របាយការណ៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៩ កញ្ញា បង្ហាញថា ទន្ទឹមពេលដែលសេរីភាពបញ្ចេញមតិតាមទីសាធារណៈ និងតាមរយៈសារព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៍ បានធ្លាក់ដុនដាប ក៏បានទទួលស្គាល់ថា សេរីភាពបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយទំនើប គឺហ្វេសប៊ុក បានឡើងខ្ពស់ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយព័ត៌មានសេរី និងយុត្តិធម៌ដល់សង្គម ដោយអត់មានភ័យខ្លាច។
បន្ថែមលើនេះ មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមាណា បញ្ជាក់ថា ការគាបសង្កត់គំរាមកំហែងសេរីភាពបញ្ចេញមតិពីសំណាក់រដ្ឋាភិបាលកន្លងមក បានសំដៅលើក្រុមបក្សប្រឆាំង អ្នកសារព័ត៌មាន ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអ្នកតវ៉ាអំពីការរំលោភដីធ្លី ការបណ្ដេញចេញពីលំនៅឋានជាដើម។
កញ្ញាបន្តថា ការបញ្ចេញមតិតាមរយៈហ្វេសប៊ុក បច្ចុប្បន្ន គឺជាសញ្ញាវិជ្ជមានមួយ។ ក្រៅពីនេះ កញ្ញាថាមានប្រជាពលរដ្ឋរងគ្រោះដោយការបណ្ដេញចេញពីលំនៅឋាន និងទំនាស់ដីធ្លី ហ៊ានក្រោកឈរឡើងបញ្ចេញមតិជាសាធារណៈ ជាពិសេសថ្មីៗនេះ មានអ្នកគាំទ្របក្សប្រឆាំងជាច្រើនហ៊ានចេញមុខធ្វើបាតុកម្មតវ៉ាជាសាធារណៈ បើទោះបីការបញ្ចេញមតិនោះមានការគំរាមកំហែងយ៉ាងណាក្ដី៖ «និយាយថាមានការប្រសើរឡើង គឺថាឃើញមានប្រជាពលរដ្ឋមួយចំនួនគាត់លែងខ្លាច។ កាលមុន គាត់ខ្លាច តែឥឡូវគាត់លែងខ្លាច គាត់ហ៊ានមកនិយាយស្ដីហ៊ានមកបញ្ចេញគំនិតរបស់គាត់»។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សមានចំណងជើងថា "ការគាបសង្កត់សេរីភាពការបញ្ចេញមតិ និង ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា" និយាយអំពីការគាបសង្កត់សេរីភាពបញ្ចេញមតិរបស់រដ្ឋាភិបាល លើក្រុមសង្គមស៊ីវិល ក្រុមសិស្សនិស្សិតសាកលវិទ្យាល័យ ក្រុមមេធាវី និងអ្នកនយោបាយបក្សប្រឆាំងជាដើម។
របាយការណ៍នេះជារបាយការណ៍តាមដានបន្ថែមពីស្ថានភាពសេរីភាពបញ្ចេញមតិ កាលពីឆ្នាំ២០១០ ដែលមានចំណងជើងថា "កម្ពុជា ត្រូវបានគេបំបិទមាត់" ដែលរបាយការណ៍នោះនិយាយអំពីការគាបសង្កត់សេរីភាពបញ្ចេញមតិដូចគ្នា។ ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបានរិះគន់របាយការណ៍នេះថា ជាការបំផ្លើស។
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់នៅថ្ងៃទី១៩ កញ្ញា ថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃមានសេរីភាពបញ្ចេញមតិពេញទី រួមទាំងសេរីភាពបញ្ចេញមតិនយោបាយប្រឆាំងរដ្ឋាភិបាលទៀតផង។ លោកបានលើកជាឧទាហរណ៍ការធ្វើមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ បីថ្ងៃកន្លងមកនេះ ប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលគ្មានការរំខាន៖ «ខ្ញុំឃើញជឿនលឿន ខ្ញុំខ្លួនឯងផ្ទាល់ ខ្ញុំមើលឃើញជាក់ស្ដែងនឹងភ្នែក។ ពីដើមយើងអត់ដែលមានធ្វើបាតុកម្មបីថ្ងៃជាប់គ្នា អានេះជាសិទ្ធិបញ្ចេញយោបល់នយោបាយ។ សូម្បីតែឯកឧត្តម សម រង្ស៊ី លោកក៏និយាយថា អាហ្នឹងជាជោគជ័យបក្សសង្គ្រោះជាតិ អាហ្នឹងបង្ហាញច្បាស់ហើយ ហើយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត យើងឃើញហើយគេធ្វើបានគ្រប់គ្រាន់ល្អរបស់គេ»។
យ៉ាងណាក្ដី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរំពឹងថា រដ្ឋាភិបាលអាណត្តិថ្មីនឹងទទួលយករបាយការណ៍នេះជាអនុសាសន៍ទៅអនុវត្ត ដើម្បីធ្វើឲ្យសេរីភាពបញ្ចេញមតិបានប្រសើរទៅអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
