អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​រដ្ឋាភិបាល​បន្ត​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ

0:00 / 0:00

នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្រុម​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា ស្នើ​ដល់​រដ្ឋាភិបាល​បន្ត​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​បញ្ចូល​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ ឬ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​កម្ពុជា រដ្ឋាភិបាល​បាន​បើក​ចំហ​ដល់​គ្រប់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។

ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ខេមរៈ ដោយ​មាន​តំណាង​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល និង​និស្សិត​មក​ពី​តាម​សកល​វិទ្យាល័យ​នានា​ចូល​រួម ហើយ​មានបំណង​បង្ហាញ​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​កំពុង​កើត​មាន​នៅ​កម្ពុជា។

លោក គល់ បញ្ហា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) ស្ថិត​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​ឧបសគ្គ​ជា​ច្រើន​ទាក់ទង​ដំណើរការ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជា​ថ្ងៃ​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​លើក​យក​ប្រធានបទ​ចំនួន ៣​មក​បង្ហាញ មាន​ដូចជា ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ សមភាព​រវាង​ស្ត្រី​និង​បុរស​ក្នុង​វិស័យ​នយោបាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

លោក​បន្ត​ថា ចំណុច​ចម្បង​ទាំង ៣​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ និង​ត្រូវ​ដំណោះស្រាយ​ឲ្យ​បាន​ច្រើន​នៅ​​ថ្ងៃ​អនាគត។

លោក គល់ បញ្ហា បញ្ជាក់​ថា ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ និង​ត្រូវ​ធ្វើ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​ដើម្បី​យក​អំណាច​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។ ជាង​នេះ ការ​កំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ ឬ​ស្នើ រយៈពេល ១០​ឆ្នាំ គឺ​មាន​សារសំខាន់​ក្នុង​ការ​ប្ដូរ​អំណាច​ដឹកនាំ ឬ​នីតិប្រតិបត្តិ​រវាង​អ្នក​នយោបាយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក​ឲ្យ​ដឹង​ថា ស្ថានភាព​ប្រជាធិបតេយ្យ ឬ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អាច​នឹង​មាន​ភាព​ប្រសើរ​នៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ និង​រដ្ឋ​សភា រួមគ្នា​អនុវត្ត និង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ថ្មីៗ​នេះ ជាពិសេស​បាន​បើក​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ពលរដ្ឋ​បាន​សម្ដែង​មតិ​ឡើង​វិញ៖ «យើង​រក​ឃើញ​ចំណុច ៣​ហ្នឹង​ជា​ស្នូល​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អាច​មាន​ការ​រីក​ចំរើន បើ​សិន​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​តាម​ឆន្ទៈ​នយោបាយ ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​រដ្ឋ​សភា ដើម្បី​យក​ទៅ​អនុវត្តន៍។ ចំណុច​ចំនួន ៣ ដែល​យើង​ជួយ​ផ្ដល់​យោបល់​ហ្នឹង យើង​គិត​ថា ប្រហែល​ជា​ជួយ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហ្នឹង​បោះ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​អ្វី​ដែល​ជា​គោលដៅ​ធ្វើ​ឲ្យ​មាន​ភាព​រុងរឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»

ឆ្លើយ​តប​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​បើក​ទូលាយ​ដល់​សិទ្ធិ​បញ្ចេញ​មតិ​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ហើយ​ថា សិទ្ធិ ឬ​លទ្ធិប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​កម្ពុជា បាន​បើក​ទូលាយ​ដល់​គ្រប់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការ​រើស​អើង។

ទោះ​ជា​បែប​នេះ​ក្តី សង្គម​ស៊ីវិល​អះអាង​ថា កម្ពុជា​នៅ​មាន​ឧបសគ្គ ឬ​បញ្ហា​ជាច្រើន មាន​ដូចជា មិន​ទាន់​មាន​ការ​ផ្សះផ្សា​ជាតិ និង​សេរីភាព​បញ្ចេញ​មតិ​ឲ្យ​បាន​ទូលំទូលាយ​ទេ។

ត្រង់​ចំណុច​នេះ លោក ផៃ ស៊ីផាន បញ្ជាក់​ថា នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ហ៊ាន​អះអាង​ថា ប្រទេស​ខ្លួន​មាន​ប្រជាធិបតេយ្យ ១០០​ភាគរយ​ទេ សូម្បី​តែ​សហរដ្ឋអាមេរិក ក៏​ស្ថិត​ក្នុង​ការ​តម្រង់​ទិស​ទៅ​មុខ​ជា​រហូត​ដែរ។ លោក​បន្ត​ថា ទោះ​បី​កម្ពុជា មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​បាន ១០០​ភាគរយ​បែប​ណា​ក្តី ក៏ប៉ុន្តែ​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ ដោយ​គ្មាន​ការ​រើសអើង​ក្រុម ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទេ ជាពិសេស ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០១៤។

លោក ផៃ ស៊ីផាន៖ «នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​យើង​មើល​ឃើញ​អ្វី​ដែល​បាន​ជះ​ពី​ប្រជាធិបតេយ្យ ដែល​យើង​កសាង​បាន គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ហើយ​បាន​ប៉ះ​រហូតដល់​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​យើង។ យើង​ឃើញ​មាន ៧,៥​ភាគរយ នៃ​ផល ជីឌីភី (GDP)។ ចំពោះ​ចំណូល​កើន​ជាង ១​ពាន់​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ៗ។ នេះ​ជា​ហេតុផល​ដែល​យើង​ទទួល​បាន និង​រហូត​ដល់​ពេល​នេះ យើង​កំពុងតែ​អបអរសាទរ​នូវ​អ្វី​ដែល​ជា​ទស្សនាទាន​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​យើង​បាន​ធ្វើ​ច្រើន​ណាស់។ ទាំង​នេះ​គឺ​ជា​សមិទ្ធផល​ដែល​ត្រូវតែ​គោរព ត្រូវតែ​វាយតម្លៃ​ខ្ពស់ និង​មោទនភាព​សម្រាប់​យើង​ជា​ខ្មែរ​ទាំង​អស់​គ្នា»

​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​ឆ្នាំ​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍ អបអរសាទរ​ដូច​គ្នា បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ដែល​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​គាំទ្រ​និង​រំលឹក​ពី​គុណ​តម្លៃ​ជា​សកល​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ចូល​រួម​គាំទ្រ និង​សហការ​ជំរុញ​ឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​រីក​ចម្រើន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។