តើយុទ្ធនាការធម្មយាត្រាសិទ្ធិយាត្រា ដែលមានការចូលរួមពីព្រះសង្ឃ ដូនជី ប្រជាពលរដ្ឋ និងសង្គមស៊ីវិលអស់រយៈពេល ១០ថ្ងៃកន្លងមកនោះមានការលំបាកយ៉ាងណា និងទទួលបានលទ្ធផលយ៉ាងណានោះ?
«សំឡេងប្រកាសលទ្ធផល»
អ្នកសម្របសម្រួលនៃក្រុមយុទ្ធនាការធម្មយាត្រាសិទ្ធិយាត្រាទាំង ៥ទិស បានប្រកាសពីលទ្ធផលចំពោះមុខអ្នកចូលរួមរាប់ពាន់នាក់ នៅខាងមុខមន្ទីររដ្ឋសភាជាតិថា យុទ្ធនាការធម្មយាត្រាបានទទួលជោគជ័យ និងបានមកដល់គោលដៅតាមការគ្រោងទុក បើទោះបីមានការរារាំងរើសអើងពីអាជ្ញាធរខ្លះៗយ៉ាងណាក្តី។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គបាននិមន្តចូលរួមយ៉ាងសកម្មហែក្បួនធម្មយាត្រាដោយថ្មើរជើងរយៈពេល ១០ថ្ងៃនោះ មានថេរដីកាថា ក្បួនដង្ហែដោយថ្មើរជើងតាមផ្លូវជាតិទាំង៥ គឺផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ មានការរើសអើងពីអាជ្ញាធរ និងចៅអធិការវត្តមួយចំនួន ដែលក្បួនបានឆ្លងកាត់។
ព្រះតេជព្រះគុណបន្តថា ផ្លូវដែលមានបញ្ហាខ្លាំងជាងគេ គឺផ្លូវជាតិលេខ៥ បន្ទាប់មកផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវជាតិលេខ៦ ចំណែកផ្លូវជាតិលេខ១ គឺមានការចូលរួមពីអាជ្ញាធរ សហការគួរឲ្យមានមោទនភាព។
«សំឡេង»
ធម្មយាត្រាសិទ្ធិយាត្រា ដែលធ្វើដំណើរចេញពីខេត្តចំនួន៥ រួមមានខេត្តកំពង់ស្ពឺ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីខេត្តកំពត តាមផ្លូវជាតិលេខ៣ ពីស្វាយរៀង ចេញតាមផ្លូវជាតិលេខ១ កំពង់ធំ តាមផ្លូវជាតិលេខ៦អា និងខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥។ ក្នុងខ្សែនីមួយៗមានអ្នកធម្មយាត្រាប្រមាណ ៥០ ទៅ ៦០នាក់ ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវ ក៏បានចូលរួមធម្មយាត្រានោះដែរ និងមានឧបត្ថម្ភជាទឹក ចង្ហាន់ព្រះសង្ឃ និងម្ហូបចំណីមួយចំនួន។
ក្បួនធម្មយាត្រាទាំងនោះបានដើរហែក្បួនដែលមានព្រះសង្ឃ និងពលរដ្ឋសហគមន៍សង្គមស៊ីវិលជាច្រើនរយនាក់ ដោយម្នាក់ៗមានកាន់បដាពាក្យស្លោកទាក់ទងនឹងសិទ្ធិមនុស្សផង។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា នៅតាមដងផ្លូវមានព្រះសង្ឃនិមន្តចូលរួមធម្មយាត្រា មានចំនួនកើនឡើងជាបន្តបន្ទាប់លើសពីការរំពឹងទុក។ ព្រះអង្គពន្យល់ថា កត្តាដែលនាំឲ្យព្រះសង្ឃចូលរួមនេះក្នុងធម្មយាត្រាសិទ្ធិយាត្រា ឬកិច្ចការសង្គមយ៉ាងសកម្មបែបនេះ គឺអាស្រ័យលើទិដ្ឋភាពមួយចំនួន ទាក់ទងនឹងបញ្ហាអយុត្តិធម៌កើតមានច្រើនគ្រប់ទីកន្លែងក្នុងសង្គម ការគំរាមកំហែងព្រះសង្ឃ មានការបណ្ដេញព្រះសង្ឃចេញពីវត្តដោយមិនសមគួរជាដើម។
«សំឡេង»
ព្រះតេជព្រះគុណបន្តថា ទោះបីមានការរារាំងរំខានពីសំណាក់អាជ្ញាធរយ៉ាងណាក្តី ក៏មានញាតិញោមចូលរួមច្រើន មានទាំងទំនុកបម្រុងបច្ច័យបួនដល់ព្រះសង្ឃ ទំនុកបម្រុងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនទៀតដោយក្តីរីករាយ។
«សំឡេង»
ទាក់ទងនឹងក្បួនធម្មយាត្រានេះដែរ មន្ត្រីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលបានចូលរួម និងអង្កេតស្ថានការណ៍នោះដែរ បានកត់សម្គាល់ថា ធម្មយាត្រានេះបានបង្ហាញឲ្យឃើញពីកម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ គឺនៅមានភាពរឹងមាំ និងចេះស្រឡាញ់យកចិត្តទុកដាក់លើគ្នាទៅវិញទៅមក ទោះបីដោយផ្ទាល់ក្តី និងប្រយោលក្តី។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្ដាយនោះ គឺអាជ្ញាធរមួយចំនួនមិនបានសហការ ជាពិសេសទីអារាមខ្លះមានការរើសអើងមិនឲ្យក្រុមសិទ្ធិយាត្រាបានចូលស្នាក់អាស្រ័យនៅក្នុងទីអារាម ជាពិសេសនៅពេលយប់។
«សំឡេង»
លោកបន្តថា ការរើសអើង ឬបង្កបញ្ហាលំបាកបែបនេះ ហាក់ដូចជាបង្ហាញថា វត្តនោះជារបស់បក្សណាមួយ ឬក្រុមណាមួយផ្តាច់មុខ។
ក្រុមធម្មយាត្រាពីខេត្តកំពត តាមផ្លូវជាតិលេខ៣ ត្រូវបានព្រះចៅអធិការវត្តចក្រីទីង ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្ត បានរារាំងមិនឲ្យស្នាក់នៅ។ ក្បួនដង្ហែបានបកក្រោយមកវត្តសុខមនោរម្យ វិញ ដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីទីរួមខេត្តក៏មានបញ្ហាដូចគ្នា ប៉ុន្តែអាជ្ញាធរជាអ្នករារាំង តែក្រុមធម្មយាត្រាអាចសម្របសម្រួលសុំស្នាក់នៅបាន ដោយមានការគាំទ្រពីព្រះចៅអធិការវត្តនោះ។
ក្បួនធម្មយាត្រានៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ផ្លូវជាតិលេខ១ ក៏មានបញ្ហានៅក្នុងវត្តដូចគ្នាដែរ ប៉ុន្តែបានស្នាក់នៅនឹងផ្ទះអ្នកភូមិ។
ចំណែកក្រុមធម្មយាត្រានៅខេត្តពោធិ៍សាត់ ផ្លូវជាតិលេខ៥ ក៏មានបញ្ហានៅវត្តបន្ទាយក្ដី ដោយមិនត្រូវបានអនុញ្ញាតឱ្យស្នាក់ក្នុងសាលាឆាន់ ឬព្រះវិហារ ទេ។ ក៏ប៉ុន្តែ ក្រុមនេះត្រូវបានអនុញ្ញាតឱ្យស្នាក់ក្រោមដើមឈើក្នុងទីធ្លាវត្ត។
ក្រុមដដែលមកដល់ខេត្តកំពង់ឆ្នាំង បានប្ដូរជំហរឈប់ធ្វើធម្មយាត្រា បែរមកធ្វើបាតុកម្មវិញម្ដង ដោយបានបិទផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី៥ ធ្នូ នៅមុខវត្តអារញ្ញិករាម នាទីប្រជុំជនខេត្តកំពង់ឆ្នាំង ដើម្បីជាថ្នូរឲ្យបើកទ្វារវត្តចូលស្នាក់នៅ។
ក្បួនដង្ហែប្រចាំទិសផ្លូវជាតិលេខ៦ ពីកំពង់ធំ មកភ្នំពេញ។
ធម្មយាត្រារបស់ក្រុមបណ្ដាញសហគមន៍ សមាគម ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល បានប៉ះទង្គិចគ្នារយៈពេលខ្លីនៅស្រុកបារាយ ខេត្តកំពង់ធំ។ ការដែលឈានដល់ប្រើប្រាស់ហិង្សានេះ ត្រូវបានក្រុមហែក្បួនសិទ្ធិយាត្រា អះអាងថា ក្រុមប្រឹក្សាស្រុកមកពីគណបក្សប្រជាជនកម្ពុជា បញ្ជាមិនឲ្យក្រុមហែក្បួនចូលស្នាក់នៅក្នុងវត្តបារាយ។
នៅយប់ថ្ងៃទី៦ ធ្នូ ក៏មានករណីចោរលួចទូរស័ព្ទចំនួន ៥គ្រឿង និងលុយប្រមាណ ២០ម៉ឺនរៀល ជារបស់ក្រុមអ្នកហែក្បួនស្នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម។
ចំណែកនៅក្នុងខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ក៏មានបញ្ហាខ្លាំងដែរ គឺនៅវត្តមួយឈ្មោះថា វត្តជោតនារាម ត្រូវបានមន្ទីរធម្មការ និងសាសនា បានរារាំងដោយឲ្យព្រះសង្ឃមកបិទទ្វារ និងចាក់សោ មិនឲ្យក្បួនធម្មយាត្រាចូល រហូតមានចាប់ព្រះសង្ឃនៅវត្តនោះទៀតផង។
ក្បួនដដែលនេះពេលមកដល់ភ្នំពេញ ក៏មានបញ្ហាទៀត ដោយអាជ្ញាធរបិទផ្លូវមិនឲ្យចូលស្នាក់នៅវត្តនាគវ័ន្ត រហូតអ្នកដើរក្បួនបាននាំគ្នាបិទផ្លូវសហព័ន្ធរុស្ស៊ី ប្រមាណ ១៥នាទី។ ក្រោយមក ទើបមានការសម្របសម្រួលបើកផ្លូវវិញ ក្បួនក៏បានចូលទៅវត្តនោះ។
ការបិទរបងទ្វារវត្តមិនអនុញ្ញាតឲ្យក្រុមអ្នកហែក្បួនស្នាក់នៅនោះ ទាំងមន្ត្រីនគរបាល និងជំនាញពាក់ព័ន្ធ តែងឆ្លើយតបវិញថា ពួកគេបានទទួលបទបញ្ជាពីថ្នាក់លើក្នុងការចុះអនុវត្តផែនការនេះ។
ប៉ុន្តែ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បដិសេធថា រដ្ឋាភិបាលពុំដែលបញ្ជាឲ្យមានការបិទខ្ទប់បញ្ហាដូចនេះឡើយ។ លោកបន្តថា ផ្ទុយទៅវិញ ពួកគេជាក្រុមដែលរដ្ឋាភិបាលចាត់ទុកថា គឺជាផ្នែកមួយដែលចាំបាច់ទទួលខុសត្រូវ។ លោក ផៃ ស៊ីផាន ទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហានេះ ទៅលើថ្នាក់មូលដ្ឋាន ព្រោះពួកគេ គឺជាអ្នកដោះស្រាយដោយផ្ទាល់។ ហើយម្យ៉ាងថា តើក្រុមអ្នកហែក្បួនទាំងអស់មានលិខិតអនុញ្ញាតត្រឹត្រូវកម្រិតណាក្នុងការស្នាក់នៅនោះ។
ការធ្វើធម្មយាត្រា និងសិទ្ធិយាត្រានេះ គោលបំណងសំខាន់ គឺដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងមានយុត្តិធម៌សង្គម។ នៅក្នុងក្បួននីមួយៗ បានសរសេរលើបដាថា មានយុត្តិធម៌មានសន្តិភាព ព្រោះថា មានយុត្តិធម៌ គឺអាចបញ្ចប់និទ្ទណ្ឌភាពសង្គម និងបញ្ឈប់ឲ្យមានការរំលោភសិទ្ធិមនុស្ស ដូចជាការបណ្ដេញចេញពីលំនៅឋានជាដើម។ បញ្ហាកើតមានធ្ងន់ធ្ងរសព្វថ្ងៃ គឺបញ្ហារំលោភដីធ្លីដែលកើតមកពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការប្រើអំពើហិង្សារបស់ក្រុមសមត្ថកិច្ចប្រដាប់ដោយអាវុធបង្ក្រាបបាតុកម្ម និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍។
ធម្មយាត្រា និងសិទ្ធិយាត្រានេះ ក៏បានប្រមូលយកពាក្យបណ្ដឹង ឬបញ្ហានានានៅតាមមូលដ្ឋានចងជាដើមផ្កាក្រដាសពណ៌មាស ដង្ហែក្បួនឆ្លងកាត់តំបន់នីមួយៗ ហើយនឹងប្រមូលចងក្រងយកទៅដាក់ជូនតំណាងរាស្ត្រទាំងពីរគណបក្សនយោបាយដែលជាប់ឆ្នោត ចូលរួមជួយដោះស្រាយនូវបញ្ហាទាំងឡាយដែលប្រជាពលរដ្ឋបានជួបប្រទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។