ក្រសួងការបរទេស អះអាងថា ស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តស្រះកែវ ប្រទេសថៃ បានត្រៀមមេធាវី និងឯកសារផ្លូវច្បាប់រួចហើយ ដើម្បីប្ដឹងប្រឆាំងនឹងថៅកែថៃ ដែលបាញ់សម្លាប់ពលករខ្មែរម្នាក់ជាប្រជាពលរដ្ឋនៅខេត្តសៀមរាប។
ក៏ប៉ុន្តែដំណើរការទាមទារសំណង អាចនឹងយឺតយ៉ាវ ដោយសារតែគ្រួសាររបស់អ្នករងគ្រោះ នៅខ្វះឯកសារពាក់ព័ន្ធនឹងអ្នកស្លាប់ ដូចជាមិនមានសំបុត្រកំណើត និងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ជាដើម។
គ្រួសាររបស់បុរសជាពលករដែលថៅកែថៃ នៅខេត្តស្រះកែវ បាញ់សម្លាប់ អំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា ជួយរៀបចំឯកសារផ្នែករដ្ឋបាលពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់គាត់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ពាក្យប្ដឹងទារសំណងជំងឺចិត្ត។
ភរិយារបស់ពលករដែលត្រូវថៅកែថៃ បាញ់សម្លាប់នោះ គឺលោកស្រី ធឹង ហ៊ោន។ លោកស្រីអង្គុយនៅក្រោមផ្ទះឈើ ក្នុងភូមិតាទយ នៃឃុំចារឈូក ស្រុកអង្គរជុំ ដែលជាតំបន់ដាច់ស្រយាល ហើយមានប្រសាសន៍ដោយទឹកមុខស្រពាប់ស្រពោនថា ប្ដីរបស់គាត់ឈ្មោះ ស ង៉ៃ អាយុ ៣១ឆ្នាំ ត្រូវថៅកែថៃ បាញ់សម្លាប់កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ។ ថៅកែថៃ ដែលបាញ់សម្លាប់ប្ដីរបស់គាត់នោះ គឺបណ្ដាលមកពីខឹងនឹងប្អូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ ស សាន ដែលបានទៅស្រឡាញ់កម្មករស្រីម្នាក់ កំពុងធ្វើការឲ្យថៅកែនោះ ហើយថៅកែថៃ មិនព្រមឲ្យកម្មករស្រីទៅរស់នៅជាមួយប្ដីទេ ពីព្រោះខ្លាចគ្មានអ្នកធ្វើការ។ ចំណែកឯជនរងគ្រោះឃើញថៅកែថៃ ខឹងនឹងប្អូនរបស់គាត់ដូច្នេះ ក៏ចេះតែដើរតាមអង្វរ ធ្វើឲ្យថៅកែថៃ ខឹង ក៏ដកកាំភ្លើងបាញ់តែម្ដង។
លោកស្រី ធឹង ហ៊ោន បញ្ជាក់ថា គាត់ទាមទារប្រាក់ថ្លៃជំងឺចិត្តពីថៅកែថៃ ដែលបាញ់សម្លាប់ប្ដីរបស់គាត់ចំនួន ៥០ម៉ឺនបាតប្រាក់ថៃ ស្មើនឹងជាង ១ម៉ឺនដុល្លារអាមេរិក ក៏ប៉ុន្តែគាត់នៅខ្វះឯកសារជាច្រើន ដូចជាសំបុត្រកំណើតរបស់ប្ដី និងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដែលអាចបញ្ជាក់ថាជាប្ដីប្រពន្ធ ជាដើម៖ « ខ្ញុំចង់ទាមទារនេះ គ្រាន់បានលុយមកបន្តិចបន្តួច ដើម្បីរកស៊ីចិញ្ចឹមកូននៅក្នុងបន្ទុក។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយរៀបចំឯកសារ »។
បន្ទាប់ពីបាញ់សម្លាប់ពលករខ្មែរ ថៅកែថៃ រូបនោះត្រូវប៉ូលិសថៃ ចាប់ខ្លួនភ្លាមៗដែរ។
លោកស្រី មុយ ស៊ីថៃ ដែលត្រូវជាម្ដាយមីងរបស់ប្រពន្ធជនរងគ្រោះ មានប្រសាសន៍ថា ស្ថានភាពគ្រួសារពលករខ្មែរដែលថៅកែថៃ បាញ់សម្លាប់នោះ គឺលំបាកណាស់ ត្រូវរ៉ាប់រងចិញ្ចឹមកូន ២នាក់តូចៗ ចំណែកដីស្រែចម្ការ និងផ្ទះសម្បែងក៏គ្មាន៖ « មិនមានអីទេ ការុងមួយដែលប្រពន្ធដាក់ខោអាវពេលប្ដីត្រូវគេបាញ់សម្លាប់ វាក៏ប្រឡាក់ឈាម ហើយនៅពេលប្ដីត្រូវគេយកទៅបូជា គេក៏ដុតការុងខោអាវនោះចោលទៀត »។
ទោះជាយ៉ាងណា អាជ្ញាធរឃុំចារឈូក កំពុងទាល់គំនិតថា តើគេអាចនឹងជួយអ្វីទៅដល់គ្រួសារពលករនោះបាន?
មេឃុំចារឈូក លោក ប្លង់ ប៉ង់ បញ្ជាក់ថា ប្រពន្ធរបស់បុរសដែលស្លាប់នោះ បានសុំឲ្យលោកជួយធ្វើសំបុត្រកំណើត ប៉ុន្តែលោកពុំអាចជួយធ្វើដូចដែលគេចង់បាននោះឡើយ ពីព្រោះមនុស្សស្លាប់ទៅហើយ៖ « បើសិនជាសុំបញ្ជាក់ទីលំនៅរបស់ប្រពន្ធ គឺឃុំអាចបញ្ជាក់ បើសិនជាឯកសារអាពាហ៍ពិពាហ៍មិនអាចធ្វើបានទេ ព្រោះត្រូវការផ្ដិតមេដៃ ប៉ុន្តែខាងប្រុសស្លាប់ទៅហើយ »។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ឲ្យដឹងថា ស្ថានកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ បានត្រៀមមេធាវី និងឯកសារផ្លូវច្បាប់រួចជាស្រេចហើយ សម្រាប់ប្ដឹងប្រឆាំងថៅកែថៃ ដែលបាញ់សម្លាប់ពលករខ្មែរនោះ។ ជុំវិញបញ្ហាឯកសារពាក់ព័ន្ធនឹងការទារសំណងទៀតសោត លោក ជុំ សុន្ទរី សូមឲ្យក្រុមគ្រួសារអ្នកស្លាប់ ទាក់ទងទៅនាយកដ្ឋានកុងស៊ុលរបស់ក្រសួងការបរទេស ឬក៏ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
