បង្អែក​ចំនួន ២៦៨​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​ទទួល​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន។

រដ្ឋាភិបាល​គ្រោង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្នាក់​ជាតិ​មួយ​កន្លែង​នៅ​លើ​ផ្ទៃដី​ទំហំ ២០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​ការ​ព្យាបាល និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​អ្នក​ញៀន​គ្រឿង​ញៀន ប៉ុន្តែ​ដោយសារ​កង្វះ​ខាត​ថវិកា គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។