សហភាពអឺរ៉ុប ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ដើម្បីបើកផ្លូវឲ្យមានការគោរពសិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្ម និងជួបជុំបញ្ចេញមតិ។ ការស្នើបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
ក្នុងកិច្ចប្រជុំនោះ ភាគីសហភាពអឺរ៉ុប បានលើកឡើងពីបញ្ហាទំនាស់ដីធ្លី បញ្ហាស្ករអំពៅ បញ្ហាជំនួយរបស់សហភាពអឺរ៉ុប មកឲ្យកម្ពុជា ព្រមទាំងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ប្រធានគណៈប្រតិភូកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូរិទ្ទ មានប្រសាសន៍ថា ភាគីទាំងពីរបានពិភាក្សាគ្នាគ្រប់ជ្រុងជ្រោយ និងគ្រប់ចំណុច តាំងពីបញ្ហាពាណិជ្ជកម្មទ្វេភាគី បញ្ហាសិទ្ធិមនុស្ស និងបញ្ហានយោបាយ។ លោកបន្តថា ភាគីកម្ពុជា ក៏បានពន្យល់ភាគីអឺរ៉ុប ថា កម្ពុជា ប្ដេជ្ញាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តែកម្ពុជា ក៏ត្រូវរក្សាសន្តិសុខស្ថិរភាពសង្គមរបស់ខ្លួនដែរ។
នៅក្នុងជំនួបទ្វេភាគីនោះ សហភាពអឺរ៉ុប មិនទាន់បានផ្តល់ជំនួយមកឲ្យកម្ពុជា តាមការគ្រោងទុកឡើយ ដោយរង់ចាំពិភាក្សាគ្នាបន្តទៀត។ សេចក្តីជូនដំណឹងមួយរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ខាងមុខ ដើម្បីជំរុញផ្នែកពាណិជ្ជកម្ម និងពិភាក្សាលើបញ្ហាមួយចំនួនទៀត។
អាជ្ញាធររដ្ឋាភិបាល បានចេញបម្រាមមិនឲ្យមានការជួបជុំធ្វើបាតុកម្មចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ ហើយបម្រាមនេះបានទទួលការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សង្គមស៊ីវិល និងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
