អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) គ្រោងធ្វើសន្និសីទកាសែត ស្ដីពីរបាយការណ៍ថ្មីមួយមានចំណងជើងថា «ធ្វើការលឿន ឬបញ្ឈប់ពីការងារ ការរំលោភសិទ្ធិកម្មករនៅតាមរោងចក្រនៅកម្ពុជា» នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា វេលាម៉ោង ១០កន្លះព្រឹក នៅមេតាហោស (Meta House) ក្នុងរាជធានីភ្នំពេញ។
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ទី៦ មីនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បរាជ័យក្នុងការផ្តល់កិច្ចគាំពារសិទ្ធិរបស់កម្មកររោងចក្រ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាគ្រោះថ្នាក់ក្នុងរោងចក្រនៅតែបន្តកើតឡើង រួមមាន កម្មការិនីបន្តដួលសន្លប់ ការតវ៉ាជាបន្តបន្ទាប់របស់កម្មករដែលទាមទារសុំដំឡើងប្រាក់បៀវត្សរ៍ ការរើសអើង និងរំលោភបំពានដល់មន្ត្រីសហជីព ជាដើម។
សេចក្តីប្រកាសព័ត៌មានដដែលបង្ហាញថា របាយការណ៍នេះ គឺផ្អែកលើបទសម្ភាសន៍ជាង ៣៤០នាក់ ក្នុងនោះមានកម្មករ ២៧០នាក់មកពីរោងចក្រចំនួន៧៣ ដែលរោងចក្រទាំងនោះ ភាគច្រើននាំចេញផលិតផលវិស័យកាត់ដេរសម្លៀកបំពាក់សម្រាប់លក់ទៅឲ្យក្រុមហ៊ុនល្បីល្បាញជាច្រើននៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសកាណាដា។
អ្នកផ្តល់បទសម្ភាសន៍ទាំងនោះ បានរៀបរាប់ពីបទពិសោធន៍នៃការរើសអើង និងកេងប្រវ័ញ្ចក្នុងរោងចក្រ ការផ្តល់កុងត្រារយៈពេលខ្លី ដើម្បីងាយស្រួលបញ្ឈប់កម្មករពីការងារ ភាពខ្វះចន្លោះនៃការត្រួតពិនិត្យរបស់មន្ត្រីក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបញ្ហាមួយចំនួនទៀត។
វាគ្មិនដែលនឹងចូលរួមធ្វើបទបង្ហាញពីរបាយការណ៍ថ្មីនេះ គឺនាយករងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំទ្វីបអាស៊ី លោក ហ្វីល រូបឺតសុន (Phil Robertson) និងអ្នកស្រី អារូណា កាស៊ីយ៉ាប (Aruna Kshyap) អ្នកស្រាវជ្រាវសិទ្ធិស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
