តំណាងពលរដ្ឋតវ៉ារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យ ម្នាក់ ត្រូវបានតុលាការខេត្តនេះសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការកាលពីយប់ថ្ងៃទី១៦ ខែធ្នូ។ ប៉ុន្តែការដោះលែងនោះ តុលាការតម្រូវឱ្យតំណាងពលរដ្ឋធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតវ៉ារឿងដីធ្លីរបស់ខ្លួនបន្តទៀត ពិសេសការតវ៉ាដែលខុសច្បាប់។ ទាក់ទិនបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បញ្ជាក់ថា តុលាការកំពុងរំលោភសិទ្ធិមនុស្ស ព្រមទាំងធ្វើឡើងដោយខុសច្បាប់ថែមទៀតផង។
ទោះបីជាតំណាងពលរដ្ឋរូបនោះបានយល់ព្រមធ្វើកិច្ចសន្យាជាមួយមន្ត្រីតុលាការ ដោយព្រមបញ្ឈប់សកម្មភាពតវ៉ារឿងដីធ្លីណាមួយដែលខុសទៅនឹងផ្លូវច្បាប់ក៏ដោយ ប៉ុន្តែលោកអះអាងថា លោកនឹងអាចរំលោភកិច្ចសន្យាបាន ប្រសិនបើមិនមានការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
តំណាងពលរដ្ឋនៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត លោក ឆេង ប៊ុនហាក់ មានប្រសាសន៍ថា តាមពិតទៅលោកមិនចង់ធ្វើកិច្ចសន្យា និងផ្ដិតមេដៃដើម្បីជាថ្នូរនឹងការនៅក្រៅឃុំប៉ុន្មានទេ ប៉ុន្តែបញ្ហាគ្រួសារ រួមនឹងគំនាបតុលាការផង ទើបលោកយល់ព្រមធ្វើតាមសេចក្ដីត្រូវការរបស់តុលាការ៖ «គេរំលោភបំពាន់លើខ្ញុំហើយ គេដាក់ខ្នោះ ឃុំខ្លួន។ គេគាបសង្កត់លើសិទ្ធិសេរីភាពរបស់ខ្ញុំ សួថាតើខ្ញុំឈឺចាប់ប៉ុណ្ណា»។
លោក ឆេង ប៊ុនហាក់ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ដោយសារដឹកនាំប្រជាពលរដ្ឋជាច្រើនគ្រួសារទាមទារឱ្យអាជ្ញាធរដោះស្រាយសំណងផលប៉ះពាល់ដោយគម្រោងធ្វើផ្លូវរថភ្លើង នៅក្រុងប៉ោយប៉ែត។ ក្រោយមកនៅថ្ងៃទី១៦ ខែធ្នូ តុលាការសម្រេចដោះលែងលោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ព្រមទាំងតម្រូវតំណាងពលរដ្ឋរូបនេះធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់នៅពេលក្រោយៗទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បានទេ នៅថ្ងៃទី១៨ ខែធ្នូ ដោយទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
ចំណែកចៅក្រមស៊ើបសួរសំណុំរឿងនេះ លោក ឡូយ ចាន់ត្រា មានប្រសាសន៍បញ្ជាក់ថា ចំពោះនីតិវិធីនៅដំណាក់កាលចៅក្រមស៊ើបសួរ គឺមិនបានតម្រូវឱ្យធ្វើកិច្ចសន្យាអ្វីនោះទេ ហើយការធ្វើកិច្ចសន្យាយ៉ាងណានោះ លោកមិនបានដឹងឡើយ៖ «អត់មានទេៗ ហើយខ្ញុំពិនិត្យមើលសំណុំរឿងក៏អត់មានកិច្ចសន្យាហ្នឹងទៀត»។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ថា ករណីនេះ តុលាការកំពុងរំលោភទៅលើផ្លូវច្បាប់ដោយខ្លួនឯង។ លោកបញ្ជាក់ថា នៅក្នុងផ្លូវច្បាប់ មិនអនុញ្ញាតឱ្យតុលាការដាក់លក្ខខណ្ឌណាមួយបណ្ដាលឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គល លើកលែងតែជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែការទាមទាររបស់ពលរដ្ឋមិនមែនជារឿងព្រហ្មទណ្ឌឡើយ៖ «ធ្វើបាតុកម្ម បើទោះបីជាបាតុកម្មនោះបានជូនដំណឹងឬអត់ក៏ដោយ ប៉ុន្តែមិនមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវស្ថិតនៅក្នុងលក្ខខណ្ឌដែលតុលាការត្រូវយកទៅដាក់ចំពោះប្រជាជននោះទេ»។
មន្ត្រីសិទ្ធិមនុស្សដដែលឱ្យដឹងទៀតថា ប្រជាពលរដ្ឋនៅតែមានសិទ្ធិធ្វើបាតុកម្ម ឬ ទាមទារដំណោះស្រាយដីធ្លីរបស់ខ្លួនដោយសន្តិវិធី និងអហិង្សាបានដដែល ពីព្រោះជាសិទ្ធិសេរីភាពដែលទទួលស្គាល់ដោយច្បាប់ជាតិ និងអន្តរជាតិ។ បន្ថែមពីនេះទៀត ប្រជាពលរដ្ឋត្រូវក្លាហានដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួន។ ចំណែកតុលាការមានតួនាទីអនុវត្តឱ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់មិនមែនប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនដើម្បីរំលោភច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
