អាជ្ញាធរ​ខេត្ត​តាកែវ​រារាំង​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​​ទិវា​សិទ្ធិ​មនុស្ស

អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​តាកែវ បាន​ចុះ​ទៅ​បិទ​ពិធី​សិទ្ធិ​មនុស្ស ១០ ធ្នូ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​ប្រជា​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ភូមិ​សង្គមមានជ័យ ឃុំ​កំពង់ត្របែក ស្រុក​បូរីជលសារ។

តំណាង​ប្រជា​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ភូមិ​សង្គម​មានជ័យ លោក វី ចាន់ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​ពិធី​នេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ធ្នូ ថា លោក​បាន​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន​តាំង​ពី​ពីរ​បី​ថ្ងៃ​មុន ក៏ប៉ុន្តែ​លោក​ថា មិន​ដឹង​យ៉ាងម៉េច​នៅ​ពេល​ប្រជាពលរដ្ឋ​ប្រហែល ១០០​នាក់ ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​នេះ ស្រាប់​តែ​មាន​អាជ្ញាធរ​ឃុំ និង​ស្រុក​បាន​ចុះ​ទៅ​បិទ​ពិធី​នោះ​តែ​ម្ដង៖ «ខ្ញុំ​ធ្វើ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សហគមន៍​ដឹង​អំពី​សិទ្ធិ​សេរី​របស់​គាត់ មាន​សិទ្ធ​ដើរ​ហើរ​ត្រឹម​ណា ដល់​ត្រឹម​ណា ដល់​ហើយ​កម្លាំង​គេ​មក​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ។ ពី​មុន​គេ​ថា​ឲ្យ ...ខំ​ទៅ​ជួល​តុ​ជួល​តាំង ទិញ​នំ​ទិញ​អី​គេ​មក​ហើយ ​ដល់​ហើយ​កម្លាំង​មក​ពី​ខាង​ឃុំ​គេ​បញ្ជា​មក គេ​ថា ឲ្យ​ខ្ញុំ​រំសាយ ខ្ញុំ​ក៏​រំសាយ​ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន និង​អភិបាល​ខេត្ត​តាកែវ បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម។

ដោយ​ឡែក​នៅ​ឯ​ខេត្ត​កំពត ឯ​ណោះ​វិញ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ នេះ​ដែរ។ មន្ត្រី​សិទ្ធិមនុស្ស​លីកាដូ លោក យន់ ផល្លី ឲ្យ​ដឹង​ថា មន្ត្រី​លីកាដូ បាន​ចុះ​ទៅ​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ដើម្បី​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ជូន​អ្នក​ទោស ជា​ការ​រំលឹក​ទិវា​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។