មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសំដែងក្តីបារម្ភជាខ្លាំងចំពោះបញ្ញត្តិមួយចំនួនចែងក្នុងសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលពុំមានភាពច្បាស់លាស់ ថាតើព័ត៌មានណាដែលចាត់ទុកថាខុសច្បាប់ ជាការមួលបង្កាច់ធ្វើឲ្យប៉ះពាល់កិត្តិយសមន្ត្រីរដ្ឋាភិបាល ជាការបង្កឲ្យមានអសន្តិសុខ និងអស្ថិរភាពសង្គមជាដើម។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ចក់ សុភាព បានគូសបញ្ជាក់ថា ក្នុងមាត្រា ២៨ នៃសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់សេរីភាពក្នុងការបញ្ចេញមតិ និងជាការផ្ដល់ឱកាសឲ្យរដ្ឋាភិបាល បង្ក្រាបសកម្មជន និងមន្ត្រីសង្គមស៊ីវិលដែលនិយាយប្រឆាំងទៅនឹងសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាល។
កញ្ញា សុភាព បន្តថា ការរារាំងសមត្ថភាពសង្គមស៊ីវិលក្នុងការតាមដានសកម្មភាពរបស់រដ្ឋាភិបាល គឺទង្វើមួយដែលផ្ទុយទៅនឹងតួនាទីដ៏សំខាន់របស់សង្គមស៊ីវិល ក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ៖ «សំខាន់បំផុតសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលខាងមជ្ឈមណ្ឌលបានទទួលច្បាប់ចម្លង គឺមានបញ្ញត្តិមួយចំនួនគួរឲ្យព្រួយបារម្ភ និងប៉ះពាល់ដល់សេរីភាពការបញ្ចេញមតិ។ វាជាសញ្ញាមួយដែលធ្វើឲ្យបុគ្គលដែលគាត់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា មិនហ៊ានបញ្ចេញមតិ ចំណែកអ្នកហ៊ាននឹងត្រូវប្រឈមនឹងការដាក់ទោសរហូតដល់ជាប់ពន្ធនាគារ ៣ឆ្នាំ»។
ក្នុងលិខិតចំហចុះថ្ងៃទី២៨ ខែមេសា ទៅរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យមានការផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យភាគីពាក់ព័ន្ធទាំងអស់ សមាជិកសង្គមស៊ីវិល និងសាធារណជនទូទៅ អាចឆ្លើយតប និងផ្ដល់មតិទៅលើច្បាប់នេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ប្រាក់ សុខុន ដើម្បីសុំការបំភ្លឺជុំវិញការស្នើសុំរបស់មន្ត្រីសង្គមស៊ីវិលនេះបាននៅឡើយទេ។
ទាក់ទងនឹងសេចក្ដីព្រាងច្បាប់នេះ លោកមេធាវី ហុង គឹមសួន នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បញ្ជាក់ថា ការបើកចំហឲ្យមានការផ្ដល់មតិលើសេចក្ដីព្រាងច្បាប់ណាមួយ គឺមានសារសំខាន់ណាស់ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីក្រោមច្បាប់។
លោក ហុង គឹមសួន អះអាងថា ប្រទេសកម្ពុជា មិនចាំបាច់បង្កើតសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះទេ៖ «យើងមានក្រមព្រហ្មទណ្ឌរួចហើយ ទោះបីមានបទល្មើសបរិហារកេរ្តិ៍ ប្រមាថមើលងាយ ឬគំរាមកំហែង គឺមានរួចហើយក្នុងនោះ។ បើគំនិតខ្ញុំ គឺមិនចាំបាច់ដល់ការរឹតត្បិតដល់ការបង្កើតច្បាប់ព្រហ្មទណ្ឌ លើរបបព័ត៌មាន និងការផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រសិនបើបង្កើតច្បាប់នេះ គឺនាំឲ្យការអនុវត្តច្បាប់ពីរ លើបទល្មើសមួយ ហើយការសម្រេចចោទប្រកាន់ ប្រសិនបើទាក់ទងនឹងបញ្ហានយោបាយវិញ គឺតុលាការនឹងធ្វើការចោទប្រកាន់យកច្បាប់ណា មាត្រាណា ដើម្បីដាក់ទោសធ្ងន់។ ខ្ញុំគិតថា ការលើកស្ទួយសិទ្ធិមនុស្សនឹងកាត់បន្ថយទៅៗ»។
បន្ថែមពីលើភាពមិនចាំបាច់នៃការបង្កើតច្បាប់មួយនេះ កញ្ញា ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សមាសភាពដែលស្នើឡើងដើម្បីបង្កើតគណៈកម្មាធិការជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺមកពីសមាជិកជាន់ខ្ពស់សំខាន់ៗក្នុងជួររដ្ឋាភិបាល។
កញ្ញា ចក់ សុភាព៖ «យើងមើលទៅគឺមិនមែនជាស្ថាប័នមួយឯករាជ្យ ដែលអាចធ្វើការវាយតម្លៃជុំវិញលក្ខខណ្ឌដែលមានបញ្ញត្តិមួយចំនួនចែងពីបទបរិហារកេរ្តិ៍ ឬព័ត៌មានធ្វើឲ្យប៉ះពាល់ក្រមសីលធម៌ហ្នឹង គឺលក្ខណៈទូលាយ ហើយបើកឱកាសច្រើនដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងនោះមានគណៈកម្មាធិការជាតិ ដែលគ្រប់គ្រងការងារនោះ អាចបកស្រាយ និងដាក់បន្ទុកលើសកម្មជន ឬបុគ្គលដែលហ៊ានរិះគន់គោលនយោបាយរដ្ឋាភិបាល»។
កញ្ញា សុភាព សង្កត់ធ្ងន់ថា ច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ គេគួរតែចែងពីការបង្កើតក្រុមការងារឯករាជ្យមួយ ដែលកើតចេញពីអ្នកជំនាញបច្ចេកទេស សមាជិកអង្គការសង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវ ដើម្បីស៊ើបអង្កេតនិងវិភាគឲ្យបានត្រឹមត្រូវទៅលើព័ត៌មានក្នុងគេហទំព័រ មុនពេលកាត់ទោស ឬធ្វើសំណើទប់ស្កាត់ មុនពេលដែលត្រូវបានបញ្ជូនទៅតុលាការ។
ប្រមុខដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃចន្ទ ទី២៨ មេសា បានរិះគន់ជាសាធារណៈចំពោះមេដឹកនាំសង្គមស៊ីវិល ដែលបានលូកដៃចូលកិច្ចការរបស់រដ្ឋាភិបាល ទាក់ទងការធ្វើសេចក្ដីព្រាងច្បាប់ផ្សេងៗ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលគូសបញ្ជាក់ថា ការធ្វើសេចក្ដីព្រាងច្បាប់ជារឿងផលប្រយោជន៍ជាតិទាំងមូល ទើបសង្គមស៊ីវិលស្នើចូលរួមជាគំនិតយោបល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
