ក្រុមគ្រួសាររបស់មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ចាប់ផ្ដើមស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ និងសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដើម្បីទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកការពារសិទ្ធិទាំងប្រាំរូបឲ្យមានសេរីភាពឡើងវិញ។ ចំណែកមន្ត្រីព្រះរាជវាំងថា តាមបែបបទរដ្ឋបាល ក្រោយការដាក់ញត្តិពីរ ឬបីថ្ងៃ ព្រះមហាក្សត្រនឹងបានទតញត្តិនោះ។
ប្រពន្ធ និងកូនអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ក្រោយរង់ចាំអស់ជាង ៩ខែ ប៉ុន្តែឪពុក និងស្វាមីរបស់ពួកគេនៅតែមិនទទួលបានសេរីភាពនោះ ឥឡូវនេះក្រុមគ្រួសាររបស់មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប មិនអាចនៅស្ងៀមទៀតទេ។ ពួកគាត់បានស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែមករា ដោយពួកគាត់យល់ថា ជាជម្រើសដំបូង និងជាជម្រើសចុងក្រោយបង្អស់ដែលអាចធ្វើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកការពារសិទ្ធិមនុស្សដែលជាក្រុមគ្រួសាររបស់គាត់។
ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយដាក់លិខិតនៅព្រះបរមរាជវាំង កូនស្រីរបស់មន្ត្រីសិទ្ធិមនុស្សអាដហុក អ្នកស្រី លឹម មុន្នី គឺកញ្ញា អ៊ុន ប៊ុណ្ណារី ឲ្យដឹងថា មូលហេតុកញ្ញា និងអ្នកផ្សេងទៀត មកដាក់ញត្តិនៅពេលនេះ ព្រោះមិនឃើញតុលាការទុកសំណុំរឿងនេះនៅស្ងៀម មិនចាត់ការ។ និយាយដោយសម្ដីមួយៗ និងទឹកមុខក្រៀមក្រំ កញ្ញា អ៊ុន ប៊ុណ្ណារី យល់ថា ស្ថាប័នទាំងពីរនេះនឹងអន្តរាគមន៍ និងព្រះរាជអន្តរាគមន៍ អាចឲ្យម្ដាយរបស់កញ្ញា និងមន្ត្រីសិទ្ធិមនុស្សផ្សេងទៀតរួចផុតពីការចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញ៖ «សំណុំរឿងហ្នឹងស្ងាត់ឈឹង ដល់អ៊ីចឹងយើងជាគ្រួសារក្នុងមួយអាទិត្យៗចេះតែរង់ចាំតុលាការមាននីតិវិធីអី តែនៅតែអត់ អ៊ីចឹងឥឡូវគ្រាន់តែចង់សុំឲ្យព្រះមហាក្សត្រ និងសម្ដេចនាយករដ្ឋមន្ត្រីអន្តរាគមន៍ ព្រោះយើងឃើញតុលាការគាត់អត់ធ្វើការតទៅមុខទៀត»។
ក្រុមពលរដ្ឋដែលជាកូន និងភរិយាមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប បានយកញត្តិសុំព្រះរាជអន្តរាគមន៍ពីរច្បាប់ផ្សេងគ្នា ដោយមួយច្បាប់ដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី និងមួយច្បាប់ទៀតដាក់នៅព្រះបរមរាជវាំង នៅថ្ងៃទី២៤ ខែមករា។ លិខិតនោះសរសេរថា អ្នកជាប់ឃុំទាំងប្រាំរូបដែលត្រូវជាប្ដី និងម្ដាយ បានបម្រើការងារនៅសមាគមអាដហុក ដើម្បីអប់រំពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែបែរជារងគ្រោះក្រោយបានជួយជនរងគ្រោះ ឈ្មោះ ខុម ចាន់តាទី។ ជាលទ្ធផល ស្ថាប័នកំពូលទាំងពីរសុទ្ធតែយល់ព្រមទទួលលិខិតសុំអន្តរាគមន៍នេះ។
ចំណែកភរិយារបស់មន្ត្រីអាដហុក លោក យី សុខសាន្ត គឺលោកស្រី ធន បូនីតា និយាយថា ដោយសារការទន្ទឹងរង់ចាំស្វាមីចេញពីពន្ធនាគារកាន់តែយូរទៅៗ ទើបលោកស្រីសម្រេចទទួលថ្វាយព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីដើម្បីសុំឲ្យជួយស្វែងរកយុត្តិធម៌ជូនស្វាមីលោកស្រី។
ខណៈមជ្ឈដ្ឋាននានាយល់ថា ការចាប់ខ្លួនស្វាមីលោកស្រីជារឿងនយោបាយ ប៉ុន្តែលោកស្រី ធន ប៊ុន យល់ថា ការងារស្វាមីលោកស្រី និងមន្ត្រីសិទ្ធិមនុស្សផ្សេងទៀតដើម្បីមានប្រាក់ខែចិញ្ចឹមជីវិត និងបម្រើសង្គម មិនទាក់ទងនឹងគណបក្សនយោបាយណាឡើយ៖ «អត់យល់រឿងនយោបាយគេចាប់សង្គមស៊ីវិលទៅដោះដូរ ខ្ញុំមិនដឹងទេ គ្រាន់តែដឹងថា ប្ដីខ្ញុំគ្មាននិន្នាការនយោបាយខាងណាទេ គាត់ធ្វើការងារបម្រើសង្គម ហើយគាត់មិនបានគិតទេ គាត់ធ្វើនេះបានបុណ្យស័ក្ដិពីខាងណាទេ»។
ការធ្វើសកម្មភាពក្រៅប្រព័ន្ធតុលាការរបស់កូនភរិយាមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប នៅពេលនេះ ស្របពេលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខកខានមិនបានជួបចរចាតាមការកំណត់ចំនួនពីរលើកមកហើយត្រូវបាន។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានរបស់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារាវុធ ឲ្យដឹងថា លោកមិនទាន់ឃើញញត្តិសុំអន្តរាគមន៍នេះនៅឡើយទេ ព្រោះក្រុមគ្រួសារមន្ត្រីសិទ្ធិមនុស្សទាំងនោះដាក់លិខិតតាមច្រកទ្វាររដ្ឋបាលព្រះរាជវាំងដែលជាការទទួលខុសត្រូវរបស់លោក គង់ សំអុល។ តែទោះយ៉ាងនេះក្តី លោកថា តាមបែបបទរដ្ឋបាល យ៉ាងយូរបីថ្ងៃក្រោយញត្តិក្រោមការងារព្រះរាជវាំងនឹងបញ្ជូនលិខិតនោះទៅព្រះមហាក្សត្រ៖ «ពីរថ្ងៃទីបី ល្មមគេសិក្សារួចហើយទៅដាក់ទៅព្រះមហាក្សត្រ»។
មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ទាំង ៥រូបនេះ បានជាប់ពន្ធនាគារ ៩ខែមកហើយ ព្រោះតុលាការក្រុងភ្នំពេញ ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ករណីអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រុមមេធាវីអ្នកទាំងប្រាំរូបស្នើសុំឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំចំនួន ៦ដងមកហើយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
អ្នកនាំពាក្យសមាគមអាដហុក លោក សំ ច័ន្ទគា ប្រាប់ថា សមាគមអាដហុក មិនទាន់រកការអន្តរាគមន៍ណាមួយក្រៅពីការតទល់ផ្លូវច្បាប់នៅតុលាការនោះទេ។ តែទោះយ៉ាងនេះក្ដី លោកយល់ថា សកម្មភាពស្វែងរកអន្តរាគមន៍របស់ក្រុមគ្រួសារមន្ត្រីសិទ្ធិមនុស្សជារឿងត្រឹមត្រូវ៖ «យើងចាំមើលចំណាត់ការរបស់មេធាវីឲ្យអស់លទ្ធភាពសិន អ៊ីចឹងយើងអត់ទាន់ដាក់ស្នើសុំទៅខាងណាទេ»។
ទាក់ទងការចោទប្រកាន់នេះដែរ អង្គការសង្គមស៊ីវិល និងសហគមន៍រងគ្រោះដីធ្លីចំនួន ២៥ ចេញសេចក្ដីថ្លែងការណ៍រួមមួយថ្កោលទោសអាជ្ញាធរកម្ពុជា ដែលមិនព្រមដោះលែងបុគ្គលិកសមាគមអាដហុក រួមមានអ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ព្រមទាំងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា។
សេចក្ដីថ្លែងការណ៍ដែលផ្សាយកាលពីថ្ងៃទី២៣ ខែមករា ក៏អំពាវនាវសាជាថ្មីម្ដងទៀតស្នើឲ្យមានការដោះលែងអ្នកទាំង ៥ ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
