គ្រួសារ​អ្នក​កាសែត​ត្រូវ​បាន​គេ​សម្លាប់​នៅ​កំពង់ឆ្នាំង​បារម្ភ​សុវត្ថិភាព​ផ្ទាល់​ខ្លួន

0:00 / 0:00

ក្រុម​គ្រួសារ និង​ភរិយា​អ្នក​កាសែត​មាគ៌ា​កម្ពុជា ឈ្មោះ សួន ចាន់ នៅ​ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវ​បាន​គេ​ព្រួត​គ្នា​វាយ​សម្លាប់ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤​ កំពុង​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ក្រុម​ជន​សង្ស័យ​ក្នុង​រឿង​ឃាតកម្ម​នេះ បាន​បង្ហាញ​មុខ​ជា​សាធារណៈ ប៉ុន្តែ​ខាង​សមត្ថកិច្ច​មិន​ទាន់​ឃើញ​មាន​វិធានការ​អ្វី​ទៅ​លើ​ជន​សង្ស័យ​ទាំង​នោះ​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច។

ក្រុម​គ្រួសារ​ជន​រងគ្រោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ថា ជន​សង្ស័យ​ថា​បាន​វាយ​សម្លាប់ លោក សួន ចាន់ បាន​បង្ហាញ​មុខ​តាំង​ពី​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​កំពុង​រស់នៅ​យ៉ាង​មាន​សេរីភាព​នៅ​ក្នុង​ភូមិ បន្ទាប់​ពី​រត់​គេច​ខ្លួន​មួយ​រយៈ​មក។

ភរិយា​លោក សួន ចាន់ បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ជន​ល្មើស​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ទារ​សំណង​ជា​ទឹក​ប្រាក់​ចំនួន ១​ម៉ឺន ៥​ពាន់​ដុល្លារ (១៥.០០០) ជន​សង្ស័យ​ទាំង ៤​នាក់ មាន​ទី​១​ឈ្មោះ យឿន នុន ទី​២ យឿន ណាក់ ទី​៣ នាង រ៉ា និង​ទី​៤ ឈ្មោះ សាំង សេងអៀង។

ភរិយា​ជន​រងគ្រោះ​អ្នកស្រី ទៀង ថាវ មាន​ប្រសាសន៍​ថា គ្រួសារ​ជន​សង្ស័យ​បាន បង្ហើរ​ពាក្យ​សម្ដី​តាម​រយៈ​អ្នក​រស់នៅ​ជិត​ខាង​មក​ថា គេ​សុខ​ចិត្ត​បង់​លុយ​ឲ្យ​ប៉ូលិស និង​មន្ត្រី​តុលាការ ប៉ុន្តែ​គេ​នឹង​មិន​បង់​លុយ​ឲ្យ​គ្រួសារ​អ្នកស្រី​តាម​ការ​ទាមទារ​នោះ​ទេ។

អ្នកស្រី​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​ជន​សង្ស័យ​មាន​សេរី​ភាព និង​រង​នូវ​ការ​តិះដៀល​ពី​ក្រុម​គ្រួសារ​ជនសង្ស័យ​ទាំង​នោះ​ជា​បន្ត​បន្ទាប់៖ «ខ្ញុំ​វា​រន្ធត់​ក្នុង​ខ្លួន​អស់​ហើយ​បង​អ្ហើយ! យប់​ឡើង​ដេក​មិន​ពេញ​ភ្នែក​ខ្ញុំ​ខ្លាច​គេ​ណាស់។ កូន​ចូល​ឆ្នាំ អា​ធំ​ហ្នឹង​អត់​ឲ្យ​ដើរ​ទេ បង្គាំង​ទុក​នៅ​ផ្ទះ​ខ្លាច​គេ​មាន​ការ​គុំកួន​អី​តទៅ​ទៀត ព្រោះ​គេ​សម្លាប់​ប្ដី​ខ្ញុំ​នេះ​វា​មិន​ដឹង​មុខ​មាន​មូល​ហេតុ​អី​សោះ។ មិន​មែន​ត្រឹម​ថា​ជន​សង្ស័យ​ទេ គឺ​ជន​ដៃ​ដល់​ពិត​ប្រាកដ​ដែល​វាយ​លោក​ពុក​ដួល​កណ្ដាល​ថ្នល់ ហើយ​កូន​ខ្ញុំ​រត់​ទៅ​គ្រប​លោក​ពុក​វាយ​ទាំង​កូន​ឈ្លេច​ក​ទៀត ផ្ទាល់​ដៃ បាន​ខ្ញុំ​ខ្លាច​ហ្នឹង»

ឆ្លើយ​តប​បញ្ហា​នេះ​ស្នងការ​រង​ទទួល​បន្ទុក​បទ​ល្មើស​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុទ្ធី មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​មិន​អាច​ទៅ​ចាប់ ឬ​នាំ​ខ្លួន​ជន​សង្ស័យ​ដោយ​គ្មាន​ដីកា​បាន​នោះ​ទេ ដោយ​សារ​តែ​សំណុំ​រឿង​នេះ​បាន​បញ្ជូន​ដល់​ដៃ​តុលាការ​រួច​ហើយ។

លោក​ថា ក្នុង​ករណី​ដែល​គ្រួសារ​ជន​រងគ្រោះ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​អាច​ទៅ​ទាក់ទង​មន្ត្រី​ប៉ូលិស​មូលដ្ឋាន ដើម្បី​ជួយ​សម្រួល​លើ​បញ្ហា​នេះ៖ «អា​រឿង​ហ្នឹង​តាម​ពិត​ទៅ​យើង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​អស់​ហើយ ប៉ុន្តែ​តុលាការ​វា​អត់​ទាន់​ចេញ​ដីកា​ឲ្យ​យើង។ លើក​មុន​ខ្ញុំ​ដូច​មាន​ដំណឹង​ប្ដឹង​ដែរ ប៉ុន្តែ​ប៉ូលិស​មូលដ្ឋាន​ឃ្លាំ​មើល​ដែរ​ហើយ ប៉ុន្តែ​យើង​រង់ចាំ ហើយ​យើង​បាន​ជួប​ទៅ​តុលាការ​បន្ថែម​ហើយ»

ចំណែក​នាយក​ក្រឡា​បញ្ជី​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ហ៊ឹម ពុទ្ធាសុរិយៈ ថ្លែង​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិតនៅ​ក្នុង​ដៃ​របស់​ព្រះរាជអាជ្ញា​រង ប៉ុន្តែ​លោក​មិន​បាន​ចាំ​ច្បាស់​ថា នៅ​ក្នុង​ដៃ​របស់​ព្រះរាជ​អាជ្ញា​រង​មួយ​ណា​នោះ​ទេ ហើយ​ដំណើរការ​នៃ​នីតិវិធី​ក្នុង​សំណុំ​រឿង​នេះ​ដល់​ណា​ក៏​លោក​មិន​ដឹង​ដែរ។

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី មាន​ប្រសាសន៍​ថា ករណី​ព្រួត​គ្នា​វាយ​សម្លាប់​អ្នក​កាសែត​មាគ៌ា​កម្ពុជា​នេះ គឺ​អាច​ផ្ដើម​ចេញ​ពី​រឿង​វិជ្ជាជីវៈ​សារព័ត៌មាន​ច្រើន​ជាង​គំនុំ​ផ្ទាល់​ខ្លួន ពី​ព្រោះ​កន្លង​មក​លោក សួន ចាន់ ធ្លាប់​ចុះ​ផ្សាយ​ទាក់ទង​នឹង​បទល្មើស​នេសាទ​ជាច្រើន​ករណី​នៅ​ស្រុក​កំពង់លែង និង​ស្រុក​ជលគីរី៖ «វា​ជា​ករណី​មួយ​ដែល​ធ្ងន់ធ្ងរ ហើយ​មក​ដល់​ពេល​នេះ យើង​ឃើញ​ថា តុលាការ​ដូច​មិន​ទាន់​បាន​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ»

លោក សួន ចាន់ អាយុ ៤៤​ឆ្នាំ ជាអ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត "មាគ៌ា​កម្ពុជា" ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០​នាក់ ព្រួត​វាយ​​សម្លាប់​នៅ​ក្បែរ​ផ្ទះ ស្ថិត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក កាល​ពី​យប់​ថ្ងៃ​ទី​៣១ មករា ឆ្នាំ​១០១៤។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​មនុស្ស​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​​ ដែល​ជា​សាច់ញាតិ​បាន​រង​របួស​ធ្ងន់ និង​ស្រាល ខណៈ​ដែល​ចូល​ទៅ​ជួយ​លោក សួន ចាន់ គឺ​មាន​ទី​១ ឈ្មោះ សួន ឌីម និង​ទី​២ ឈ្មោះ គូ អ៊ិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។