អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​២០១៤

0:00 / 0:00

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ស្ថានការណ៍​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ ជា​ស្ថានការណ៍​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ កត់​សម្គាល់​បែប​នេះ​តាម​រយៈ​របាយការណ៍​សកល​ប្រចាំ​ឆ្នាំ​២០១៥ របស់​ខ្លួន ដើម្បី​វាយ​តម្លៃ​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក។

ការ​ប្រើ​ហិង្សា​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ការ​ប្រើ​កម្លាំង​លើសលប់​បង្ក្រាប​កម្មករ និង​និទ្ទណ្ឌភាព ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ ការ​រឹប​អូស​ដីធ្លី ការ​ឃុំ​ខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ អំពើ​ទារុណកម្ម ការ​គាប​សង្កត់​លើ​សហជីព សុទ្ធ​សឹង​តែ​ជា​បញ្ហា​សំខាន់​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៤ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ហិង្សា​ជា​ញឹកញយ​គាប​សង្កត់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​បង្ខំ​បក្ស​ប្រឆាំង​ឲ្យ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ព្រម​ទាំង​បង្ខំ​ឲ្យ​បក្ស​ប្រឆាំង​បញ្ចប់​ពហិការ​មិន​ចូល​សភា​របស់​ពួក​គេ​ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​តវ៉ា​របស់​កម្មករ និង​សហជីព ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ។ ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់ ៧​នាក់​បាត់​បង់​ជីវិត និង​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ​លើក​ឡើង​ដែរ​ថា ចាប់​តាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឡើង​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា មក សមាជិក និង​មេ​បញ្ជាការ​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល មិន​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ចំពោះ​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស ការ​សម្លាប់​ដោយសារ​ហេតុផល​នយោបាយ ឬ​ការ​ធ្វើ​ទារុណកម្ម​លើ​មនុស្ស​ដទៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​រហូត​ទៅ​ដល់​ជិត ៩០​ករណី​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង សហជីព មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ ជាដើម។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ទៀត​ថា ស្រប​ពេល​ដែល​មាន​ការ​កាត់​ក្ដី​ដោយ​នយោបាយ និង​អយុត្តិធម៌ គណបក្ស​ប្រជាជន​កម្ពុជា បង្កើន​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​តុលាការ ដោយ​ការ​ប្រញាប់ប្រញាល់​បង្កើត​ច្បាប់​ថ្មី​៣ ទាក់ទង​នឹង​តុលាការ​យ៉ាង​លឿន គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ លើស​ពី​នេះ​ទៀត យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បរិហារ​ការ​លូក​ដៃ​របស់​រដ្ឋាភិបាល​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដែរ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ គឺ​ចេញ​ផ្សព្វផ្សាយ​ប្រមាណ ២​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) ចេញ​របាយការណ៍​មួយ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្រោម​ការ​ដឹក​នាំ​រយៈពេល ៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដក​តំណែង លោក សៅ សុខា ពី​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយសារ លោក សៅ សុខា អះអាង​ថា លោក​រៀន​សូត្រ​តាម​មេ​ដឹក​នាំ​ផ្ដាច់​ការ​អាល្លឺម៉ង់ អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler)។

ឆ្លើយ​តប​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ថ្ងៃ​ទី​២៩ មករា មន្ត្រី​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ទិត្យ សុធា មាន​ប្រសាសន៍​ថា របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទោះ​ជា​មួយ​ទំព័រ ឬ​មួយ​ពាន់​ទំព័រ​ក្ដី គឺ​សម្លឹង​ឃើញ​អាក្រក់​ជានិច្ច​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ពីព្រោះ​អង្គការ​នេះ​មិន​ទទួល​ស្គាល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ជំរុញ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា នោះ​ទេ៖ «គាត់​ទទួល​របាយការណ៍​តែ​ម្ខាង គឺ​ក្រុម​ប្រឆាំង​តែ​ម្ដង និយាយ​ជា​រួម​ទៅ​ដោយ​គាត់​ខ្វះ​ការ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត និង​ការ​រួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា។ គាត់​រក​តែ​ចំណុច​អវិជ្ជមាន​បន្តិចបន្តួច គាត់​យក​ទៅ​បំប៉ោង​ឲ្យ​ទៅ​ជា​ធំ។ ដូច្នេះ គាត់​មាន​ទេពកោសល្យ​ផ្លុំ​រុយ​ឲ្យ​ទៅ​ជា​ដំរី។ ក៏ប៉ុន្តែ សម្រាប់​ដំណើរ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លើក​ស្ទួយ​តម្លៃ​នីតិរដ្ឋ​នៅ​កម្ពុជា គឺ​មិន​អាស្រ័យ​ទៅ​លើ​ការ​ឲ្យ​យោបល់​ពី​ខាង យូមែន រ៉ៃត៍ វ៉ច្ឆ ហ្នឹង​ទេ គឺ​ជា​ការ​ប្រឹងប្រែង​ដោយ​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​យល់​ថា នេះ​គ្រាន់​តែ​ជា​ការ​បន្ទរ​សំឡេង​ឲ្យ​ក្រុម​ប្រឆាំង ដើម្បី​បំពុល​បរិយាកាស​នៅ​ក្នុង​សង្គម​កម្ពុជា តែ​ប៉ុណ្ណោះ»

ដោយ​ឡែក​ខាង​អង្គការ​មិន​មែន​រដ្ឋាភិបាល គឺ​មន្ត្រី​ឃ្លាំ​មើល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ស្រប​ពេល​ដែល​ទទួល​ស្គាល់​ការ​អភិវឌ្ឍ​វិជ្ជមាន​របស់​រដ្ឋាភិបាល លោក​ក៏​ចាត់​ទុក​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ស្រប​នឹង​ស្ថានការណ៍​កើត​មាន​ពិត បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ហើយ​ថា​ជា​ជំហាន​អវិជ្ជមាន​របស់​រដ្ឋាភិបាល៖ «មាន​កើត​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​រហូត​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស ហើយ​មាន​ការ​បិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ​បញ្ចេញ​មតិ អា​នេះ​វា​ជា​ស្ថានភាព​ជាក់ស្ដែង ហើយ​ការ​ប្រើប្រាស់​កម្លាំង យើង​ឃើញ​ថា តាំង​ពី​កម្លាំង​សន្តិសុខ កម្លាំង​យោធា កម្លាំង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល ឃើញ​ថា​ច្រើន​ហួស​ហេតុ​នៅ​ក្នុង​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​របស់​បាតុករ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​បាញ់​មនុស្ស​ស្លាប់ និង​រង​របួស មិន​ត្រូវ​បាន​ស៊ើប​អង្កេត និង​បញ្ជូន​ទៅ​ផ្ដន្ទាទោស​ទេ។ នេះ​ហើយ​វា​ជា​ភាព​និទ្ទណ្ឌភាព​មួយ ដែល​ជា​វប្បធម៌​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រព្រឹត្តិ​ហ្នឹង នៅ​តែ​ប្រព្រឹត្ត​បន្ត ពីព្រោះ​ខ្លួន​ប្រព្រឹត្ត​ហើយ​មិន​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់»

ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ចំណុច​អវិជ្ជមាន​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ដើម្បី​កែប្រែ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និទ្ទណ្ឌភាព ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​ដីធ្លី​កើត​ឡើង​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។