មន្ត្រីពន្ធនាគារព្រៃស នៃមណ្ឌលអប់រំកែប្រែទី២ និយាយថា ការអប់រំគឺជាកាតព្វកិច្ចចម្បងដែលអង្គភាពមួយនេះកំពុងលើកទឹកចិត្ត និងជំរុញឲ្យមានភាពស្នើគ្នាលើវិស័យអប់រំ ជាពិសេសផ្ដោតសំខាន់លើគុណភាពអប់រំ ទាំងលើជំនាញ និងបច្ចេកទេសសម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារ ដូចអ្នកដែលរស់នៅក្នុងសហគមន៍ខាងក្រៅដែរ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ អ្នកស្រី សុខ សម្បត្តិ មានប្រសាសន៍នៅថ្ងៃទី៣១ ឧសភា ថា អ្វីដែលជាដំណោះស្រាយចាំបាច់នៅពេលនេះ និងជាការឆ្លើយតបរបស់អង្គភាពមួយនេះ គឺការអប់រំ។ អ្នកស្រីបន្តថា បើទោះជាពួកគេបានប្រព្រឹត្តបទល្មើស និងកំពុងតែប្រឈមនឹងស្ថានទម្ងន់ទោស ដែលកំពុងបាត់បង់ឱកាសមួយទៅហើយយ៉ាងណាក្ដី។
អ្នកស្រីគិតថា ហេតុនេះមិនគួរទុកឲ្យកុមារនិងអនីតិជនកំពុងជាប់ឃុំ ក្លាយជាបន្ទុកមួយថ្មីទៀតសម្រាប់សង្គម ក្រោយពីពួកគេបានរួចខ្លួនជួបជុំគ្រួសារ និងវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍របស់ពួកគេវិញ ដោយពុំមានជំនាញនិងចំណេះដឹងទៀតនោះឡើយ៖ «ខាងពន្ធនាគារយើងខ្ញុំផ្ដល់ឱកាស ផ្ដល់លទ្ធភាពឲ្យដល់អង្គការ ដែលជាដៃគូ ចូលជួបជួយឧបត្ថម្ភ ផ្ដល់អាហារបំប៉នបន្ថែម ក៏ដូចជាដឹកនាំកុមារដែលពេញអាយុចូលរៀនចេញទៅខាងក្រៅ ជាមួយនិងកុមារផ្សេងៗនៅក្នុងសហគមន៍។ ទាំងអស់នេះហើយគឺជាការយកចិត្តទុកខ្ពស់បំផុតរបស់អគ្គនាយកដ្ឋាន ក៏ដូចជាប្រធានមណ្ឌលទាំងអស់ គឺថា ទទួលយកនូវការណែនាំពីថ្នាក់ដឹកនាំដើម្បីបំពេញភារកិច្ចឲ្យបានល្អប្រសើរ។ ទោះបីថា កូនៗទាំងអស់នោះ ម្ដាយឪពុកគាត់មានទោសទណ្ឌក៏ដោយ តែពួកគាត់មិនមានទោសទេ។ ដូច្នេះគឺសិទ្ធិរបស់គាត់ត្រូវទទួលបាននៅការអប់រំថៃទាំ ជាពិសេសសិទ្ធិចូលរៀនហ្នឹង គឺជាបញ្ហាចម្បង»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកថា នេះជាមធ្យោបាយកសាងសមត្ថភាពបន្ថែមទៀតដល់ទណ្ឌិត នៅគ្រាពួកគេហាក់បាត់បង់សមត្ថភាពរបស់ខ្លួនហើយនោះ។
លោក រ៉ុង ឈុន បន្តលើកទឹកចិត្តដល់មន្ត្រីពន្ធនាគារ និងសាទរនូវអ្វីដែលផ្ដួចផ្ដើមឲ្យមានវគ្គបណ្ដុះបណ្ដាលនៅតាមពន្ធនាគារនេះ៖ «អ៊ីចឹងបើយើងមានកម្មវិធីអប់រំចំណេះទូទៅ ឬក៏ថា កម្មវិធីអប់រំហៅថា បណ្ដុះបណ្ដាលផ្នែកជំនាញ។ ខ្ញុំគិតថា កម្មវិធីនេះល្អប្រសើរ ហើយយើងសាទរក្នុងនាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ពីព្រោះនៅពេលដែលគាត់ដែលថា តុលាការវិនិច្ឆ័យ ឬមួយពិនិត្យ គាត់អត់មានទោស ឬមួយគាត់មិនត្រូវបានជាប់គ្រប់ដែលថា ទៅតាមការវិនិច្ឆ័យគាត់។ ចេញមកហ្នឹងគាត់មានចំណេះវិជ្ជា គាត់មានជំនាញគាត់អាចប្រកបមុខរបរអាចរកចំណូលដើម្បីទ្រទ្រង់ចិញ្ចឹមជីវិតរបស់ពួកគាត់»។
ដោយឡែករបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចុះថ្ងៃទី៣១ ឧសភា ឲ្យដឹងថា មានអ្នកទោសជាអនីតិជនសរុបប្រមាណជិត ៥០០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៤ពន្ធនាគារនៅទូទាំងប្រទេស។ ក៏ប៉ុន្តែរបាយការណ៍សង្កត់ធ្ងន់ថា ចំនួននេះបានធ្លាក់ចុះ បើប្រៀបធៀបដូចគ្នាទៅនឹងឆ្នាំ២០១២។
របាយការណ៍បញ្ជាក់ថា៖ "គឺមួយភាគធំដោយសារអគ្គនាយកដ្ឋានពន្ធនាគារ ថ្មីៗនេះបានផ្លាស់ប្ដូររបៀបកំណត់អ្នកទោសជាអនីតិជន។ ពីមុនអ្នកទោសជាអនីតិជនត្រូវបានកំណត់ថា ជាអ្នកដែលមានអាយុរវាង ១៤ឆ្នាំ និង ១៧ឆ្នាំ នៅពេលដែលពួកគេបានប្រព្រឹត្តបទល្មើស ហើយពួកគេអាចនៅតែចាត់ទុកថា ជាអនីតិជន នៅពេលពួកគេមានអាយុគម្រប់ ១៨ឆ្នាំនៅក្នុងពន្ធនាគារក៏ដោយ។ ប៉ុន្តែបច្ចុប្បន្នអ្នកទោសជាអនីតិជនត្រូវបានកំណត់ឡើងវិញថា ជានីតិជន នៅពេលដែលអ្នកទោសទាំងនោះមានអាយុ ១៨ឆ្នាំ នៅក្នុងពន្ធនាគារ "។
មន្ត្រីពន្ធនាគារព្រៃសនិយាយថា ក្រៅពីធ្វើសមាហរណកម្មពីមិនទាន់មានប្រព័ន្ធអប់រំដល់យុវជន និងទណ្ឌិតជាប់ឃុំនៅក្នុងពន្ធនាគារ ក្នុងនោះ មន្ត្រីដែលបម្រើការនៅមន្ទីរឃុំឃាំងមួយនេះ ចាត់ទុកថា គុកព្រៃស គឺជាទីតាំងនៃការឃុំខ្លួនមួយដែលមានប្រព័ន្ធគ្រប់គ្រងអ្នកទោស និងអ្នកដែលរង់ចាំការជំនុំជម្រះបានល្អប្រសើរជាងពន្ធនាគារផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
ប្រសើរត្រង់ថា មន្ទីរឃុំឃាំងព្រៃស ក្រៅពីមានថ្នាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈហើយនោះ បន្ថែមលើនេះ គុកព្រៃស បានប្រែក្លាយពីមន្ទីរឃុំឃាំងមកជាមជ្ឈមណ្ឌលពហុជំនាញមួយកម្រិតទៀត ដល់ទណ្ឌិតក្នុងពេលបច្ចុប្បន្ន។
មន្ត្រីពេទ្យប្រចាំពន្ធនាគារព្រៃស ឲ្យដឹងកាលពីថ្ងៃទី៣១ ឧសភា ថា ជនជាប់ឃុំទាំងអស់នៅក្នុងមន្ទីរឃុំឃាំងព្រៃស ទទួលបានការព្យាបាលគ្រប់ៗគ្នា ដោយមិនគិតថ្លៃ ហើយប្រព័ន្ធនៃសេវាព្យាបាលអ្នកជំងឺមានភាពទំនើបនិងល្អប្រសើរ បើប្រៀបធៀបទៅនឹងសេវាសុខាភិបាលនៅខាងក្រៅ។
បើទោះជាប្រព័ន្ធនៃការគ្រប់គ្រងនៅក្នុងពន្ធនាគារហាក់មានភាពទំនើបក្ដីក្នុងដំណាក់កាលចុងក្រោយនេះ ក៏ប៉ុន្តែក្ដីកង្វល់កើតឡើងដោយបទល្មើសនៅជាបន្ទុកខ្ពស់ និងកំពុងប្រឈមយ៉ាងខ្លាំងនៅឡើយ។
អ្នកស្រី សុខ សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បញ្ជាក់ថា បើទោះជាប្រព័ន្ធគ្រប់គ្រងនៅក្នុងពន្ធនាគារត្រូវបានកែលំអ និងមានភាពជឿនលឿនជាងមុនក្ដី ប៉ុន្តែថា បទល្មើសដែលបន្តកើតឡើងមិនឈប់ឈរ ជាពិសេសនៅរាជធានីភ្នំពេញ នៅតែជាឧបសគ្គសម្រាប់អង្គភាពមួយនេះនៅឡើយ៖ «ហើយកំណើនមនុស្សក្នុងទីក្រុង ធម្មតាពីជនបទចូលក្រុងហើយ។ដូច្នេះបទល្មើសមកផ្តុំនៅទីក្រុង ដល់អ៊ីចឹងអំពើល្មើសវាកើត នៅទីនេះហ្នឹងវាក៏ច្រើន ហើយអាការដែលទទួលយកមកហ្នឹង គឺវាៗលើសពីអ្វីដែលយើងមាន»។
របាយការណ៍របស់ លោក ខ្លូត តារា ប្រធានមណ្ឌលអប់រំកែប្រែទី២ នៃពន្ធនាគារព្រៃស បញ្ជាក់ថា នៅក្នុងពន្ធនាគារនេះមានការជំរុញឲ្យមានប្រព័ន្ធអប់រំ ដូចនៅក្រៅមន្ទីរឃុំឃាំងដែរ គឺក្រៅពីថ្នាក់កម្រិតជំនាញ និងបច្ចេកទេសសម្រាប់ទណ្ឌិតនោះ នៅមានថ្នាក់រៀនភាសាអង់គ្លេស ជួសជុលម៉ូតូ កាត់សក់ កីឡា និងថ្នាក់អេឡិចត្រូនិកទៀតផង។ លើសពីនេះ ថ្នាក់អនុវិទ្យាល័យ ១ថ្នាក់ និងវិទ្យាល័យ ១ថ្នាក់ ដែលមានសិស្សសរុបជាង ២០នាក់ កំពុងធ្វើប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មក្នុងពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
