មនុស្សជាង ២ពាន់នាក់ ជួបជុំគ្នារាំចង្វាក់ម៉ាឌីហ្ស៊ុន ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី នៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៦ ធ្នូ។
មន្ត្រីកម្មវិធីទប់ស្កាត់អំពើហិង្សាលើស្ត្រី នៃអង្គការសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចលើស្ត្រី ហៅកាត់ថា យូអិន-វូម៉េន (UN-WOMEN) លោក ផុន វុត្ថា ថ្លែងថា កម្មវិធីរាំចង្វាក់ម៉ាឌីហ្ស៊ុននេះ ធ្វើឡើងដើម្បីឲ្យសាធារណជនយល់ដឹងអំពីហិង្សាលើស្ត្រី ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ លោកថា មានស្ត្រីម្នាក់ក្នុងចំណោម ៥នាក់ បានរងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច៖ «យើងទាំងអស់គ្នាត្រូវចូលរួមធ្វើម៉េច ស្វែងយល់ និងគិតពីពិធីសាស្ត្របែបណា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី ជាពិសេសគឺនាំសារទាក់ទងនឹងយុទ្ធនាការ ១៦ថ្ងៃរបស់យើងឆ្នាំនេះ គឺអំពើហិង្សាលើស្ត្រីជាទង្វើមិនអាចទទួលយកបានទេ ហើយកុំទម្លាក់កំហុសលើជនរងគ្រោះ»។
មន្ត្រីក្រសួងកិច្ចការនារី និងអង្គការធ្វើការលើកស្ទួយសិទ្ធិស្ត្រីមួយចំនួនទៀត បានរៀបចំឲ្យមានព្រឹត្តិការណ៍នេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ ១៦ថ្ងៃ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។
សាធារណជនដែលចូលរួមរាំចង្វាក់ម៉ាឌីហ្ស៊ុន បានពាក់អាវយឺតពណ៌ទឹកក្រូច ដែលមានសរសេរពាក្យថា "អំពើហិង្សាជាទង្វើមិនអាចទទួលយកបាន កុំទម្លាក់កំហុសលើជនរងគ្រោះ" ដែលជាសារសម្រាប់យុទ្ធនាការឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
