សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រតិកម្មតបអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាធ្វើរបាយការណ៍ដោយអត្តនោម័តិ មិនឆ្លុះបញ្ចាំងការពិត។ ប្រតិកម្មនេះធ្វើឡើងតាមលិខិតផ្សព្វផ្សាយជាសាធារណៈមួយនៅថ្ងៃទី១៧ ខែមីនា ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលនិយាយពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ផ្ដើមលិខិតឆ្លើយតបដោយបញ្ជាក់ថា ខ្លួនខកចិត្តចំពោះរបាយការណ៍ដែលមានចំណងជើងថា "ធ្វើការឲ្យលឿន ឬចេញក្រៅ (Work Faster or Get out)"។
ក្រុមថៅកែរោងចក្របន្តថា លទ្ធផលស្រាវជ្រាវនេះ មិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា ទេ ដោយសារតែអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាសកម្មករតិចពេក។ លិខិតបន្ថែមថា ទោះបីមានការរំលោភច្បាប់ការងារតិចតួចក្តី ក៏សមាគមរោងចក្រកាត់ដេរសុទ្ធតែប្ដេជ្ញាចិត្តលុបបំបាត់រាល់ទង្វើទាំងឡាយដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កម្មករ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវដល់អ្នករាយការណ៍ និងមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សឲ្យមើលស្ថានការណ៍ឲ្យបានទូលាយ និងអព្យាក្រឹត ដើម្បីប្រយោជន៍សង្គម និងប្រយោជន៍សេដ្ឋកិច្ច។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញលិខិតឆ្លើយតបនេះដោយបន្ទរតាមលិខិតរបស់ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បានរំលោភលើវិជ្ជាជីវៈរបស់ក្រសួង និងកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ អៃឡូ (ILO) ដែលកំពុងបំពេញការងារប្រកបដោយប្រសិទ្ធភាព។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាលពីថ្ងៃទី១៣ ខែមីនា បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមមន្ត្រីរដ្ឋាភិបាល និងភាគីរោងចក្រគួរតែដោះស្រាយបញ្ហានានារបស់កម្មករ ជាជាងចាំតែវាយប្រហាររបាយការណ៍របស់អង្គការសង្គមស៊ីវិលនោះ។ លោកបន្តថា ការបំពានសិទ្ធិកម្មករមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញរបាយការណ៍ស្រាវជ្រាវកម្រាស់ជាង ១៤០ទំព័រ បង្ហាញពីការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែរោងចក្រកាត់ដេរទៅលើកម្មករ។ អង្គការនេះរកឃើញថា កម្មករធ្វើការបន្ថែមម៉ោងដោយបង្ខំ កង្វះពេលវេលាសម្រាកចន្លោះម៉ោងធ្វើការ ត្រូវបានបដិសេធមិនឲ្យឈប់សម្រាកពេលឈឺ កម្មការិនីមានផ្ទៃពោះត្រូវគេរើសអើង និងកាត់ប្រាក់ខែពេលសម្រាកមាតុភាពជាដើម។ ក្រៅពីនេះ ការរើសអើងសហជីពក៏ត្រូវបានលើកឡើងដែរ។
បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរជាង ៧០ម៉ឺននាក់ធ្វើជាកម្មកររោងចក្រកាត់ដេរ។ កម្មករមានប្រាក់ខែទាបបំផុតចំនួន ១២៥ដុល្លារក្នុង១ខែៗ។ ក្រុមសង្គមស៊ីវិល និងសហជីពរកឃើញថា ចំនួនប្រាក់ខែប៉ុណ្ណេះមិនអាចធ្វើឲ្យកម្មករមានជីវភាពរស់នៅប្រសើរឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។