ក្រុមស្ត្រីរងគ្រោះដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា និងសហគមន៍មានជម្លោះដីធ្លីដទៃទៀត សហការគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤១ នៅថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីទាមទារឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី ព្រមទាំងទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។ អ្នករៀបចំយុទ្ធនាការនៅសហគមន៍បឹងកក់នេះសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយតាមសំណើពួកគាត់។
សំឡេងស្រែក «សូមដោះលែងមន្ត្រីសិទ្ធិមនុស្ស ដោះលែង សូមដោះលែងអ្នកស្រី ទេព វន្នី ដោះលែង»!
សំឡេងស្រែកដង្ហោយរកយុត្តិធម៌របស់ក្រុមស្ត្រីរងគ្រោះដីធ្លីក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ បានបន្លឺជាងកន្លះឆ្នាំហើយ ប៉ុន្តែសំឡេងនេះមិនទទួលការសន្ដោសប្រណីពីថ្នាក់ដឹកនាំប្រទេសនោះទេ។
ផ្ទុយទៅវិញ ម្ចាស់សំឡេងដ៏អភ័ព្វទាំងនេះ ត្រូវបានរដ្ឋាភិបាលចោទថាមានចរិតធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល និងទទួលរងការគំរាមកំហែង ការបង្ក្រាប និងការចាប់ខ្លួនជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយចុះ តំណាងសហគមន៍មានជម្លោះដីធ្លី លោកស្រី បូវ សោភា បានស្រែកតាមឧបករណ៍បំពងសំឡេងដោយសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់យុត្តិធម៌ជូនតំណាងសហគមន៍បឹងកក់របស់គាត់ គឺអ្នកស្រី ទេព វន្នី និងមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប រួមទាំងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៖ « យើងនឹងសង្ឃឹមជឿជាក់ប្រមុខរដ្ឋាភិបាល ជាពិសេសគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់នឹងផ្តល់ក្តីមេត្តាឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី »។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤១ នេះ ប្រារព្ធធ្វើឡើងនៅតំបន់បឹងកក់ ដោយមានការចូលរួមពីប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅរាជធានីភ្នំពេញមួយចំនួនទៀត សរុបប្រមាណជិត ៥០នាក់។ ក្រោយជួបជុំថ្លែងសារមួយសន្ទុះ អ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលភាគច្រើនស្លៀកពាក់ពណ៌ខ្មៅ ដៃកាន់បដា និងរូបថតអ្នកស្រី ទេព វន្នី រូបថតមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងរូបថតលោកបណ្ឌិត កែម ឡី បាននាំគ្នាដើរហែក្បួនក្នុងសហគមន៍បឹងកក់ ដើម្បីយកបដារាប់ចំនួនថ្ងៃនៃការឃុំខ្លួនអ្នកទាំងនោះ ទៅបិទនៅមុខផ្ទះអ្នកស្រី ទេព វន្នី។ ទោះយ៉ាងណាក្តី ការដើរដង្ហែក្បួនរយៈពេលខ្លីនោះ ពុំមានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ចទេ បើទោះបីជាមានសមត្ថកិច្ចប្រមាណ ១០នាក់ដែលស្លៀកពាក់ស៊ីវិល តាមឃ្លាំមើលការធ្វើពិធីនេះក្ដី។
ក្រៅពីផ្តល់ក្តីសង្ឃឹមលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ តំណាងសហគមន៍មានជម្លោះដីធ្លី លោកស្រី បូវ សោភា ក៏មានក្តីសង្ឃឹមចំពោះភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ដែរ ព្រោះអ្នកស្រី ប៊ុន រ៉ានី នឹងយល់អំពីទុក្ខលំបាករបស់ស្ត្រីដូចគ្នា ជាពិសេសករណីអ្នកស្រី ទេព វន្នី ដែលជាប់ពន្ធនាការ ព្រាត់កូនយ៉ាងវេទនាដោយសារតវ៉ាទាមទារសិទ្ធិសេរីភាព និងផ្ទះសម្បែង៖ « ខ្ញុំសង្ឃឹមជឿជាក់ថា ក្នុងនាមជាម្តាយដូចគ្នា លោកជំទាវនឹងស្គាល់ពីភាពវេទនា និងការបែកបាក់ក្រុមគ្រួសារ។ សូម្បីតែលោកជំទាវ ប៊ុន រ៉ានី គាត់បែកកូនគាត់ គាត់ស្លាប់កូនគាត់ ៤០ឆ្នាំហើយ តែគាត់នៅតែមានក្តីអាណិត នៅតែមានក្តីអាឡោះអាល័យកូនគាត់ ឲ្យតែនិយាយកូនគាត់ គឺគាត់យំហើយ។ ចុះអ្នកស្រី ទេព វន្នី ដែលគាត់ជាម្តាយមួយរូបដែរនែក គាត់បែកកូនគាត់ទាំងភាពវេទនាបំផុត។ ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាម្តាយដូចគ្នា លោកជំទាវនឹងផ្តល់ក្តីមេត្តាដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពដើម្បីជួបជុំក្រុមគ្រួសារគាត់វិញ »។
មន្ត្រីសង្គមស៊ីវិលតែងតែជំរុញឲ្យរដ្ឋាភិបាលដោះស្រាយចំពោះការទាមទាររបស់សហគមន៍ដីធ្លី ដែលតែងតែរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងមិនត្រូវទុកបណ្ដោយឲ្យការទាមទារនេះកើតឡើងទៀតឡើយ ព្រោះវានឹងធ្វើឲ្យមានការរំលោភសិទ្ធិពលរដ្ឋកាន់តែធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលនឹងនៅតែបន្តរងការរិះគន់ខ្លាំងៗដដែល។
ក្រុមអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក៏ប្រកាសដែរថា នៅថ្ងៃទី១៤ ខែកុម្ភៈ ពួកគាត់នឹងជួបជុំគ្នាដង្ហែបដារូបថតអ្នកស្រី ទេព វន្នី និងរូបថតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក រូបថតមន្ត្រី គ.ជ.ប ទៅបិទនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើឲ្យលោកនាយករដ្ឋមន្ត្រីបានឃើញផ្ទាល់ ហើយចេញបញ្ជាអន្តរាគមន៍ដោះស្រាយតាមសំណើពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
