ជន​ពិការ​ស្នើ​រដ្ឋាភិបាល​បន្ត​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​បញ្ឈប់​ការ​រើសអើង

0:00 / 0:00

ជន​ពិការ​កម្ពុជា ទាំង​មនុស្ស​ចាស់ និង​កុមារ ប្រមាណ ២០០​នាក់ បាន​ប្រារព្ធ​ទិវា​ជន​ពិការ ៣​ធ្នូ ជាមួយ​ក្រសួង​កិច្ចការ​នារី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។ ពួក​គេ​បាន​ស្នើ​ឲ្យ​មាន​ការ​គិតគូរ​ដល់​ជន​ពិការ ទាំង​មុខរបរ ការងារ និង​បច្ចេកវិទ្យា ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​ក្នុង​ជីវភាព​សមរម្យ និង​ដើរ​ទាន់​ការ​អភិវឌ្ឍ​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន។

តំណាង​ជន​ពិការ​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ជំរុញ​ឲ្យ​មន្ត្រី​ស្ថាប័ន​រដ្ឋ និង​ឯកជន បញ្ឈប់​ការ​រើសអើង​លើ​ជន​ពិការ និង​ផ្ដល់​សិទ្ធិ​ស្មើ​គ្នា​ដូច​ពលរដ្ឋ​ដទៃ​ទៀត​នៅ​ចំពោះ​មុខ​ច្បាប់។

នាយក​ប្រតិបត្តិ​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ លោក ចាប តូ ដែល​ជា​ជន​ពិការ​ភ្នែក​មួយ​រូប មាន​ប្រសាសន៍​ថា ជន​ពិការ​បច្ចុប្បន្ន​នៅ​តែ​ទទួល​រង​នូវ​ការ​រើសអើង​នៅ​ក្នុង​សង្គម តាម​រូបភាព​ផ្សេងៗ ដូចជា ការ​មិន​ផ្ដល់​តម្លៃ​ដល់​ជន​ពិការ ការ​មើល​ងាយ ជេរ​ប្រមាថ ការ​កេង​ប្រវ័ញ្ច​លើ​ជន​ពិការ។ រីឯ​ក្រសួង​ស្ថាប័ន​រដ្ឋ កង្វះ​កិច្ច​សហការ​ដល់​ជន​ពិការ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ជន​ពិការ មិន​សម្រួល​ដល់​ពួក​គេ។ ចំណែក​ក្នុង​វិស័យ​ឯកជន ក៏​នៅ​តែ​មាន​ការ​រើសអើង​មិន​ផ្ដល់​ការងារ​ដល់​ជន​ពិការ​ឡើយ បើ​ទោះ​ជា​ពួក​គាត់​មាន​សមត្ថភាព​ដូច​មនុស្ស​ធម្មតា​ក៏ដោយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត និង​សេដ្ឋកិច្ច​របស់​ជន​ពិការ ដែល​មិន​អាច​ឲ្យ​ពួក​គេ​រស់នៅ​ក្នុង​សង្គម​មួយ​មាន​ជីវភាព​សមរម្យ ថ្លៃថ្នូរ និង​មាន​ភាព​ស្មើ​គ្នា​ដូច​មនុស្ស​ដទៃ​បាន។

លោក​ត្អូញ​ថា អាជ្ញាធរ​ដែន​ដី នៅ​ពេល​ពួក​គាត់​ទៅ​សុំ​ច្បាប់​ប្រគំ​តន្ត្រី អភិបាល​ខេត្ត​មិន​ជា​បញ្ហា​អ្វី​ទេ ប៉ុន្តែ​សំខាន់ គឺ​មន្ត្រី​ថ្នាក់​ក្រោម​នៅ​ស្ទើរ​តែ ២៥​រាជធានី​ខេត្ត ច្រើន​មើល​ងាយ​ជន​ពិការ។

ការ​ថ្លែង​នេះ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ជន​ពិការ​ជាតិ​លើក​ទី​១៦ និង​ខួប​លើក​ទី​៣២ ស្ដីពី​សិទ្ធិ​ជន​ពិការ​អន្តរជាតិ ក្រោម​ប្រធានបទ ផ្ដល់​លទ្ធភាព​អាច​ប្រើប្រាស់​បាន រួម​បញ្ចូល​ទាំង​មុខ​របរ ការងារ និង​បច្ចេកវិទ្យា ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព រៀបចំ​ដោយ​នៅ​ក្រសួង​កិច្ចការ​នារី ថ្ងៃ​ទី​២៨ វិច្ឆិកា។

ឆ្លើយ​តប​បញ្ហា​នេះ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ លោក ឯម ច័ន្ទមករា ទទួល​ស្គាល់​ថា ជន​ពិការ​នៅ​តែ​ទទួល​រង​នូវ​ការ​រើសអើង​ពិត​ប្រាកដ​មែន ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​មជ្ឈដ្ឋាន​នានា។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការ​ភាព​ឆ្នាំ​២០១៤-២០១៨ ដើម្បី​បញ្ជ្រាប​ឲ្យ​ក្រសួង​ស្ថាប័ន​ទាំងអស់ យក​ចិត្ត​ទុក​ដាក់​អនុវត្ត និង​បញ្ចូល​កម្មវិធី ដើម្បី​ឲ្យ​ជន​ពិការ​មាន​សិទ្ធិ​ពេញ​លេញ។

លោក ឯម ច័ន្ទមករា បន្ត​ទៀត​ថា ក្រុម​ការងារ​នៃ​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​ផលិត​វីដេអូ​អប់រំ និង​កិច្ច​ពិភាក្សា​នានា ដើម្បី​ចាក់​ផ្សាយ​ឲ្យ​បាន​ច្រើន​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជន​ពិការ​ឆ្នាំ​នេះ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ជន​ពិការ។

ជំរឿន​របស់​ក្រសួង​ផែនការ ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រជាជន​ជាង ១៤​លាន​នាក់ មាន​ជន​ពិការ​ជាង ៣០​ម៉ឺន​នាក់។ ដោយ​ឡែក​ការ​ទទួល​ជន​ពិការ​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន​៤០ គិត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ មាន​ជិត ២​ពាន់​នាក់។ យ៉ាង​ណា ចំនួន​នេះ អង្គការ​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​រិះគន់​ថា ជា​ចំនួន​មួយ​មិន​ទាន់​ឆ្លើយ​តប​តម្រូវ​ការ​របស់​ជន​ពិការ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។