អ្នក​ច្បាប់៖ ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ជា​សកម្មភាព​អនុវត្ត​ក្នុង​ប្រទេស​កុម្មុយនិស្ត

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹត​បន្តឹង​ការ​ជួបជុំ​គ្នា​របស់​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ចាប់​ខ្លួន​ទាំង ២៣​នាក់ និង​ទាមទារ​ករណី​ផ្សេងៗ​ទៀត ដូចជា​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ជា​បន្តបន្ទាប់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ក្រុម​អ្នក​ច្បាប់​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ និង​ថា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស។

0:00 / 0:00

ស្ថានភាព​នយោបាយ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ​នេះ បាន​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​តវ៉ា​ផ្សេងៗ​តាម​ផ្លូវ​ច្បាប់។ ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ឯកបក្ស​កំពុង​តែ​គាប​សង្កត់​ប្រជាពលរដ្ឋ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

អ្នក​វិភាគ​នយោបាយ​និង​អ្នក​ច្បាប់​បាន​ពន្យល់​ថា សកម្មភាព​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​អ្នក​តវ៉ា ឬ​អ្នក​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​នេះ ជា​សកម្មភាព​ដែល​រដ្ឋាភិបាល​បង្ហាញ​ថា រដ្ឋាភិបាល​ឈប់​អត់ធ្មត់ និង​បង្ហាញ​សាច់ដុំ​ដាក់​បក្ស​ប្រឆាំង​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ។

ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​បាន​ធ្វើ​បាប​ខ្លួន​ប្រជាពលរដ្ឋ​នេះ​ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​ថា សង្គម​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ធានា​ក្នុង​ការ​ធ្វើ​បាតុកម្ម​និង​សម្ដែង​មតិ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ៖ «ប្រជាពលរដ្ឋ​ធ្វើ​អ៊ីចឹង​ឃើញ​ថា គ្មាន​ខុស​ឆ្គង​អ្វី​ទេ ត្រូវ​នឹង​បទល្មើស មាន​បទល្មើស​ណា​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ចាប់​អ៊ីចឹង ឬ​ត្រូវ​ចោទ​ប្រកាន់​អ៊ីចឹង?»

ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​១៩៩២។ មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ធានា​ការពារ​អនុសញ្ញា​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា ហើយ​មាត្រា​ដទៃ​ទៀត គូស​បញ្ជាក់​ឡើង​វិញ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ធានា​ថា ប្រជាពលរដ្ឋ​ទាំង​អស់​អាច​អាស្រ័យ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ​តាម​វិសាលភាព​ពេញលេញ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

សេចក្ដី​ប្រទេស​នៃ​សិទ្ធិ​ក្នុង​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ រួម​មាន​ការពារ​អាយុ​ជីវិត សន្តិសុខ និង​សេរីភាព សិទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​បង្កើត​សហជីព ការ​ធានា​ការពារ​តាម​ផ្លូវ​ច្បាប់​ជា​មូលដ្ឋាន​ចំពោះ​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន សេរីភាព​ក្នុង​ការ​ដើរ​ហើរ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សាសនា ឯករាជភាព​តុលាការ ត្រូវ​ធានា​ការពារ​នៅ​ក្នុង​ជំពូក​ទី​១១ នៃ​រដ្ឋធម្មនុញ្ញ។

អាជ្ញាធរ​ក្រុង​បាន​ចាប់​ខ្លួន​លោក សុខ ឈុនអឿង ជា​អនុ​ប្រធាន​ស្ដី​ទី​​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាល​ពី​ថ្ងៃ​ទី​២០ មករា និង​ចាប់​ខ្លួន​ចំនួន ១១​នាក់​ទៀត​នៅ​ថ្ងៃ​ទី​២១ មករា នៅ​ខណៈ​អ្នក​ទាំង​នេះ​យក​ញត្តិ​ទៅ​ដាក់​ស្ថានទូត​នានា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ២៣​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​កម្មករ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា កន្លង​ទៅ។

ទោះ​បី​ជា​ការ​ចាប់​ខ្លួន​តំណាង​អង្គការ និង​តំណាង​ប្រជាពលរដ្ឋ​ចាប់​ឃុំ​ខ្លួន​ក្នុង​រយៈពេល​ខ្លី​ក្ដី ក៏​ប៉ុន្តែ​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ជា​សកម្មភាព​ខុស​ច្បាប់។ ក៏​ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ មុន​នឹង​អាជ្ញាធរ​ដោះ​លែង​វិញ គឺ​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ជា​លក្ខខណ្ឌ​មុន​នឹង​ឲ្យ​ចាកចេញ​ពី​ទី​ឃុំឃាំង។ កិច្ចសន្យា​ទាំង​នោះ​មាន​ដូចជា​ហាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ហាម​មិន​ឲ្យ​ញុះញង់​ឲ្យ​មាន​បាតុកម្ម ឬ​កូដកម្ម និង​ត្រូវ​រាយការណ៍​ពី​សកម្មភាព​ទាំង​ឡាយ​ដែល​ខុស​ច្បាប់។

អ្នក​ច្បាប់​លើក​ឡើង​ថា សកម្មភាព​ឲ្យ​កិច្ចសន្យា​ក្រោយ​ការ​ចាប់​ខ្លួន​បែប​នេះ ជា​សកម្មភាព​ដែល​គេ​អនុវត្ត​នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​កុម្មុយនិស្ត ពីព្រោះ​ថា ប្រជាពលរដ្ឋ​និង​តំណាង​សហជីព​ទាំង​នេះ​គ្មាន​ធ្វើ​ខុស​អ្វី​ទេ។

ប្រធាន​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ចាប់​ទៅ​នោះ ជា​កិច្ច​សន្យា​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ ដូច្នេះ​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ មិន​ចាំបាច់​គោរព​កិច្ចសន្យា​នេះ​ទេ៖ «ហើយ​មួយ​ទៀត ប្រជាពលរដ្ឋ​មិន​ចាំបាច់​គោរព​បទបញ្ជា​ដែល​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​ជួបជុំ​គ្នា​នោះ​ទេ គឺ​គ្មាន​ច្បាប់​ណា​មួយ​ចែង​អំពី​បញ្ហា​នេះ»

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នេះ គឺ​ដើម្បី​យក​ពួកគាត់​ទៅ​ណែនាំ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ពីព្រោះ​ថា ពួកគាត់​ជួបជុំ​គ្នា​នេះ មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ។

លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ឲ្យ​ជួប​ជុំ​គ្នា​ឡើង​វិញ​នៅ​ពេល​ស្ថានភាព​នយោបាយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ៖ «ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានា ដូច្នេះ​ការ​ការពារ​ស្ថានទូត​នានា​នោះ ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល»

ការ​រឹត​បន្តឹង​ពី​ការ​ជួប​ជុំ​គ្នា ឬ​ហាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នេះ បាន​កើត​មាន​នៅ​ខណៈ​ដែល​ស្ថានភាព​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​ពេល​តាំង​ពី​ខែ​កក្កដា មក​ដល់​ពេល​នេះ មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ជាដើម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ព្រមាន​នៅ​ឯ​ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៨ មករា ថា ការ​ធ្វើ​បាតុកម្ម​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង ទាំង​ប្រជាពលរដ្ឋ ទាំង​អាជីវករ លំបាក​ក្នុង​ការ​ប្រកប​អាជីវកម្ម​ជាដើម៖ «ជាក់ស្ដែង​ដំណើរការ​ធម្មតា គ្មាន​ម៉ែ​អា​ណា​ទៅ​ធ្វើ​បាតុកម្ម​គ្មាន​ច្រូត​ស្រូវ​នោះ​ទ វា​គ្មាន! នៅ​ក្រុង​ភ្នំពេញ គេ​ត្រូវ​ការ​លក់​ដូរ គេ​ត្រូវ​ការ​ដើរ​លេង នៅ​ភ្នំពេញ ​ស្ទះ​ចរាចរណ៍ គេ​ជេរ​ម្ដាយ​ចង់​ងាប់។ ឃើញ​គេ​មិន​មាត់ៗ... ដល់​ម៉ោង​ត្រូវ​ធ្វើ​ហើយ អា​នេះ​និយាយ​គ្នា​ឲ្យ​ច្បាស់ មិន​មែន​ជា​ការ​គំរាម​ទេ តែ​នេះ​ជា​ការ​អនុវត្ត​ច្បាប់»

បន្ថែម​ពី​លើ​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បែប​នេះ ក្រសួង​សូម​ឲ្យ​ផ្អាក​ការ​ជួបជុំ​គ្នា ការ​ដង្ហែ​ក្បួន​នានា និង​ការ​ធ្វើ​បាតុកម្ម ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ដើម្បី​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​សង្គម។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​មុន​ពេល​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ មករា ដោយ​លោក​ថ្កោលទោស​ដល់​អាជ្ញាធរ​កម្ពុជា ចំពោះ​ការ​បង្ក្រាប​បាតុកម្ម​អហិង្សា​នេះ។

លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់​ថា ការ​ហាម​បណ្ដោះអាសន្ន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នេះ លោក​សូម​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់​ពី​មូលដ្ឋាន​ច្បាប់ និង​មូលហេតុ​ចំពោះ​បម្រាម​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដោយ​លោក​បាន​លើក​ពី​មាត្រា​៤ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​វិធានការ​ទាំង​ឡាយ​ណា​ដែល​ងាក​ចេញ​ពី​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​កតិកា​សញ្ញា​នេះ អាច​ធ្វើ​ឡើង​បាន​តែ​ក្នុង​កម្រិត​តឹងរ៉ឹង​មួយ​ដែល​តម្រូវ​ដោយ​ស្ថានភាព​ចាំបាច់​ក្នុង​ភាព​អាសន្ន​ជា​សាធារណៈ​ប៉ុណ្ណោះ ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ប្រទេស​ជាតិ និង​ស្ថានភាព​ចាំបាច់​ក្នុង​ភាព​អាសន្ន​ជា​សាធារណៈ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​បម្រាម​នេះ​ចេញ​វិញ ពីព្រោះ​ថា លោក​មិន​បាន​ឃើញ​ប្រទេស​កម្ពុជា មាន​ការ​ប្រកាស​ជា​ផ្លូវការ​ពី​ស្ថានភាព​អាសន្ន​ជា​សាធារណៈ​នៃ​ភាព​ធ្ងន់ធ្ងរ​ដែល​ជា​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ប្រទេស​ជាតិ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច ពន្យល់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ជា​នយោបាយ​ដើរ​ធាក់​ថយ​ក្រោយ ពោល​គឺ​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​កម្ពុជា នា​សតវត្ស​ទី​២១ មិន​ខុស​ពី​ទសវត្ស​ឆ្នាំ​១៩៦០ ទេ ដែល​រដ្ឋាភិបាល​ធ្វើការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​នៅ​ពេល​ជួបជុំ​គ្នា ការ​ធ្វើ​បាតុកម្ម​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ឯកបក្ស​នេះ ជា​សកម្មភាព​ចាប់​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ងាក​មក​កាន់​តុ​ចរចា​វិញ ចំពោះ​ការ​ដាក់​សម្ពាធ​លើ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​ជួបជុំ​គ្នា ឬ​ការ​ធ្វើ​បាតុកម្ម ពិសេស​ការ​ចាប់​ឃុំឃាំង​ប្រជាពលរដ្ឋ​ចំនួន ២៣​នាក់ និង​ការ​បាញ់​សម្លាប់​ក្នុង​ការ​បង្ក្រាប​បាតុករ​អហិង្សា​នោះ។ សកម្មភាព​បែប​នេះ ជា​ការ​បង្ហាញ​សាច់​ដុំ​ក្នុង​ការ​បង្ក្រាប ទោះ​បី​ជា​ផ្ទុយ​ពី​ច្បាប់​ធ្វើ​បាតុកម្ម និង​កតិកា​សញ្ញា​អន្តរជាតិ​មួយ​ចំនួន​ក៏ដោយ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ចង់​បញ្ជាក់​ថា រដ្ឋាភិបាល​ឯកបក្ស​ឈប់​បន្ត​ការ​អត់ធ្មត់​បន្ត​ទៅ​ទៀត នៅ​ខណៈ​ដែល​សហគមន៍​អន្តរជាតិ កំពុង​ដាក់​គំនាប​ជា​បន្តបន្ទាប់ ដូចជា​ការ​ប្រកាស​ផ្ដាច់​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។