សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដែលចេញផ្សាយនៅថ្ងៃទី២១ មករា បានសរសេរថា ការបោះឆ្នោតមិនត្រឹមត្រូវនៅកម្ពុជា ជំរុញឱ្យមានការតវ៉ា ហើយការបង្ក្រាបអ្នកការពារសិទ្ធិមនុស្ស និងការរឹបអូសយកដីធ្លីនៅតែបន្ត។
នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំអាស៊ី គឺលោក ប៊្រែដ អាដាម ត្រូវបានស្រង់សម្ដីក្នុងសេចក្ដីថ្លែងការណ៍ថា ពលរដ្ឋកម្ពុជា បានបង្ហាញឆន្ទៈកាន់តែខ្លាំងឡើងៗក្នុងការអនុវត្តសិទ្ធិមូលដ្ឋានរបស់គេ ប្រឈមនឹងបក្សកាន់អំណាចគ្មានឆន្ទៈគោរព៖ «បណ្ដាប្រទេសផ្ដល់ជំនួយមកកម្ពុជា ភាគច្រើនដែលជាអ្នកផ្ដល់ថវិកាដល់រដ្ឋាភិបាល នៅតែមើលមិនឃើញនូវអំពើអាក្រក់របស់រដ្ឋាភិបាលកម្ពុជា រួមមាន ការគ្រប់គ្រងមិនល្អ អំពើពុករលួយ និងការបង្ក្រាបគាបសង្កត់ជាប្រចាំ ដែលប្រជាពលរដ្ឋកម្ពុជា តែងសម្ដែងការខកចិត្តមែនទែន»។
លទ្ធផលផ្លូវការនៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយូរ មកកាន់អំណាចបន្តទៀត។ ការចោទប្រកាន់ដែលអាចឱ្យជឿបានអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ចេះតែបន្ត ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនបានស៊ើបអង្កេត បានធ្វើឱ្យមេបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំមហាបាតុកម្មជាញឹកញាប់។ កងកម្លាំងសន្តិសុខ បានប្រើកម្លាំងហួសហេតុបង្ក្រាបការតវ៉ា និងភាពចលាចលទាំងនេះ។
លិខិតបន្តថា ការផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់អាជីវកម្មលើដីរដ្ឋ មិនបានទប់ស្កាត់អ្នកមានអំណាច មិនរឹបអូសយកដីអ្នកក្រ និងសហគមន៍ទេ។ ការរឹបអូសយកដីនេះ បានធ្វើឱ្យប៉ះពាល់ពលរដ្ឋកម្ពុជា រាប់សែននាក់។ ជម្លោះដីធ្លីមានបន្តនៅឆ្នាំ២០១៣ ហើយអាជ្ញាធរយកនីតិវិធីនៅក្នុងតុលាការ ដែលរដ្ឋាភិបាលគ្រប់គ្រង មកប្រឆាំងអ្នកការពារសិទ្ធិដីធ្លី ហើយផ្ដន្ទាទោសចំពោះការខំតស៊ូមតិរបស់គេ។
គណបក្សប្រជាជនកម្ពុជា បានឆ្លើយតបភាពចលាចលក្រោយការបោះឆ្នោត ដោយកាយវិការលួងលោមមជ្ឈដ្ឋានសាធារណៈ និងអន្តរជាតិខ្លះៗ។ ឧទាហរណ៍ តុលាការបានដោះលែងជាបណ្ដោះអាសន្នអ្នកការពារដីធ្លីលេចធ្លោមួយរូប គឺអ្នកស្រី យ៉ោម បុប្ផា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។ ក៏ប៉ុន្តែ ការដោះលែងនេះនៅតែទុកឱ្យគាត់ជាប់ពិរុទ្ធដដែល។
សេចក្ដីថ្លែងការណ៍បានបញ្ចប់សេចក្ដីដោយប្រសាសន៍ លោក ប៊្រែដ អាដាម ថា បក្សប្រជាជនកម្ពុជា មិនទាន់ត្រៀមខ្លួនរួចស្រេចសម្រាប់កែទម្រង់ទេ៖ «កាយវិការរបស់មនុស្សស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា រួមមានទាំងអំពើហិង្សា និងការគំរាមកំហែងកាន់តែខ្លាំងៗនេះ ជាការបង្ហាញថា គណបក្សនេះមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកំណែទម្រង់ទេ។ ប៉ុន្តែ ផ្ទុយទៅវិញ វាជាភស្តុតាងដែលបញ្ជាក់ថា សម្ពាធអន្តរជាតិត្រូវការជាចាំបាច់ ដើម្បីនាំយកការផ្លាស់ប្ដូរផ្នែកសិទ្ធិមនុស្ស»។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រតិកម្មថា រដ្ឋាភិបាលមិនមានអ្វីចម្លែកទេនឹងសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នោះ៖ «គ្មានអ្វីចម្លែក ឬភ្ញាក់ផ្អើលចំពោះរបាយការណ៍ ឬពាក្យសម្ដីហ្នឹងទេ។ អាហ្នឹងជាប្រវត្តិរបស់អង្គការហ្នឹងហើយ។ អង្គការហ្នឹងមានទិសដៅផ្ទុយពីអ្វីដែលយើងកំពុងតែពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលដោះស្រាយទៅតាមច្បាប់ និងនីតិរដ្ឋដែលយើងមាន។ ហើយការគ្រប់គ្រងស្ថានភាពឱ្យវិលត្រឡប់មកវិញនូវស្ថិរភាព នូវសណ្ដាប់ធ្នាប់សាធារណៈ ផ្ដល់ភាពសុខក្សេមក្សាន្តដល់មហាជននៅទីក្រុងភ្នំពេញ ហើយធ្វើឱ្យផ្លូវសាធារណៈក្លាយទៅផ្លូវមួយ ដែលអាចធ្វើដំណើរបានដោយសេរី ធ្វើឱ្យរោងចក្រក្លាយទៅជាផលប្រយោជន៍របស់កម្មករ និងនិយោជក ដែលគេកំពុងតែធ្វើការ កំពុងតែជជែកគ្នា អំពីការគិតគូរប្រាក់ដំណាច់ទីបំផុតរបស់គេ នេះហើយជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលមានចែងនៅក្នុងច្បាប់»។
ទន្ទឹមគ្នានឹងសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) នៅថ្ងៃទី២១ មករា ក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយដែរ ដោយអំពាវនាវឱ្យអាជ្ញាធរលុបចោលជាបន្ទាន់នូវការហាមប្រាមមិនឱ្យជួបប្រជុំ ការធ្វើបាតុកម្ម និងការហែក្បួននានា រហូតដល់ពេលសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ វិលមករកភាពធម្មតាវិញ។
ការចេញសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺបន្ទាប់ពីមានការឃាត់ខ្លួនសកម្មជន ១១នាក់ ដែលក្នុងនោះមាន លោក រ៉ុង ឈុន ផង កាលពីព្រឹកថ្ងៃទី២១ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
