អង្គការ​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី

0:00 / 0:00

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ឃាត់​ខ្លួន និង​កាត់ទោស​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ចំនួន ៧​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ។ អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ការ​ចាប់​ពលរដ្ឋ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​គាប​សង្កត់​សកម្មជន និង​គណបក្ស​ប្រឆាំង។

មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​បញ្ជាក់​ថា ការ​ចាប់​សកម្មជន​ដីធ្លី និង​គណបក្ស​នយោបាយ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ផ្សេង​ទៀត​កុំ​ឲ្យ​ងើប​ឡើង​តវ៉ា ហើយក៏​ជា​ការ​គាបសង្កត់​ផ្នែក​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង។

​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា ក្រោយ​ពី​ចៅក្រម​បើក​សវនាការ​បិទ​ទ្វារ​មក តុលាការ​បាន​សម្រេច​កាត់​ទោស​ស្ត្រី​សកម្ម​ដីធ្លី​ទាំង ៧​នាក់ រួម​មាន​អ្នកស្រី ទេព វន្នី ផង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ហើយ​ម្នាក់ៗ​ត្រូវ​ពិន័យ​ទឹក​ប្រាក់​ពីរ​លាន​រៀល។
តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​នៅ​ពេល​ពលរដ្ឋ​ប្រមាណ ៦០​នាក់​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្ទះ​របស់​ពួកគេ​លិច​ទឹក​ដោយសារ​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់។ បច្ចុប្បន្ន​អ្នក ៧​នាក់​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

លោក អំ សំអាត បន្ថែម​ទៀត​ថា តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​ទៅ​លើ​ស្ត្រី​សកម្មជន​តំបន់​បឹងកក់ ឡើយ៖ «សំឡេង»។

ក្រៅ​ពី​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង ៧​នាក់​នោះ សមត្ថកិច្ច​ក៏​បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី ៣​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ថែម​ទៀត​នៅ​ពេល​ពួកគេ​កំពុង​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា។ សមត្ថកិច្ច​បន្ត​ឃុំឃាំង​សកម្មជន​និង​ព្រះសង្ឃ ហើយ​គ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ វិច្ឆិកា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ក៏​បាន​ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ-​អាមេរិកាំង និង​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម។ បើសិនជា​តុលាការ​រក​ឃើញ​ថា លោក​ពិតជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។

មេធាវី លោក មាជ សុវណ្ណារ៉ា គឺ​លោក ចាន់ ចេន អះអាង​ថា តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក​សោះ ពីព្រោះ​កូន​ក្តី​លោក​មិន​បាន​ចូលរួម​ប្រើ​ហិង្សា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា នោះ​ទេ។ លោក​បន្ត​ថា លោក​ទុក​ពេល​ឲ្យ​ចៅក្រម​រយៈពេល ៥​ថ្ងៃ​ទៅ​មុខ​ទៀត ដើម្បី​ឆ្លើយ​តប​សំណើ​ដោះលែង​កូន​ក្តី​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ មុន​នឹង​លោក​ទៅ​ប្ដឹង​សាលាឧទ្ធរណ៍៖ «សំឡេង»។

​ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​រំលោភ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា បញ្ចប់​វិបត្តិ​នយោបាយ និង​ឈប់​គាប​សង្កត់​គណបក្ស​ប្រឆាំង។

​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ទាំង​៧​នាក់​ជា​បន្ទាន់ ពីព្រោះ​សកម្មភាព​តវ៉ា​របស់​ពួកគេ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​សកម្មជន​ដីធ្លី​នេះ​ជា​អំពើ​ឆោត​ល្ងង់។ សកម្មជន​ទាំង​នោះ​ធ្លាប់​សំដែង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដូច្នោះ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​បង្ហាញ​ថា វិស័យ​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​ឲ្យ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ។ ចំពោះ​ករណី​នេះ ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត ត្រូវ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា ទង្វើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។ ម្ចាស់​ជំនួយ​ទាំង​នោះ​ត្រូវតែ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​នោះ»

លោក​បន្ត​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នឹង​ធ្វើ​យុទ្ធនាការ​មួយ​ចំនួន​ដើម្បី​គាប​សង្កត់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្ម​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី និង​គណបក្ស​នយោបាយ​ឡើយ កាល​ពី​ថ្ងៃ​អង្គារ ទី​១១ វិច្ឆិកា។

​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ធ្លាប់​ចាប់​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ចំនួន ១១​នាក់ ឃុំ​ខ្លួន​ម្ដង​រួច​ហើយ ក្នុង​នោះ​រួម​មាន​អ្នកស្រី ទេព វន្នី ផង ប៉ុន្តែ​បាន​ដោះលែង​វិញ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពី​ក្រសួង​ការបរទេស​អាមេរិក ជួប​នឹង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជុំវិញ​ការ​ចាប់​ខ្លួន​ស្ត្រី​តំបន់​បឹងកក់​នោះ។ ក្រោយ​ពី​ចេញពី​ពន្ធនាគារ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ផ្ដល់​ពាន​រង្វាន់​កិត្តិយស​មេដឹកនាំ​ឆ្នើម​ផ្នែក​ការពារ​ជីវិត​សាធារណៈ​ពី​អង្គការ វ៉ាយថល វ៉យស៍ (Vital Voices) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។