អង្គការ​ទស្សនៈ​ពិភពលោក​រៀបចំ​វេទិកា​ប្រឆាំង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​បាត់ដំបង

0:00 / 0:00

អង្គការ​ទស្សនៈ​ពិភពលោក (World Vision) និង​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា រៀបចំ​វេទិកា​ប្រឆាំង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​សាកលវិទ្យាល័យ​បាត់ដំបង និង​មាន​កុមារ​មក​ពី​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​ចូលរួម​ប្រមាណ​ជិត ៤០០​នាក់។

កុមារ​ទាំង​ពីរ​ភេទ​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ មាន​ឱកាស​លើក​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ និង​ការ​រំលោភ​សិទ្ធិ​កុមារ ដាក់​ឲ្យ​វាគ្មិន​បកស្រាយ​ភ្លាមៗ។ អ្នក​ចូលរួម​ភាគ​ច្រើន ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​កុមារ​នេះ និង​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ រិះរក​គន្លឹះ​បញ្ចៀស​ការ​ប្រើប្រាស់​កុមារ​ដោយ​ខុស​ច្បាប់​បន្ត​ទៀត។

កុមារ​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះ មាន​ឯកសណ្ឋាន​អាវ​ពណ៌​ទឹកក្រូច ដែល​មាន​និមិត្ត​សញ្ញា​ពី​ខាង​ក្រោយ បញ្ឈប់​ពលកម្ម​កុមារ។ កុមារ​គ្រប់​រូប​មាន​ទឹក​មុខ​ញញឹម​ញញែម ហាក់​មាន​ការ​សប្បាយ​រីករាយ និង​លើក​ឡើង​ជា​សំណួរ​ស្រដៀង​គ្នា​ថា តើ​មូលហេតុ​អ្វី​បាន​ជា​ចាំបាច់​ត្រូវ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ និង​មាន​វិធី​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​កុមារ​ដោយ​របៀប​ណា ជាដើម?៖ «តើ​មន្ត្រី​អប់រំ​មាន​វិធីសាស្ត្រ​យ៉ាង​ណា ដើម្បី​ជួយ​ដល់​កុមារ​ពិការ​បាន​ចូល​រៀន​ដូច​កុមារ​ដទៃ​ទៀត? តើ​លោក​អ៊ំ​មាន​គោលការណ៍​ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ដោយ​របៀប​ណា?»

មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី ឡើង​បកស្រាយ​ពន្យល់​ដល់​កុមារ​តាម​មុខ​នាទី​រៀងៗ​ខ្លួន និង​អង្គភាព​ខ្លះ​បាន​ពន្យល់​ពី​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ជាដើម។

ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក វែង ហៀង មាន​ប្រសាសន៍​ថា ទីកន្លែង​ដែល​និយម​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ភាគ​ច្រើន​ជា​កន្លែង​ប្រកប​អាជីវកម្ម និង​សិប្បកម្ម​ខ្នាត​តូច​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​ខាង​ក្រសួង​ការងារ បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន អប់រំ​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ ដើម្បី​លុប​បំបាត់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ដោយ​ខុស​ច្បាប់​នេះ៖ «អ៊ីចឹង​នៅ​ក្នុង​ករណី​កុមារ​អាយុ​ក្រោម ៩​ឆ្នាំ នឹង​ទទួល​បាន​អាហារូបករណ៍ ការ​បញ្ជូន​ចូល​រៀន​នៅ​ក្នុង​ប្រព័ន្ធ ដើម្បី​ទប់ស្កាត់​កុមារ​ទន្ទឹម​នឹង​ឪពុក​ម្ដាយ​ដែល​កុមារ​អាយុ​ចាប់​ពី ៩​ឆ្នាំ​ទៅ យើង​ធ្វើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ប្រកប​មុខ​របរ ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​កុមារ»

យុវជន​ចូលរួម​ក្នុង​វេទិកា​ប្រឆាំង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ នា​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥។
យុវជន​ចូលរួម​ក្នុង​វេទិកា​ប្រឆាំង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ នា​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥។ (RFA/Hum Chamroeun)

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នាយក​គម្រោង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ នៃ​អង្គការ​ទស្សនៈ​ពិភពលោក អ្នកស្រី អ៊ីម៉ែលដា អូចាវីឡូ (Imelda Ochavilla) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា គោល​បំណង​នៃ​ការ​រៀបចំ​វេទិកា​នេះ ដើម្បី​ផ្ដល់​ឱកាស​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម បាន​លើក​បញ្ហា​របស់​ខ្លួន​ដាក់​ឲ្យ​ទៅ​មន្ត្រី​នៃ​ក្រសួង និង​មន្ទីរ​នានា​របស់​រដ្ឋ​បាន​ជ្រាប ដើម្បី​ងាយ​ស្រួល​ដល់​ការ​ដោះស្រាយ។ ម្យ៉ាង​ទៀត ជា​ការ​អប់រំ​ដល់​កុមារ​ឲ្យ​បាន​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​លើ​កុមារ ជា​អំពើ​ខុស​ច្បាប់​ផង និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កុមារ​មាន​ឱកាស​បញ្ចេញ​ទេពកោសល្យ​របស់​ខ្លួន​ផង៖ «នៅ​ក្នុង​ការ​ជ្រើសរើស​កុមារ យើង​មាន​លក្ខណៈ​វិនិច្ឆ័យ​ផ្នែក​ធំៗ​២ កុមារ​ដែល​ធ្វើ​ការ​នៅ​កន្លែង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​កុមារ​ដែល​ងាយ​រងគ្រោះ​បញ្ជូន​ទៅ​ធ្វើ​ពលកម្ម»

មន្ត្រី​អង្គការ​ទស្សនៈ​ពិភពលោក ឲ្យ​ដឹង​ទៀត​ថា កុមារ​ដែល​ងាយ​រងគ្រោះ​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ដែល​ទទួល​បាន​អាហារូបករណ៍​ការ​សិក្សា​រៀន​សូត្រ និង​បណ្ដុះបណ្ដាល​ចំណេះ​ដឹង ព្រម​ទាំង​ការ​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គេ ប្រមាណ​ជាង ២​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​នៅ​ខេត្ត​បាត់ដំបង ប្រមាណ ៦​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។