យុទ្ធនាការ​ហែ​ក្បួន​ផ្សព្វផ្សាយ​អំពី​បុរស​ល្អ​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ខេត្ត​កំពត

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា បាន​ហែ​ក្បួន​យុទ្ធនាការ​បុរស​ល្អ​ថ្នាក់​ជាតិ​នៅ​តាម​ទីប្រជុំជន​ក្នុង​ក្រុង ដើម្បី​ផ្សព្វផ្សាយ​គោលការណ៍ ៦​ចំណុច​ដល់​សាធារណជន បំណង​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​ក្នុង​ខេត្ត​នេះ។

ពិធី​ហែ​ក្បួន​ផ្សព្វផ្សាយ​យុទ្ធនាការ​បុរស​ល្អ​នេះ មាន​អ្នក​ចូលរួម​ប្រមាណ ៣៥០​នាក់ ដែល​ភាគ​ច្រើន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ ដូចជា មន្ត្រី​ប៉ូលិស ប៉េអិម និង​យោធា ដែល​មាន​អភិបាល​រង​ខេត្ត លោក ហេង វត្ថា ចូលរួម​ជា​អធិបតី។

ពិធី​នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី និង​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា ភីវ៉ាយឌី (PYD) របស់​ប្រទេស​អេស្ប៉ាញ (Spain)។

អនុប្រធាន​ការិយាល័យ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី កញ្ញា ស ស៊ីវណែត ដែល​ចូលរួម​ពិធី​នេះ​បញ្ជាក់​ថា ការ​ជ្រើស​រើស​យក​កង​កម្លាំង​ប្រដាប់​អាវុធ​ចូលរួម​នេះ គឺ​ដោយសារ​ពួក​គេ​ជា​កម្លាំង​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​កាត់​បន្ថយ និង​បង្ក្រាប​បទល្មើស​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី៖ «កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ហ្នឹង គឺ​ជា​គំរូ​ល្អ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ហើយ​ចំណុច​មួយ​ទៀត គឺ​យើង​លើក​កម្ពស់​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាក់ទង​លើ​ស្ត្រី និង​ក្មេង​ស្រី ហើយ​ចំណុច​សំខាន់​ហ្នឹង គឺ​យើង​មាន​គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ​ដល់​បុរស​នៅ​ក្នុង​ខេត្ត​កំពត ឲ្យ​គាត់​យល់​ដឹង​អំពី​គោលការណ៍​ស្នូល​ទាំង​៦ របស់​បុរស​ល្អ​ហ្នឹង ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​នៅ​ពេល​គាត់​ទប់ស្កាត់​ហើយ គឺ​គាត់​មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ​របស់​គាត់»

ចំណែក លោក ហេង វត្ថា អភិបាល​រង​ខេត្ត​ដែល​ថ្លែង​បើក​ពិធី​ផ្សព្វផ្សាយ​យុទ្ធនាការ​បុរស​ល្អ​នេះ​ដែរ មាន​ជំនឿ​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​គោលការណ៍ ៦​ចំណុច ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្រី និង​ក្មេង​ស្រី​នេះ អាច​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​គំនិត​ក្នុង​ការ​ចូលរួម​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល និង​ជា​យុទ្ធសាស្ត្រ​ទប់ស្កាត់​ជា​បឋម ឬ​ទប់ស្កាត់​មុន​ពេល​អំពើ​ហិង្សា​កើត​ឡើង​លើ​ស្ត្រី។ គោលការណ៍ ៦​ចំណុច​នៃ​យុទ្ធនាការ​បុរស​ល្អ​នោះ គឺ​ជំរុញ​ឲ្យ​បុរស​ចូលរួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ជួយ​ចែក​រំលែក​កិច្ចការ​ផ្ទះ ដោះស្រាយ​បញ្ហា​ដោយ​ពិភាក្សា​គ្នា ធ្វើ​ខ្លួន​ជា​គំរូ​ល្អ​ក្នុង​ការ​លើក​កម្ពស់​សមភាព​រវាង​បុរស និង​ស្ត្រី ធ្វើ​ការ​សម្រេច​ចិត្ត​រួម​គ្នា និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុរស និង​ស្ត្រី​ឲ្យ​បាន​ស្មើ​គ្នា។

មន្ត្រី​ទំនាក់ទំនង​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា ភីវ៉ាយឌី អ្នកស្រី ហ៊ាង វត្ដី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​អង្គការ ភីវ៉ាយឌី ជ្រើស​រើស​យក​ខេត្ត​កំពត ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​គោលការណ៍​បុរស​ល្អ​នេះ គឺ​ដោយសារ​ខេត្ត​កំពត មាន​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​ច្រើន​ជាង​ខេត្ត​ផ្សេង៖ «ដោយសារ​ទី​១ ខេត្ត​កំពត ហ្នឹង​យោង​តាម​របាយការណ៍​មួយ​ចំនួន​ថា វា​មាន​អត្រា​នៃ​អំពី​ហិង្សា​ហ្នឹង​វា​មាន​ច្រើន ហើយ​មួយ​ទៀត​ក៏​ជា​ខេត្ត​ទិសដៅ​មួយ​នៃ​ការ​សួវ៉េ (Survey = ស្ទាបស្ទង់​មតិ) របស់​អង្គការ​ខ្ញុំ​ហ្នឹង ដូច្នេះ​យើង​ធ្វើ​ខេត្ត​ហ្នឹង គឺ​ជា​ខេត្ត​គោលដៅ​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​បួន»

កញ្ញា​បន្ត​ថា អង្គការ ភីវ៉ាយឌី ដែល​ជា​ដៃគូ​មួយ​របស់​រដ្ឋាភិបាល ធ្វើ​ការ​លុប​បំបាត់​អំពើ​ហិង្សា​នោះ បាន​ជ្រើស​រើស​ខេត្ត​បួន​ជា​គោលដៅ​សម្រាប់​ផ្សព្វផ្សាយ គឺ​ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ រតនគិរី និង​ស្ទឹងត្រែង។

អ្នក​រត់​រ៉ឺម៉ក​ជើង​ម្នាក់​ដែល​អង្គុយ​មើល​ក្បួន​ហែ​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ចេញ​យោបល់​ថា ការ​ជ្រើស​រើស​កង​ប្រដាប់​អាវុធ​មក​ចូលរួម​ហែ​ក្បួន ដើម្បី​ផ្សព្វផ្សាយ​នៃ​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​នេះ គឺ​ត្រឹមត្រូវ​ចំណុច​តែ​ម្ដង ព្រោះ​ថា កង​កម្លាំង​ប្រដាប់​អាវុធ ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​កូន ដោយ​លោក​បាន​លើក​ឧទាហរណ៍​ថា រឿង​នេះ​ធ្លាប់​កើត​ឡើង​ចំពោះ​អ្នក​ជិត​ខាង និង​នៅ​ក្នុង​គ្រួសារ​របស់​លោក​ផ្ទាល់៖ «ពួក​ហ្នឹង​សុទ្ធតែ​ពួក​រំលោភ​លើ​ស្រីៗ​ហើយ​ហ្នឹង ផឹក​ស៊ី​ហើយ​ទៅ​រំលោភ​សិទ្ធិ​នៅ​តាម​ផ្ទះ វាយ​ប្រពន្ធ​កូន ចុះ​បើ​គេ​អ្នក​រក​ស៊ី​រក​លុយ​អី​បាន គេ​ផឹក​ស៊ី​ហើយ​គេ​ទៅ​ផ្ទះ ហើយ​ប្រពន្ធ​កូន​នៅ​ផ្ទះ​គេ​វាយ​ហើយ​រឿង​ប្រពន្ធ​កូន ទាំង​កូន​គេ​កូន​ខ្ញុំ​ដូច​គ្នា»

ចំណែក​បុរស​ម្នាក់​ទៀត​ឈ្មោះ នាក់ អាន អាយុ ៦៥​ឆ្នាំ មក​ពី​ឃុំ​កូនសត្វ ស្រុក​ទឹកឈូ បាន​ពោល​ថា យុទ្ធនាការ​នេះ​មិន​ខុស​ពី​ការ​អប់រំ​ទូន្មាន​របស់​ចាស់​ទុំ​ជំនាន់​ដើម​ទេ ដែល​ប្រុសៗ ឬ​ប្ដីៗ គួរ​រៀន​សូត្រ​តាម។ គាត់​បាន​រំឭក​ថា កាល​ពី​គាត់​នៅ​ក្មេង​មិន​មាន​យុទ្ធនាការ​បុរស​ល្អ​ដូច​សព្វថ្ងៃ​នេះ​ទេ តែ​ព្រះសង្ឃ ចាស់​ទុំ មេបា និង​លោក​អាចារ្យ​នានា តែង​អប់រំ​ទូន្មាន​កូន​ចៅ​ប្ដី​ប្រពន្ធ​ជំនាន់​នោះ ឲ្យ​ចេះ​គោរព​គ្នា​ដូច​ការ​ផ្សព្វផ្សាយ​សម័យ​នេះ​ដែរ៖ «អត់​ទេ​ខ្ញុំ​យើង​មើល​ឃើញ​អ៊ីចឹង អា​នេះ​យើង​ធ្វើ​គំរូ​គេ បុរស​ល្អ​ជា​មេ​គ្រួសារ​កុំ​ប្រើ​អំពើ​ហិង្សា យើង​លើក​ស្ត្រី​ឲ្យ​ស្មើ​យើង​ដែរ ប្រើ​អំពើ​ហិង្សា​អី​ហ្នឹង​សង្គម​គេ​អត់​មាន​ពេញ​ចិត្ត​យើង​ទេ។ ប្រពៃណី​ខ្មែរ​ត្រូវ​តែ​យើង​ប្ដី​ប្រពន្ធ​ចាត់​ទុក​ថា ដូច​ម៉ែ​ឪ​យើង​ស្រឡាញ់​គ្នា យើង​រាប់​អាន​គ្នា ទោះ​បី​ជា​យើង​អត់​ឃ្លាន មាន​អី​យើង​ស្រឡាញ់​គ្នា​ទៅ»

មន្ត្រី​អង្គការ ភីវ៉ាយឌី ឲ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​នៃ​យុទ្ធនាការ​បុរស​ល្អ​នេះ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ខាង​មុខ​នេះ ហើយ​អង្គការ ភីវ៉ាយឌី និង​ក្រសួង​កិច្ចការ​នារី គ្រោង​ធ្វើ​នៅ​ខេត្ត​រតនគិរី និង​ស្ទឹងត្រែង ជា​បន្តបន្ទាប់។

ពិធី​ហែ​ក្បួន​យុទ្ធនាការ​បុរស​ល្អ​នេះ បាន​បញ្ចប់​ទៅ​បន្ទាប់​ពី​បាន​ហែ​ក្បួន​តាម​ទីប្រជុំជន​អស់​រយៈពេល​មួយ​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។