ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ដែលមានទីស្នាក់ការនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងដាក់បណ្ដឹងមួយទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងរកចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ Neak Reach ដែលបានគំរាមសម្លាប់រូបលោកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងពាក្យបណ្ដឹងមួយដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ បង្ហាញថា លោក ជា ហ៊ាន ដែលជាប្រធានអង្គការដែលតែងតែចុះល្បាតព្រៃតាមជួរភ្នំក្រវ៉ាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចោទប្រកាន់ចំឈ្មោះលោក យឹម សុផាន់ ជាអតីតមន្ត្រីបម្រើការងារនៅបញ្ជាការដ្ឋានកងអង្គរក្ស ថាជាប់ពាក់ព័ន្ធនឹងការរកស៊ីបទល្មើសព្រៃឈើតាំងពីឆ្នាំ២០០៧ និងបានគំរាមសម្លាប់រូបលោក។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន មានប្រសាសន៍ថា ឈ្មោះ យឹម សុផាន់ មានចេតនាសម្លាប់លោក ដោយគំរាមតាមសារហ្វេសប៊ុក បន្ទាប់ពីលោកសុំអន្តរាគមន៍ទៅជំនាញរដ្ឋបាលព្រៃឈើឲ្យចាប់រថយន្តដឹកឈើរបស់គេ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ប៉ុន្តែជំនាញចាប់មិនបាន៖ « តាមពិតឈ្មោះហ្នឹងជាមន្ត្រីយោធា អា . សេ . អូ (ACO) បន្ទាប់មកមានរឿងអាស្រូវច្រើនទាក់ទងនឹងបទល្មើសព្រៃឈើ។ អ៊ីចឹងក៏បានចេញពីមួយអង្គភាពទៅមួយអង្គភាពទៀត។ គេ ( លោក យឹម សុផាន់ ) ថាបើម្ចាស់គេប្រើវាមិនជាប់ទេ ហើយកាន់តែធ្លាប់ជាងមុនទៀត។ អ៊ីចឹងមានន័យថា ពេលគេប្រើហើយ គឺអត់មានអ្នកណាចាប់គេដាក់ពន្ធនាគារបានទេ ហើយមនុស្សហ្នឹងអាចធំជាងមុនទៀត ឡើងឋានន្តរសក្ដិធំជាងមុន »។
លោកបន្ថែមថា ឈ្មោះ យឹម សុផាន់ បានទូរស័ព្ទសុំជួបលោកនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ប៉ុន្តែលោកបដិសេធមិនជួប ដោយលោកដឹងថាលោក យឹម សុផាន់ ច្បាស់ជានិយាយរឿងដឹកឈើកាលពីយប់។
ក្រោយមក លោក យឹម សុផាន់ បានប្រមាថអាយុជីវិតលោកតាមរយៈសារហ្វេសប៊ុកថា សម្រាប់ ជា ហ៊ាន មួយ មិនចាំបាច់ប្រើខ្លាទេ ប្រើតែកូនឆ្កែមួយក្បាលវាធំពេកផង។ ហើយលោកក៏បានតបទៅវិញថា បើវាហ៊ានខាំ វានឹងជាប់ច្រវាក់។ ភ្លាមនោះម្ចាស់ហ្វេសប៊ុកឈ្មោះ Neak Reach បានតបមកវិញថា ឆ្កែហ្នឹងបើម្ចាស់វាប្រើមិនងាយជាប់ច្រវាក់នោះទេ វាមានតែធាត់ជាងមុន ជា ហ៊ាន ឯងដែលឮឬអត់។
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២៣៣ ចែងថា បទគំរាមកំហែងថានឹងសម្លាប់កាលបើការគំរាមនេះធ្វើឡើងម្ដងហើយម្ដងទៀត ឬសម្ដែងចេញតាមលិខិត រូបភាព វត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលដល់ ៤លានរៀល។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក យឹម សុផាន់ ថាលោកបានសរសេរសារដូច្នោះមែន ប៉ុន្តែលោកមិនគំរាម ឬមានចេតនាចង់សម្លាប់លោក ជា ហ៊ាន នោះទេ។ បើលោកចង់សម្លាប់ កាំភ្លើងមាននៅក្នុងដៃ ចាំបាច់អ្វីគំរាមឲ្យគេចាប់ភស្តុតាងបាននោះ។ លោកបដិសេធទាំងស្រុងដែលថា លោកជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ប៉ុន្តែលោក ជា ហ៊ាន ចេះតែរករឿងចោទប្រកាន់រូបលោក៖ « ខ្ញុំនឹកឃើញថា ក្រែងគាត់ឃើញអីទៅលំបាកសួរមកខ្ញុំ ខ្ញុំក៏ប្រាប់ថា លោក ហ៊ាន បើលោកឃើញឡានខ្ញុំរត់អីកុំឆ្ងល់ណា ព្រោះកូនចៅវាខ្ចីយកទៅដឹកឈើចាស់។ ពីរឆ្នាំហើយយកទៅទុកផ្ញើនៅគេ ខ្ញុំឲ្យវាចាក់ប្រេង ឲ្យថ្លៃកម្លាំងលើកទៅបានហើយ។ ខ្ញុំអត់យកលុយពីវាទេ។ ដល់ពេលព្រឹកឡើងឃើញមានព័ត៌មានដាក់ទៅដែនជម្រកឱរ៉ាល់ ដាក់មកឯកឧត្ដមអភិបាលខេត្ត ដាក់ថាសុំឲ្យមានវិធានការដើម្បីចាត់ការឡានលោក ផាន់ ដឹកម្រេញ ចេញកាត់មុខទីស្នាក់ការ ពីស្រុកឱរ៉ាល់ ទៅស្រុកភ្នំស្រួច។ ខ្ញុំក៏ដាក់ទៅវិញរបៀបលេងទេ សម្រាប់លោក ហ៊ាន ឯង បើគេចង់ធ្វើអីប្រើតែកូនឆ្កែមួយក្បាល ខ្ញុំថតកូនឆ្កែខ្មៅបង្ហោះទៅឲ្យទៀត ហើយគេសរសេរតបនិយាយតែគេណោះ ខ្ញុំមានរឿងអីត្រូវសម្រាប់លោក ហ៊ាន »។
លោក យឹម សុផាន់ បន្ថែមថា សព្វថ្ងៃលោកមានរោងសិប្បកម្មឈើមួយនៅខេត្តកំពង់ស្ពឺ មានច្បាប់ត្រឹមត្រូវ ចំណែកឡានរបស់លោកមួយគ្រឿង បានជួលឲ្យកូនចៅដើម្បីដឹកឈើចាស់ៗ ឬគ្រឿងផ្ទះមិនមែនជាឈើប្រណីត ឬឈើខុសច្បាប់នោះទេ។ លោកព្រមានប្ដឹងលោក ជា ហ៊ាន វិញបើនៅតែចោទប្រកាន់លោកដោយពុំមានភស្តុតាង ឬភ្ជាប់រូបលោកទៅនឹងបទល្មើសផ្សេងៗតាមរូបភាពក្លែងបន្លំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
