អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសចំពោះអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់កម្លាំងលើសលប់ វាយបង្ក្រាបទៅលើប្រជាពលរដ្ឋ និងក្រុមអ្នកតវ៉ាសិទ្ធិលំនៅឋាននៅសហគមន៍បុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏បានជំរុញឲ្យប្រទេសផ្តល់ជំនួយ ពិចារណាឡើងវិញពីការផ្តល់ជំនួយមកឲ្យរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ បានលើកឡើងថា ការប្រើប្រាស់កម្លាំងដ៏លើសលប់ និងមិនចាំបាច់របស់រដ្ឋាភិបាល ទៅលើសហគមន៍បុរីកីឡា គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ ស្ដីពីការប្រើប្រាស់កងកម្លាំង និងអាវុធដោយមន្ត្រីអនុវត្តន៍ច្បាប់។
ការលើកឡើងរបស់ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ មួយនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងនគរបាល និងកងសន្តិសុខសាលាខណ្ឌ៧មករា បានវាយបង្ក្រាបទៅលើអ្នកបុរីកីឡា ជាច្រើនអ្នកដែលបានបណ្ដាលឲ្យមនុស្ស ៧នាក់ រងរបួសធ្ងន់ ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនខ្ចីផងដែរ។
យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងបន្តថា ក្រោមគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់មធ្យោបាយអហិង្សាជាមុនសិន មុននឹងឈានដល់ការប្រើប្រាស់កម្លាំង ហើយនៅពេលដែលការប្រើប្រាស់កម្លាំងស្របច្បាប់មិនអាចជៀសរួច មន្ត្រីអនុវត្តន៍ច្បាប់ ត្រូវមានភាពអត់ធ្មត់ក្នុងការប្រើប្រាស់កម្លាំងទាំងនោះ និងត្រូវធ្វើសកម្មភាពឲ្យសមាមាត្រទៅនឹងភាពធ្ងន់ធ្ងរនៃទោសកំហុស ព្រមទាំងសមាមាត្រទៅនឹងគោលបំណងស្របច្បាប់ដែលខ្លួនចង់សម្រេចបាន។
យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានកត់សម្គាល់ផងដែរថា ព្រឹត្តិការណ៍នៅសហគមន៍បុរីកីឡា វាឆ្លុះបញ្ចាំងទៅនឹងបញ្ហាទូទៅ ជុំវិញការបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំពីទីក្រុង និងពីទីកន្លែងផ្សេងៗទៀត នៅប្រទេសកម្ពុជា ហើយថា ការបណ្ដេញចេញរបស់រដ្ឋាភិបាលដោយបង្ខំ និងគ្មានសំណងពេញលេញ និងយុត្តិធម៌នេះ គឺវាផ្ទុយទៅនឹងគោលការណ៍ និងសេចក្តីណែនាំជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ ស្ដីពីបណ្ដេញចេញ ឬការផ្លាស់ប្ដូរទីកន្លែងសម្រាប់គោលដៅអភិវឌ្ឍន៍។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានថា ការប្រើប្រាស់កម្លាំងវាយបង្ក្រាបយ៉ាងឃោរឃៅរបស់កងនគរបាល ទៅលើក្រុមអ្នកតវ៉ានាពេលចុងក្រោយនេះ គឺវាបានបង្ហាញពីគម្លាតយ៉ាងឆ្ងាយ ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលបានសន្យាក្នុងការធ្វើកំណែទម្រង់។ លោក អាដាម ក៏បានជំរុញឲ្យប្រទេសផ្តល់ជំនួយ ពិចារណាឡើងវិញពីការផ្តល់ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឬជំនួយថវិកាទៅឲ្យរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ប្រសិនបើរដ្ឋាភិបាលនេះមិនព្រមធ្វើកំណែទម្រង់ ប្រកបដោយអត្ថន័យ និងមិនព្រមបញ្ឈប់ការប្រើប្រាស់កម្លាំងវាយបង្ក្រាបទៅលើក្រុមសង្គមស៊ីវិល ព្រមទាំងមិនបញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំ។
លោក អាដាម ក៏បានថ្លែងបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរទទួលស្គាល់ថា ការតវ៉ាអំពីផ្ទះសម្បែងរបស់ពលរដ្ឋពេលនេះ វាគឺជាលទ្ធផលនៃការអនុវត្តរបស់រដ្ឋាភិបាល ដែលបានបណ្ដេញពលរដ្ឋចេញពីលំនៅឋាន និងដីធ្លីពួកគេ ដោយពុំបានឆ្លងកាត់ដំណើរការដោះស្រាយជាចំហ និងដោយពុំមានការផ្តល់សំណងត្រឹមត្រូវ និងយុត្តិធម៌។
មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅថ្ងៃទី១៥ កុម្ភៈ ថា លោកមិនដែលបានចាប់អារម្មណ៍នឹងអង្គការសិទ្ធិមនុស្សមួយនេះទេ។ លោកថា ការលើកឡើងរបស់ស្ថាប័នមួយនេះ គឺជាភាសាដដែល និងជាចម្រៀងដដែលៗ។ លោកថា វាជាសិទ្ធិលើកឡើងរបស់អង្គការមួយនេះ ហើយលោកក៏គ្មានតួនាទីអ្វីមកជជែកយកឈ្នះយកចាញ់ជាមួយស្ថាប័ននេះដែរ ប៉ុន្តែលោកថា អ្វីដែលក្រុមលោកចាប់អារម្មណ៍នោះ គឺការធ្វើឲ្យមានសុខដុមរមនីយកម្មរវាងប្រជាពលរដ្ឋ ដែលកំពុងទាមទារនូវផលប្រយោជន៍របស់ពួកគេ និងការគោរពសណ្ដាប់ធ្នាប់ ព្រមទាំងការធានាសណ្ដាប់ធ្នាប់របស់អាជ្ញាធរ។
លោក ផៃ ស៊ីផាន៖ «យើងជារដ្ឋាភិបាលស្របច្បាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ជាអង្គការ ជាអង្គការដែលយើងមិនទទួលស្គាល់ផងហ្នឹង យើងអត់ស្ថិតនៅក្រោមការបង្គាប់បញ្ជា ឬការវាយប្រហារពីអង្គការហ្នឹងទេ។ ប្រទេសនេះមិនមែនគ្រប់គ្រងដោយអង្គការសង្គមស៊ីវិល ឬអង្គការណាមួយទេ។ រាជរដ្ឋាភិបាល សាលាក្រុង កំពុងតែរៀបចំដោះស្រាយបញ្ហានីមួយៗ។ យើងមិនមែនដោះស្រាយទៅតាមរយៈបាតុកម្ម ហើយអ្នកធ្វើបាតុកម្មកូដកម្ម មិនគួរធ្វើអ្វីជាប្រតិកម្មក្នុងការកំពុងតែដោះស្រាយទេ យើងខ្មែរដូចគ្នា យើងអាចនិយាយបាន»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ អ្នកបុរីកីឡា ជាង ១៥០គ្រួសារ ដែលនៅខ្វែងគំនិតគ្នាក្នុងការចរចាជាមួយសាលារាជធានីភ្នំពេញ ចំពោះសំណងបណ្ដោះអាសន្ន បាននាំគ្នាឡើងទៅរស់នៅអគារទី៩ របស់ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Emix) ដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទាន ដើម្បីអភិវឌ្ឍតំបន់នោះ។ ប៉ុន្តែ ពលរដ្ឋទាំងនោះត្រូវបានកងកម្លាំងអាជ្ញាធរ វាយបណ្ដេញចេញពីអគារនោះ ដោយចោទប្រកាន់ថា ពួកគាត់ព្យាយាមកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់អ្នកដទៃ។
កាលពីឆ្នាំ២០០៤ ក្រុមហ៊ុន ផានអ៊ីម៉ិច បានសន្យាសាងសង់អគារជូនពលរដ្ឋបុរីកីឡា ចំនួន ១០អគារ សម្រាប់ពលរដ្ឋសហគមន៍បុរីកីឡា ចំនួន ១.៧៧៦គ្រួសារ។ ប៉ុន្តែ ក្រោយពេលសង់បាន ៨ល្វែង ក្រុមហ៊ុនប្រកាសថាខាតដើម ហើយក៏បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង់ត្រឹមតែ ៨អគារ។ បន្ទាប់មក អាជ្ញាធរបានប្រើហិង្សាបណ្ដេញពលរដ្ឋចេញពីបុរីកីឡា ដែលនៅរង់ចាំអគារ ២ល្វែងទៀតនោះ។ ទោះជាយ៉ាងណា អ្នកភូមិបុរីកីឡា ជាង ១០០គ្រួសារ មិនព្រមចាកចេញតាមការបណ្ដេញចេញរបស់អាជ្ញាធរឡើយ។ ពួកគាត់សុខចិត្តទ្រាំរស់នៅប្រជ្រៀតគ្នាក្បែរគំនរសំរាម ជិតដីចាស់ ដោយមានជំនឿថា ពួកគាត់មានសិទ្ធិស្របច្បាប់ ដើម្បីទទួលបានអគារ ២ខ្នង សាងសង់ដោយក្រុមហ៊ុន ផានអ៊ីម៉ិច តាមកិច្ចសន្យាដើម្បីស្នាក់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។