ខ្មែរ-អាមេរិកាំងប្រមាណជិត ៥០នាក់ បានមកជួបជុំគ្នានៅក្រុងអាននដែល (Annandale) រដ្ឋវឺជីនៀ (Virginia-VA) ដើម្បីពិភាក្សាពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានអង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ឬកាត់ថា ខារ៉ាត់ (CAHRAD) លោក យ៉ប គឹមតឹង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គោលដៅសំខាន់នៃវេទិកាតុមូលនេះ គឺដើម្បីវែកញែកថាតើនៅកម្ពុជា ពិតជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ឬយ៉ាងណា?
លោក យ៉ប គឹមតឹង៖ «ពួកយើងធ្វើកម្មវិធីនេះ ដើម្បីរំលឹកបុណ្យខួបពីរឿងលទ្ធិប្រជាធិបតេយ្យ។ យើងធ្វើនេះដើម្បីបញ្ចេញមតិពីខ្មែរអាមេរិកាំង ទៅលើប្រជាធិបតេយ្យនៅស្រុកខ្មែរ សំខាន់ជាងគេ គឺយើងចង់បានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវនៅស្រុកខ្មែរ។ យើងជជែកបកស្រាយ និងយើងចង់ឃើញពិតប្រាកដ ប៉ុន្តែធ្វើកិច្ចការមិនគោរពទៅតាមច្បាប់...»។
ការជួបជុំពិភាក្សាដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ក៏ជាការចូលរួមប្រារព្ធទិវាអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (International Day of Democracy) ១៥ ខែកញ្ញា។
បន្ថែមពីនេះ វេទិកាតុមូលនេះ ក៏ជាឱកាសមួយសំរាប់ពលរដ្ឋខ្មែរ-អាមេរិកាំង បញ្ចេញទស្សនៈនិងយោបល់អំពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២ ខែកក្កដា កន្លងមក។ សំខាន់បំផុតអ្នកចូលរួមចង់ឲ្យខ្មែរនៅក្រៅប្រទេស ទោះបីជាមានទស្សនៈយោបល់ខុសគ្នាក៏ដោយ ប៉ុន្តែអាចធ្វើការរួមគ្នាក្នុងគោលដៅតែមួយ ដើម្បីជំរុញឲ្យមានឯករាជភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
