សកម្មជនដីធ្លីនៃសហគមន៍ថ្មគោល ៤នាក់ ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់លើកដាក់ក្នុងរថយន្តបញ្ជូនទៅសង្កាត់កាកាប នៅថ្ងៃទី២០ មិថុនា នេះ ខណៈអ្នកទាំង ៤នាក់ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប ១រូប។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) យល់ឃើញថា សកម្មភាពដែលសកម្មជនដីធ្លីធ្វើនេះមិនខុសច្បាប់នោះទេ។ លោកឲ្យដឹងបន្តថា ដោយសារអាជ្ញាធរ និងរដ្ឋាភិបាលមានការភ័យខ្លាចចំពោះយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ទើបរដ្ឋាភិបាលប្រើប្រាស់កម្លាំងបង្ក្រាបអ្នករៀបចំយុទ្ធនាការនេះ។
មុនពេលសមត្ថកិច្ចឃាត់ខ្លួនសកម្មជនដីធ្លីនៃសហគមន៍ថ្មគោលទាំង ៤នាក់នោះ ពួកគេបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅមួយឈុត និងដើរកាន់បដា ដែលសរសេរក្នុងន័យទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក ៤រូប និងមន្ត្រីអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ផង។
សកម្មជនដីធ្លីទាំង ៤នាក់ដែលត្រូវអាជ្ញាធរសង្កាត់កាកាប ចាប់ខ្លួនរួមមាន លោកស្រី ច្រាយ នីម លោកស្រី ង៉ូវ ណារី លោកស្រី យ៉ិន ស្រ៊ីន និងលោកស្រី អ៊ឹម ស្រីទូច។ គិតមកដល់ល្ងាចថ្ងៃទី២០ ខែមិថុនា នេះ នៅមិនទាន់មានសេចក្ដីរាយការណ៍អំពីការដោះលែងស្ត្រីទាំង ៤នាក់នេះនៅឡើយទេ។ សមត្ថកិច្ចតែងចាប់ខ្លួនអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះជាហូរហែ ប៉ុន្តែក្រោយអប់រំរួច ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ៕
អាជ្ញាធរឃាត់ខ្លួនសកម្មជនដីធ្លី៤នាក់ដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
