សង្គម​ស៊ីវិល​និង​ជន​ពិការ​ស្នើ​​សាលា​រាជធានី​ផ្ដល់​ទីតាំង​ជន​ពិការ​ប្រគំ​តន្ត្រី​ឲ្យ​បាន​ច្រើន​កន្លែង

ដោយ ខែ សុណង
2017.01.21
តន្ត្រី​ជន​ពិការ ៨៥៥ ២០១៦ ក្រុម​តន្ត្រី​មូលនិធិ​ជន​ពិការ​ប្រគំ​តន្ត្រី​នៅ​ចំណុច​ស្តុប​អាងទឹក​អូឡាំពិក នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Um Raingsy

សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ទីតាំង​គ្រោង​រៀបចំ​ឆាក​ចំនួន ៣​កន្លែង ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី ដើម្បី​បញ្ចប់​ការ​ច្រៀង​នៅ​តាម​ទី​សាធារណៈ​នានា ក្នុង​រាជធានី​ភ្នំពេញ។ ជុំវិញ​ការ​ផ្ដល់​ទីតាំង​នេះ ក្រុម​ជន​ពិការ​មួយ​ចំនួន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ​នៅ​តែ​ក្ដី​ព្រួយ​បារម្ភ​ខ្លះ។

សង្គម​ស៊ីវិល​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ជន​ពិការ និង​ជន​ពិការ ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ផ្ដល់​ទីតាំង​ឲ្យ​ជន​ពិការ​ប្រគំ​តន្ត្រី​ចំនួន ៥​ទីតាំង ឬ​ច្រើន​ជាង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ប្រទាញប្រទង់។

សមាជិក​ក្រុម​តន្ត្រី​ក្ដី​សង្ឃឹម​ថ្មី​នៃ​ជន​ពិការ លោក ឡុង ប៊ុនរ័ត្ន ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ដែល​សាលា​រាជធានី​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ទីកន្លែង​ប្រគំ​តន្ត្រី​ចំនួន​៣ សម្រាប់​ជន​ពិការ ៥​ក្រុម។ លោក​បន្ត​ថា ការ​ផ្ដល់​ទីតាំង​ឲ្យ​ពួកគាត់​ប្រគំ​តន្ត្រី​តែ ៣​ទីតាំង​ដូច្នេះ គឺ​មាន​ការ​ពិបាក​ចំពោះ​បែង​ចែក​ផល​លាភ ដោយសារ​ពួកគាត់​ក្នុង​មួយ​ក្រុមៗ​មាន​ចំនួន​ច្រើន។ លោក​បារម្ភ​ទៀត​ថា តើ​ការ​ចែក​វេន​គ្នា ឬ​ដាក់​កាលវិភាគ​ប្រគំ​យ៉ាង​ដូចម្ដេច «ជា​គំនិត​ខ្ញុំ ខ្ញុំ​គិត​ថា នៅ​កន្លែង​ដែល​យើង​អាច​ទទួល​យក​បាន​នៅ​សួន​សាធារណៈ​ផ្សេងៗ បើ​សិន​ជា​មាន​កន្លែង​ចល័ត​ទីតាំង​ឲ្យ​បាន ១០-២០​កន្លែង វា​កាន់​តែ​ល្អ​ដែរ ដោយសារ​ថា​មនុស្ស​យើង​មាន​ដំណើរ​កម្សាន្ត​ផ្សេងៗ​គ្នា បើ​សិន​យើង​ក៏​បើ​សិន​ជា​បាន​ច្រើន​យើង​ចល័ត​ទៅ​លេង ប្រគំ​ខាង​ណេះ​ខាង​ណោះ យើង​ទទួល​បាន​នូវ​សប្បុរស​ជន​ផង»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​បើក​កិច្ច​ប្រជុំ​មួយ​ ជាមួយ​ជន​ពិការ​ដែល​ច្រៀង​តាម​ទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ​ទីតាំង និង​រៀបចំ​ឆាក​ជូន​ពួកគាត់​ឲ្យ​បាន​សមស្រប។

លោក ប៉ា សុជាតិវង្ស បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា អង្គ​ប្រជុំ​បាន​សម្រេច​ចំនួន ៣​ចំណុច ទី​១ ឯកភាព​បញ្ចប់​ការ​ច្រៀង​តាម​ទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ជំនួស​វិញ​នូវ​ការ​ច្រៀង​តាម​ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ជូន​ចំនួន ៣​ទីតាំង ដែល​មាន​រមណីយដ្ឋាន​វត្តភ្នំ សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួន​ច្បារ​មុខ​វត្ត​បទុមវតី។ ទី​២ មន្ទីរ​សង្គមកិច្ច​រាជធានី ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ជន​ពិការ និង​ទី​៣ មន្ទីរ​សង្គមកិច្ច ត្រូវ​ជួប​ជាមួយ​ជន​ពិការ ស្វែង​យល់​អំពី​សមត្ថភាព​ចំណេះ​ជំនាញ​ដើម្បី​មាន​លទ្ធភាព​ផ្ដល់​ការងារ​ជូន​ពួកគាត់។

ជន​ពិការ​ច្រៀង​តាម​ទី​សាធារណៈ​បច្ចុប្បន្ន​មាន ២១​ក្រុម សរុប​ចំនួន ១៩៤​នាក់ ដោយ​បាន​បែងចែក​ជា​ក្រុម​ប្រគំ​តន្ត្រី​ជា ៥​ក្រុម។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មើល​ឃើញ​ថា ទីតាំង​ទាំង​៣ ដែល​សាលា​រាជធានី​រៀបចំ​ឲ្យ​នៅ​មាន​បញ្ហា​ខ្លះ ជាង​នេះ​ទៅ​ទៀត លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​អនុវត្ត​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា នឹង​ឧបត្ថម្ភ​ឲ្យ​ជន​ពិការ​ទាំង​ឧបករណ៍​តន្ត្រី រថយន្ត និង​ស្បៀង​អាហារ​ជា​ជំនួយ​ផ្សេងៗ​ទៀត ទើប​អាច​បញ្ចប់​ការ​ច្រៀង​តាម​ទី​សាធារណៈ​របស់​ជន​ពិការ​បាន ពីព្រោះ​ពួកគាត់​ប្រកប​របរ​នេះ​សម្រាប់​តែ​ក្រពះ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​ដោយ​ផ្ដល់​ទីតាំង ៣​សិន ហើយ​២ ទីតាំង​ដែល​សុំ​បន្ថែម​ទៀត​នោះ​សាលា​រាជធានី​នឹង​ពិចារណា​នៅ​ពេល​ក្រោយ។ លោក​មិន​ទាន់​អាច​កំណត់​ពេល​វេលា​ថា នឹង​ដំណើរ​ការ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ ពីព្រោះ​នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​សាលា​រាជធានី​ត្រូវ​ធ្វើ​ដូច​ជា​ការ​រៀបចំ​ឆាក ឧបករណ៍​តន្ត្រី និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​ជន​ពិការ នឹង​ត្រូវ​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្នុង​មួយ​ក្រុម ១​លាន​រៀល។

មួយ​សប្ដាហ៍​ក្រោយ ​សាលា​រាជធានី​នឹង​ជួប​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ជន​ពិការ ដើម្បី​ជជែក​លើ​កិច្ចការ​លំអិត​ផ្សេង​ទៀត ក្រោយ​ពី​ការ​កំណត់​ទីតាំង​រួច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។