ក្រុមការងារនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UNOHCHR) និងក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទៅដល់ខេត្តរតនគិរី ហើយកាលពីថ្ងៃពុធ ទី៣ ធ្នូ ដើម្បីតាមដានស្ថានភាព និងស្វែងរកវិធីជួយសង្គ្រោះជនភៀសខ្លួនម៉ុងតាញ៉ា ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ព័ត៌មានស្ដីពីជនភៀសខ្លួនម៉ុងតាញ៉ា នៅខេត្តរតនគិរី នេះ ជាព័ត៌មានមិនពិត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា អាជ្ញាធរនិងប៉ូលិសខេត្តមិនទាន់សហការនឹងក្រុមមន្ត្រីអង្គការសហប្រជាជាតិ ដើម្បីជួយសង្គ្រោះជនភៀសខ្លួនម៉ុងតាញ៉ា វៀតណាម ចំនួន ១៣នាក់នោះទេ។ លោក ឆាយ ធី បន្តថា ក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនមានសមាជិក ៤នាក់បានព្យាយាមជួបនឹងអភិបាលខេត្ត ប៉ុន្តែត្រូវបានបដិសេធ។ លោកបន្ថែមថា ក្រុមការងារអង្គការសហប្រជាជាតិ បានសាកសួររូបលោកអំពីស្ថានភាពនៃក្រុមម៉ុងតាញ៉ាវៀតណាម ទាំង ១៣នាក់ ហើយចង់ធ្វើដំណើរទៅជួបអ្នកទាំងនោះ។ ប៉ុន្តែលោកមានក្ដីបារម្ភពីសុវត្ថិភាពជនភៀសខ្លួនទាំងនោះនៅពេលពួកគេចេញពីព្រៃមកជួបនឹងមន្ត្រីអង្គការសហប្រជាជាតិ៖ «ខាង យូ.អិន គាត់សួរយោបល់យើងដែរថា ត្រូវចុះទៅជួយពួកគាត់យ៉ាងម៉េច? យើងថា ការចុះទៅវាមិនពិបាកទេ ប៉ុន្តែយើងពិបាកខាងសុវត្ថិភាពរបស់ជនភៀសខ្លួននៅពេលយើងមិនទាន់មានការសហការជាមួយរដ្ឋាភិបាល ហើយអាជ្ញាធរមិនព្រមសហការនឹងយើងទៀត»។
លោក ឆាយ ធី បញ្ជាក់ថា ក្រុមអង្គការសហប្រជាជាតិ នឹងបន្តស្នាក់នៅខេត្តរតនគិរី ដើម្បីស្វែងរកវិធីជួយសង្គ្រោះជនភៀសខ្លួនទាំងនោះ។ លោកបន្តថា មន្ត្រីទាំងនោះកំពុងសរសេរលិខិតទៅស្ថានទូតបរទេសមួយចំនួន និងក្រសួងមហាផ្ទៃ ដើម្បីស្វែងរកកិច្ចសហការពីអាជ្ញាធរមូលដ្ឋានដើម្បីជួយសង្គ្រោះជនភៀសខ្លួនទាំងនោះ។
ពាក់ព័ន្ធនឹងសំណើរបស់មន្ត្រីអង្គការសហប្រជាជាតិឲ្យមានកិច្ចសហការពីក្រសួងមហាផ្ទៃនេះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា បានព្យាយាមរុករកជនជាតិចារ៉ាយវៀតណាម ទាំង ១៣នាក់ ដើម្បីឲ្យផ្ដល់ម្ហូបអាហារ និងថ្នាំពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបដិសេធមិនអត្ថាធិប្បាយថា តើអាជ្ញាធរខេត្តអាចចាប់បញ្ជូនអ្នកទាំងនោះទៅវៀតណាម វិញ ក្រោយពេលពួកគេចេញទៅជួបសមត្ថកិច្ច ឬយ៉ាងណានោះទេ៖ «រដ្ឋាភិបាលចង់ដឹងរដ្ឋាភិបាលអំពាវនាវឲ្យគាត់ចេញមកដើម្បីឲ្យម្ហូបអាហារគាត់ ឲ្យថ្នាំសង្កូវ។ លឺថាគាត់ឈឺ យើងខំសម្បើមណាស់ ប៉ុន្តែអត់ឃើញ អត់មាន។ សំណួរ៖ បើចេញមកអាចចាប់ដែរទេឯកឧត្ដម? យើងអត់ទាន់សន្និដ្ឋានថាម៉េចបានទេ។ ប៉ុន្តែចំពោះមុខយើងអំពាវនាវហើយអំពាវនាវទៀតឲ្យគាត់បង្ហាញខ្លួនដើម្បីយើងដោះស្រាយបញ្ហាបន្ទាន់»។
លោក កុយ គួង បញ្ជាក់ទៀតថា ដោយសារតែសមត្ថកិច្ចមិនអាចស្វែងរកជនភៀសខ្លួនម៉ុងតាញ៉ា ទាំងនោះឃើញនៅឡើយ រដ្ឋាភិបាលគិតថា ព័ត៌មានពីរឿងនេះជាព័ត៌មានមិនពិត។
ពាក់ព័ន្ធទៅនឹងការអះអាងរបស់លោក កុយ គួង នេះ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាលពីថ្ងៃពុធម្សិលមិញបញ្ជាក់ថា លោកត្រេកអរដែលសមត្ថកិច្ចមិនទាន់រកឃើញជនភៀសខ្លួនទាំងនោះ ប្រសិនបើសមត្ថកិច្ចរកឃើញនោះ ប្រហែលជាជនភៀសខ្លួនទាំងនោះត្រូវបានចាប់បញ្ជូនទៅវៀតណាម វិញអស់ទៅហើយ។
លោក ហ្វីល រ៉ូប៊ើតសុន បន្ថែមទៀតថា ក្រសួងមហាផ្ទៃ បានបដិសេធមិនសហការនឹងមន្ត្រីអង្គការសហប្រជាជាតិដើម្បីចុះទៅសង្កេតការណ៍ជួយសង្គ្រោះជនភៀសខ្លួនម៉ុងតាញ៉ា។ លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែអនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយគាំទ្រជនភៀសខ្លួន៖ «រដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ យូ.អិន.អេច្ឆ.ស៊ី.អ ធ្វើការនឹងក្រុមអង្គការសិទ្ធិមនុស្សផ្សេងទៀត ដើម្បីនាំយកជនភៀសខ្លួនទាំងនោះទៅទីក្រុងភ្នំពេញ ដើម្បីធ្វើកិច្ចសម្ភាសន៍កំណត់ពីថា តើពួកគេពិតជាមានឋានៈជាជនភៀសខ្លួនឬទេ? ប្រសិនបើមានការសម្ភាសន៍ដោយអព្យាក្រឹត និងមិនលំអៀងនោះ ខ្ញុំសង្ឃឹមថា ពួកគេពិតជាទទួលបានឋានៈជាជនភៀសខ្លួនមិនខាន ហើយប្រសិនបើពួកគេទទួលបានសិទ្ធិជាជនភៀសខ្លួននោះ ជាពិសេសពួកគេជាម៉ុងតាញ៉ា ថែមទៀតនោះ ពួកគេនឹងអាចផ្តល់សិទ្ធិរស់នៅក្នុងប្រទេសទីបី»។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន កាលពីថ្ងៃអង្គារ ទី២ ធ្នូ ធ្លាប់ព្រមានអាជ្ញាធរកម្ពុជា មិនឲ្យចាប់បញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសវៀតណាម ដោយបង្ខំ។ សេចក្ដីថ្លែងការណ៍អង្គការសហប្រជាជាតិ បញ្ជាក់ថា ការបង្ខំចាប់បញ្ជូនជនភៀសខ្លួនទាំងនោះទៅវៀតណាម ជាការរំលោភកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា ដែលអនុញ្ញាតឲ្យជនភៀសខ្លួនចូលមកកម្ពុជា ដើម្បីស្វែងរកកិច្ចគាំពារដោយសេរី។
កាលពីសប្ដាហ៍មុន ជនភៀសខ្លួនមួយក្រុមដែលមានគ្នាចំនួន ៨នាក់ បានប្រាប់វិទ្យុអាស៊ីសេរីថា ពួកគេបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ដែលបានគាបសង្កត់សិទ្ធិសេរីភាពផ្នែកសាសនា និងសិទ្ធិធ្វើការទាក់ទងសាច់ញាតិនៅក្រៅប្រទេស។ ពួកគេមួយចំនួនធ្លាប់ត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគារដោយសារការគោរពសាសនាគ្រិស្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
