ក្រុម​តន្ត្រី​ជន​ពិការ​បារម្ភ​ការ​សន្យា​របស់​សាលា​ក្រុង​ជួយ​រក​ការងារ​ថា​អាច​នឹង​គ្មាន​ប្រសិទ្ធភាព

0:00 / 0:00

ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ដែល​តែង​ប្រគំ​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ នៅ​តែ​រិះគន់​សាលា​រាជធានី​ភ្នំពេញ ដែល​ចាត់​វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​ពួក​គេ​មិន​ឲ្យ​ច្រៀង​រៃអង្គាស​ថវិកា​តាម​ទី​សាធារណៈ​ត​ទៅ​ទៀត។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ព្រួយ​បារម្ភ​ថា ការ​សន្យា​របស់​សាលា​ក្រុង​ដែល​ធានា​ជួយ​រក​ការងារ​ជូន​ពួក​គេ អាច​នឹង​គ្មាន​ប្រសិទ្ធភាព ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​នៅ​តែ​រស់នៅ​ក្នុង​ជីវភាព​លំបាក​ដដែល។

ក្រុម​តន្ត្រី​ជន​ពិការ​ដែល​តែង​ច្រៀង​តាម​ដង​ផ្លូវ​សាធារណៈ លើក​ឡើង​ថា ពួក​គាត់​មិន​មាន​ជំនឿ​ក៏​ដោយសារ​តែ​មក​ដល់​ពេល​នេះ ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ផ្នែក​ការងារ​ណា​មួយ​នៅ​ឡើយ​ពី​សាលា​រាជធានី​ភ្នំពេញ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​នៅ​តែ​បន្ត​រស់នៅ​ក្នុង​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​ហូប​ចុក ស្នាក់នៅ និង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ជាដើម។

ការ​លើក​ឡើង​របស់​ជន​ពិការ​ដែល​តែង​ប្រគំ​តន្ត្រី​តាម​ផ្សារ និង​តាម​ដង​ផ្លូវ​សាធារណៈ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​មិន​ឲ្យ​ច្រៀង​រៃអង្គាស​ថវិកា​តាម​ទី​សាធារណៈ និង​សន្យា​ធានា​ជួយ​រក​ការងារ​ជូន​ជន​ពិការ​ឲ្យ​មាន​ជីវភាព​សមរម្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។ វិធានការ​នេះ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​តាម​ទី​សាធារណៈ ថែ​រក្សា​សេចក្តី​ថ្លៃថ្នូរ​សង្គម។

ជា​ជន​ពិការ​ភ្នែក​ម្នាក់ និង​ជា​សមាជិក​ក្រុម​តន្ត្រី​ជន​ពិការ ដែល​តែង​ប្រកប​អាជីព​ច្រៀង​រៃអង្គាស​ប្រាក់​តាម​ស្តុប​សាធារណៈ លោក ចាប់ តូ បាន​ឲ្យ​ដឹង​ថា រូប​ខ្លួន​មិន​ទាន់​ទទួល​បាន​ការ​ឧបត្ថម្ភ​ណា​មួយ​ពី​រដ្ឋាភិបាល ពិសេស​ដំណោះស្រាយ​ការងារ​ណា​មួយ​ឡើយ​ពី​សាលា​ក្រុង។ លោក​ថា វិធានការ​ឲ្យ​បញ្ឈប់​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ​របស់​សាលា​ក្រុង​នៅ​ពេល​នេះ គឺ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ជន​ពិការ ពិសេស​វិធានការ​នេះ​ជា​ការ​រំលោភ​ផ្នែក​សេដ្ឋកិច្ច​របស់​គ្រួសារ​ជន​ពិការ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា ទោះ​ជា​សាលា​ក្រុង​ធានា​ថា​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល ឬ​ការងារ​សមរម្យ​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​លោក​នៅ​តែ​ព្រួយ​បារម្ភ​ថា វិធានការ​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព ព្រោះ​ជន​ពិការ ពិសេស​យុវជន​ពិការ​នៅ​តែ​មាន​ការ​រើសអើង មិន​ថា​ស្ថាប័ន​រដ្ឋ និង​ឯកជន​នោះ​ឡើយ តែង​ចង់​បាន​អ្នក​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ប៉ុណ្ណោះ៖ « ទោះ​បី​ជា​ជន​ពិការ​មាន​សមត្ថភាព​គ្រប់គ្រាន់​យ៉ាង​ណា​ក៏ដោយ ក៏​ពួក​គាត់​មិន​ផ្ដល់​ឱកាស​ដល់​ជន​ពិការ។ គាត់​អាង​តែ​គាត់​អាច​រក​មនុស្ស​បាន គាត់​មិន​ខ្វល់​ពី​ជន​ពិការ​ដូច​ពួក​ខ្ញុំ​នោះ​ទេ។ ដូច្នេះ​នៅ​តែ​មាន​ការ​រើសអើង​ច្រើន​សម្រាប់​ជន​ពិការ »

ទាក់ទង​នឹង​វិធានការ​របស់​អាជ្ញាធរ​ក្រុង​នេះ​ដែរ អ្នក​ចម្រៀង​ម្នាក់​ទៀត លោកស្រី ណុប សុធា ពិការ​ភ្នែក​ទាំង​សង​ខាង បាន​រៀបរាប់​ដែរ​ថា បើ​ទោះ​ជា​វិធានការ​របស់​សាលា​ក្រុង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម ប៉ុន្តែ​រដ្ឋាភិបាល​គួរ​តែ​សាងសង់​កន្លែង​ណា​មួយ​សមរម្យ​ដល់​ជន​ពិការ ដើម្បី​បន្ត​អាជីព​នេះ​បន្ត​ទៀត។ លោកស្រី​ថា លោកស្រី និង​ជន​ពិការ​ដទៃ​ទៀត ចាត់​ទុក​របរ​ដើរ​ច្រៀង​តាម​ស្តុប​ជា​របរ​តែ​មួយ​គត់​ដែល​អាច​បន្ត​ជីវិត​រស់នៅ ប្រសើរ​ជាង​ចាប់​អាជីព​ជា​អ្នក​សុំ​ទាន៖ « បើ​ទោះ​ជា​សាលា​ក្រុង​មិន​ឲ្យ​ច្រៀង​តាម​ស្តុប​ក្តី តែ​ខ្ញុំ​សូម​ឲ្យ​សាលា​រាជធានី រក​ទីតាំង​ណា​មួយ​ដែល​សមរម្យ ព្រោះ​បង​ប្អូន​មាន​ជីវិត​រស់នៅ​បាន គឺ​អាស្រ័យ​លើ​របរ​នេះ »

ចំណែក​ឯ​បុរស​ចំណាស់​ពិការ​ភ្នែក​ទាំង​សង​ខាង លោក ប៉ែន លីហេង បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រងូតស្រងាត់​ដែរ​ថា លោក​បាន​បញ្ឈប់​សកម្មភាព​ច្រៀង​ជា​ក្រុម​មួយ​រយៈ ក្រោយ​វិធានការ​របស់​សាលា​ក្រុង ប៉ុន្តែ​លោក​បាន​ប្ដូរ​មក​ច្រៀង​ម្នាក់​ឯង​វិញ ដោយ​ដើរ​ច្រៀង​តាម​សួនច្បារ ឬ​តាម​ទីផ្សារ ព្រោះ​មិន​អាច​បន្ត​រង់ចាំ​ការងារ​របស់​សាលា​ក្រុង​បាន​ឡើយ។ លោក​បន្ត​ថា លោក​មិន​ជំទាស់​វិធានការ​សាលា​ក្រុង​នោះ​ទេ ប៉ុន្តែ​លោក​មិន​សូវ​មាន​ជំនឿ​លើ​ការ​សន្យា​ជួយ​រក​ការងារ​របស់​សាលា​ក្រុង​នោះ​ឡើយ ព្រោះ​វិធានការ​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជា​មុន ដើម្បី​ដឹង​ពី​តម្រូវ​ការ​ចាំបាច់ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជន​ពិការ ដែល​ប្រកប​របរ​ច្រៀង​តាម​ទី​សាធារណៈ​នោះ​ឡើយ៖ « បើ​សិន​ជា​សាលា​ក្រុង​បិទ​មិន​ឲ្យ​ជន​ពិការ​ដើរ​លេង មិន​ឲ្យ​ច្រៀង​តាម​សាធារណៈ​អី​ហ្នឹង សាលា​ក្រុង​គួរ​តែ​យល់ និង​ពិចារណា​ឲ្យ​ច្បាស់​អំពី​រឿង​បញ្ឈប់​មិន​ឲ្យ​ច្រៀង ព្រោះ​បង​ប្អូន​មន្ត្រី​ទាំងអស់​ហ្នឹង ធ្វើ​ការ​ក៏​ចង់​បាន​លុយ​ដែរ ហើយ​ពួក​ខ្ញុំ​ពិការ​ក៏​ដូច​គ្នា គ្រាន់​តែ​តាម​របៀប​ផ្សេង​គ្នា »

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​អង្គការ​សកម្មភាព​លើ​ជន​ពិការ​ដើម្បី​អភិវឌ្ឍន៍ កញ្ញា នូ វ៉ានី ឲ្យ​ដឹង​ថា បច្ចុប្បន្ន អង្គការ​កញ្ញា​បាន​ជួយ​បង្កើត​ការងារ​មនុស្ស​ចាស់​ពិការ និង​យុវវ័យ​ពិការ​បាន​ប្រមាណ​ជាង ៥០​នាក់ តាម​រយៈ​ការ​ច្រៀង​ក្នុង​មូលនិធិ​តន្ត្រី​ជន​ពិការ ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​អាច​រក​ប្រាក់​កម្រៃ​បាន​ខ្លះ​គ្រាន់​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ ប៉ុន្តែ​កញ្ញា​ក៏​ព្រួយ​បារម្ភ​ដែរ​ថា វិធានការ​សាលា​ក្រុង​ដែល​គ្រោង​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​រក​ការងារ​តាម​សមត្ថភាព​ជន​ពិការ​នោះ មិន​ទទួល​ជោគជ័យ ព្រោះ​ជន​ពិការ​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់ អាច​នឹង​ពិបាក​ធ្វើ​ការ ឬ​ទទួល​វគ្គ​បណ្តុះបណ្តាល​ណា​មួយ បើ​ធៀប​នឹង​ជន​ពិការ​វ័យ​ក្មេង។ ម្យ៉ាង គម្រោង​របស់​សាលា​ក្រុង​ដែល​គ្រោង​រៀបចំ​ឲ្យ​ក្រុម​តន្ត្រី​ជន​ពិការ​ធ្វើ​ការ​ប្រគំ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​រៀង​រាល់​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ នោះ នឹង​កាន់​តែ​ជំរុញ​ឲ្យ​ជន​ពិការ​កាន់​តែ​មាន​ជីវភាព​ខ្វះខាត ព្រោះ​ទីតាំង​នោះ​ជា​កន្លែង​សក្ការៈ មិន​មែន​ជា​ទី​ប្រមូល​ផ្តុំ​មនុស្ស​ដូច​តាម​ស្តុប​នោះ​ឡើយ៖ « សាលា ( សាលា​រាជធានី ) គួរ​តែ​រើស​ទីតាំង​ណា​ខុស​ពី​វត្ត​ភ្នំ រក​ទីតាំង​ណា​ដែល​អ៊ូអរ មិន​មែន​ជា​ទី​សក្ការៈ​ណា​ទេ។ ចឹង​បាន​ការ​ដោះស្រាយ​នេះ​មាន​ប្រសិទ្ធភាព »

ទាក់ទិន​នឹង​ករណី​នេះ​ដែរ ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ត្រូវ​មាន​យន្តការ​ច្បាស់លាស់ និង​ត្រូវ​ធានា​ដោះស្រាយ​ការងារ​ណា​មួយ​ដល់​ជន​ពិការ ដោយ​ឲ្យ​ជន​ពិការ​អាច​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ទើប​វិធានការ​នេះ​មាន​ប្រសិទ្ធភាព៖ « ប្រសិន​បើ​គាត់​គ្រោង​ដោះស្រាយ​រក​ការងារ​ធ្វើ គួរ​តែ​បែង​ចែក​ការងារ​ឲ្យ​ច្បាស់ ថា​យក​គាត់​មក​ហ្នឹង​ធ្វើ​ការងារ​អី ហើយ​គិតគូរ​ប្រាក់​ខែ​គាត់​ប៉ុន្មាន ប្រាក់​ខែ​សមរម្យ​អត់ បើ​យក​គាត់​មក​ឲ្យ​ធ្វើ​ការ​រក​ចំណូល​បាន​តិច​ជាង​ច្រៀង​ចឹង វា​មិន​អាច​ជួយ​សម្រាល​បន្ទុក​ជន​ពិការ​នោះ​ឡើយ »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ នៅ​តែ​អះអាង​ថា វិធានការ​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព សុខភាព និង​ដើម្បី​ធានា​សិទ្ធិ​របស់​បង​ប្អូន​ជន​ពិការ ពិសេស​ដើម្បី​លុប​បំបាត់​ឈ្មួញ​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​តន្ត្រី​ជន​ពិការ។ លោក​បន្ត​ថា សាលា​រាជធានី​មាន​គម្រោង​បញ្ជូន​ជន​ពិការ​ទៅ​កាន់​មណ្ឌល ដោយ​មាន​ការ​ឧបត្ថម្ភ និង​បីបាច់​ថែរក្សា​ត្រឹមត្រូវ រៀបចំ​បណ្ដុះបណ្ដាល​ទៅ​តាម​សមត្ថភាព​របស់​ពួក​គាត់ ព្រម​ទាំង​ជ្រើសរើស​បង​ប្អូន​ពិការ​មួយ​ចំនួន ដើម្បី​មក​បម្រើ​ការងារ​ជាមួយ​សាលា​រាជធានី​ទៅ​តាម​សមត្ថភាព​របស់​ពួក​គេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ មិន​ទាន់​អាច​បញ្ជាក់​ថា ដំណោះស្រាយ​នេះ​នឹង​ចាប់​ដំណើរ​ការ​ពេល​ណា និង​ប្រភេទ​ការងារ​អ្វី​ច្បាស់​នៅ​ឡើយ ព្រោះ​សាលា​ក្រុង និង​ក្រសួង​សង្គមកិច្ច កំពុង​ស្រង់​ចំនួន​ជន​ពិការ​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​កំណត់​ឲ្យ​ច្បាស់​ពី​អត្តសញ្ញាណ​ពិការ​ភាព៖ « យើង​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ទេ ដោយ​រង់ចាំ​ទិន្នន័យ​ដែល​ប្រមូល​បាន​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​ជន​ពិការ​របស់​ក្រសួង​សង្គមកិច្ច នៅ​ឡើយ »

ទិន្នន័យ​សកលលោក​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​សមាជ​ជាតិ​ជន​ពិការ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ បង្ហាញ​ដែរ​ថា បច្ចុប្បន្ន​ក្នុង​ចំណោម​ជន​ពិការ ១០​នាក់ មាន​ជន​ពិការ ៨​នាក់ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​បំផុត ហើយ​ពួក​គេ​រស់នៅ​ក្នុង​ភាព​ឯកោ ដែល​ទាមទារ​ឲ្យ​ប្រទេស​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​លើ​ឱកាស​ការងារ​ជូន​ពួក​គេ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន មាន​ប្រសាសន៍​ថា ដើម្បី​កុំ​ឲ្យ​វិធានការ​នេះ​ប៉ះពាល់​សិទ្ធិ​របស់​ជន​ពិការ​ទាំង​នោះ រដ្ឋាភិបាល​គួរ​តែ​កំណត់​និយម​ន័យ​ឲ្យ​ច្បាស់​ពី​ការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ មុន​នឹង​ឈាន​ដល់​បញ្ឈប់​សកម្មភាព​ពួក​គាត់ ព្រោះ​ជន​ពិការ​ទាំង​នោះ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដូច​មនុស្ស​ទូទៅ​ដែរ៖ « ឥឡូវ​ហ្នឹង​ជន​ពិការ​ទាំងអស់​នោះ​គាត់​មាន​សមត្ថភាព​ជំនាញ​ដើម្បី​រក​រស់ ប៉ុន្តែ​នៅ​ខ្វះ​លទ្ធភាព ព្រោះ​គាត់​មិន​ទៅ​មាន​ទុន​បើក​របរ ឬ​ហាង​ធំ​ដុំ​ណា​មួយ​នោះ​ទេ។ ដូច្នេះ​ហើយ​មាន​តែ​យក​ទី​សាធារណៈ​ខ្លះ ហើយ​កន្លង​មក​ខ្ញុំ​ឃើញ​ថា ឲ្យ​តែ​ចំណាត់​ការ​របស់​រដ្ឋាភិបាល តែ​មិន​បាន​កំណត់​និយមន័យ​ឲ្យ​ច្បាស់​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​យ៉ាង​ណា​ឡើយ »

យ៉ាង​ណា​ក៏ដោយ បើ​ទោះ​ជា​មាន​ការ​បកស្រាយ​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជន​ពិការ​ដែល​តែង​ធ្វើ​សកម្មភាព​ដើរ​ច្រៀង​តាម​ទី​សាធារណៈ​ដើម្បី​រៃអង្គាស​ថវិកា​ដើម្បី​ចិញ្ចឹម​ជីវិត នៅ​តែ​ព្រួយ​បារម្ភ​ថា ដំណោះស្រាយ​របស់​សាលា​ក្រុង​មិន​មាន​ប្រសិទ្ធភាព។ ក្រុម​តន្ត្រី​ជន​ពិការ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ នៅ​តែ​អំពាវនាវ​ឲ្យ​សាលា​ក្រុង ជាពិសេស​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បញ្ឈប់​វិធានការ​ដែល​មិន​បាន​លើក​ទឹក​ចិត្ត​ជន​ពិការ និង​សកម្មភាព​ដែល​រំលោភ​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច​ជន​ពិការ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។