ការលើកឡើងដូច្នេះ បន្ទាប់ពីពលរដ្ឋក្នុងសហគមន៍អណ្ដូង ២នាក់ បានជូនបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជួបសម្ភាសពលរដ្ឋ កាលពីថ្ងៃទី២៥ មីនា ដើម្បីធ្វើរបាយការណ៍អំពីស្ថានភាពបណ្ដេញចេញនៅកម្ពុជា ហើយពលរដ្ឋក្នុងសហគមន៍នោះ បានរងការគំរាមកំហែងដោយសំដី និងប៉ុនប៉ងវាយដំពីប្រធានសហគមន៍។ ករណីនេះ ពលរដ្ឋដែលរងការគំរាម បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរសង្កាត់ តែត្រូវច្រានចោល។
ពលរដ្ឋរស់នៅក្នុងសហគមន៍អណ្ដូង សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់សំណើទៅអង្គការមិនមែនរដ្ឋាភិបាលឲ្យជួយអន្តរាគមន៍ លើករណីអាជ្ញាធរសង្កាត់ មិនបំពេញកាតព្វកិច្ចជាអាជ្ញាធរ ដោយមិនទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋ។
អ្នកស្រី យ៉ង់ សោភ័ណ្ឌ ពលរដ្ឋក្នុងសហគមន៍អណ្ដូង បានឲ្យដឹងនៅថ្ងៃទី៣១ មីនា ថា អ្នកស្រីបានដាក់ពាក្យប្ដឹងប្រធានសហគមន៍ទី៤ គឺលោក ទេព ណាន់ ជាសហគមន៍ដែលគាត់កំពុងរស់នៅក្នុងភូមិអណ្ដូង ពីបទជេរប្រមាថ គំរាមវាយសម្លាប់អ្នកស្រី និងគំរាមមិនឲ្យអ្នកស្រីបានទទួលប្លង់កម្មសិទ្ធិដីធ្លីទៅសាលាសង្កាត់គោករកា កាលពីថ្ងៃទី២៧ មីនា បន្ទាប់ពីគាត់បានជូនក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចូលជួបពលរដ្ឋក្នុងសហគមន៍អណ្ដូង។
អ្នកស្រីបន្តថា ចៅសង្កាត់រងគោករកា លោក យិន នៅ បានច្រានចោលពាក្យបណ្ដឹងនេះភ្លាមៗ ដោយចោទថា អ្នកស្រីជាអ្នកដឹកនាំប្រឆាំងនឹងអាជ្ញាធរសាធារណៈ ហើយអ្នកបះបោរនាំមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចូលសហគមន៍ដោយគ្មានការអនុញ្ញាត។
ឆ្លើយតបបញ្ហានេះ ចៅសង្កាត់គោករកា លោក ភី ណុប បានព្យាយាមឆ្លើយបង្វែរសំនួររបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលបានសួរអំពីមូលហេតុដែលអាជ្ញាធរសង្កាត់មិនទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋ។ លោកចៅសង្កាត់ បែរជាសួរត្រឡប់មកវិញថាតើមានច្បាប់ឬអត់?
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វ៉ាន់ សូផាត មានមតិថា នេះជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលលោកហ៊ាននិយាយថា ពលរដ្ឋក្នុងសហគមន៍អណ្ដូងរស់នៅពោរពេញដោយភាពភ័យខ្លាច។ លោកថា ការបដិសេធពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ពលរដ្ឋនេះ តាមផ្លូវច្បាប់ពលរដ្ឋអាចប្ដឹងអាជ្ញាធរវិញបាន។ ករណីនេះ មជ្ឈមណ្ឌលអាចជួយប្រឹក្សា និងផ្ដល់ជំនួយផ្នែកច្បាប់ជូនពលរដ្ឋប្រសិនជាត្រូវការ។
កាលពីថ្ងៃទី២៥ ខែមីនា ក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចុះទៅភូមិអណ្ដូង ជាទីតាំងថ្មីរបស់ពលរដ្ឋអ្នកសំបុកចាបដែលបានបណ្ដេញចេញកាលពីឆ្នាំ២០០៦ ដើម្បីជួបសម្ភាសន៍ពលរដ្ឋ ក្នុងបំណងបំពេញការងារស្រាវជ្រាវសម្រាប់របាយការណ៍ដីធ្លីរបស់ខ្លួន។ ក្នុងពេលក្រុមការងារចុះទៅភូមិអណ្ដូងនោះ អាជ្ញាធរបានព្យាយាមរារាំងរកច្បាប់អនុញ្ញាត។ ប៉ុន្តែទីបំផុត អាជ្ញាធរបានអនុញ្ញាតឲ្យក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្ស បានជួបសម្ភាសពលរដ្ឋវិញ ដោយមានអ្នកស្រី យ៉ង់ សោភ័ណ្ឌ និងលោក ហន សោភា ជាពលរដ្ឋក្នុងសហគមន៍នេះជូនដើរក្នុងសហគមន៍។ ហើយនៅយប់ថ្ងៃដដែល បង្កឲ្យមានជម្លោះរវាងអ្នកជូនដំណើរ គឺអ្នកស្រី យ៉ង សោភ័ណ្ឌ និងប្រធានសហគមន៍ គឺលោក ទេព ណាន់ ដែលបានចោទពួកគាត់ថា ជាអ្នកបំផុសបំផុល មិនគោរព មិនស្ដាប់បង្គាប់អ្នកដឹកនាំសហគមន៍ ទើបបង្កឲ្យមានការប៉ះទង្គិចពាក្យសំដី ហើយប្រធានសហគមន៍បានកាន់ដំបងគំរាមវាយ ទើបឈានដល់ការប្ដឹងផ្ដល់ដល់សាលាសង្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
