មន្ត្រី​សង្គម​ស៊ីវិល​ត្រូវ​បាន​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​អាដហុក​និង​គ.ជ.ប

0:00 / 0:00

មន្ត្រី​អង្គការ​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​ដទៃ​ទៀត ថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប លោក នី ចរិយា នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នោះ​ទេ។

មន្ត្រី​អង្គការ​អាដហុក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​អះអាង​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ជាច្រើន​លើក​ច្រើនសា ដើម្បី​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក ៤​នាក់ និង​មន្ត្រី គ.ជ.ប ១​រូប​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​រហូត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ លើក​ហេតុផល​ថា មន្ត្រី​របស់​ពួក​គេ​ជាប់​រវល់ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​តាំង​ពី​ដើម​ខែ​មេសា ក្តី។ លោក សំ ច័ន្ទគា យល់​ថា អ្វី​ដែល​តុលាការ​ធ្វើ​នេះ គឺ​មិន​សម​ហេតុផល និង​មាន​ចេតនា​ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស៖ « អ្វី​ដែល​គេ​ធ្វើ​នេះ គឺ​ជា​ចេតនា​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស ដើម្បី​បំបាក់​ស្មារតី​តែ​ប៉ុណ្ណឹង។ បើ​រឿង​ហេតុផល​ផ្សេង​ពី​នោះ គឺ​យើង​ដូច​មិន​មាន​ឃើញ​ទេ ហេតុផល​ដែល​គេ​និយាយ​ថា មន្ត្រី​របស់​គេ​ជាប់​រវល់​ជាប់​អី។ ខ្ញុំ​គិត​ថា វា​មិន​ស័ក្តិសម​ក្នុង​ការ​ឆ្លើយ​ដោះសា​បែប​នេះ ព្រោះ​អ្នក​ដែល​រវល់ គឺ​មន្ត្រី​ប៉ូលិស។ នេះ​គឺ​តុលាការ​ដែល​ជា​អ្នក​មិន​អនុញ្ញាត ហើយ​តុលាការ​មាន​ទៅ​ការពារ​អ្នក​ជាប់​ឃុំ​ឯណា។ អ្វី​ដែល​គាត់​ធ្វើ​នេះ វា​អាច​ជា​បញ្ហា​របស់​គេ និង​ចេតនា​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស »

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បាន​ចេញ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នៃ​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​ឲ្យ​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប។ លិខិត​ដដែល​បន្ត​ថា ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​តែ​គ្រួសារ និង​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ប៉ុណ្ណោះ អាច​ចូល​សួរ​សុខ​ទុក្ខ​បាន ហើយ​ក្រៅ​តែ​ពី​មេធាវី គប្បី​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​យ៉ាង​តិច​ម្នាក់​នៅ​អម​ជាមួយ​ជានិច្ច។ លិខិត​ដដែល​មិន​បញ្ជាក់​ហេតុផល​អ្វី​ឡើយ។

លោក ហួន ជុនឌី មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី ៥​រូប​ដែល​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក មាន​ប្រសាសន៍​ថា ជា​គោលការណ៍ គឺ​ចៅក្រម​ស៊ើបសួរ ឬ​ព្រះរាជអាជ្ញា​មាន​សិទ្ធិ​សម្រេច​ឲ្យ​នរណា​ម្នាក់​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ត្រូវ​ចោទ​ក្នុង​ពន្ធនាគារ។ ទោះ​យ៉ាង​ណា​ក្តី លោក​សង្កេត​ឃើញ​ថា ករណី​មន្ត្រី​អាដហុក​នេះ ដូចជា​មិន​មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​ត្រូវ​រារាំង​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ចូល​សួរ​សុខ​ទុក្ខ​គ្នា​ឡើយ៖ « សាកសួរ​កន្លង​មក​ដូចជា​ចប់​សព្វគ្រប់​អស់​ហើយ​រយៈពេល ១​ខែ ២​ខែ​នេះ មិន​មាន​ឃើញ​ហៅ​សាក្សី ឬ​បុគ្គល​ណា​មួយ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ទេ ដែល​បង្ហាញ​ថា នីតិវិធី​នេះ​ចប់​សព្វគ្រប់ ដែល​មិន​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​នាំ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងអស់​នោះ​ចូល​ជួប​ទេ »

មន្ត្រី​អាដហុក​ទាំង ៤​រូប​រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ជិត ១​ឆ្នាំ​ហើយ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី» និង «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី»។

រីឯ​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ លោក សន កែវ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ករណី​នេះ​ច្បាស់​នៅ​ឡើយ។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ជា​គោលការណ៍ ខាង​ពន្ធនាគារ គឺ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ៖ « ជា​គោលការណ៍ រាល់​ពិរុទ្ធជន​ដែល​ជាប់​នីតិវិធី​តុលាការ យើង​ត្រូវ​ស្នើសុំ​ការ​អនុញ្ញាត​ជា​មុន​ពី​តុលាការ​សិន។ ចឹង​រឿង​នេះ ប្រហែល​តុលាការ​ឆ្លើយតប​ថា រឿង​នេះ​ឋិត​ក្នុង​នីតិវិធី​របស់​គាត់ គាត់​ក៏​មិន​អនុញ្ញាត​ឲ្យ​ជួប​ចឹង​ទេ ប្រហែល​ជា​ពន្ធនាគារ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ហើយ »

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អះអាង​ថា កន្លង​មក មន្ត្រី​អាដហុក និង​មន្ត្រី​អង្គការ​មួយ​ចំនួន ធ្លាប់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ធម្មតា ប៉ុន្តែ​ក៏​មាន​ការ​រើសអើង ឬ​ជម្រុះ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​ណា​ដែល​លេចធ្លោ និង​ពូកែ​រិះគន់​រដ្ឋាភិបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ឡើយ។

មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​អង្គការ​ដទៃ​ទៀត នៅ​តែ​ទទូច​ឲ្យ​តុលាការ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក​ទាំង ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប​ដែល​ជា​មិត្តភ័ក្ដិ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។