តំណាងសាច់ញាតិក្រុមគ្រួសារ ចំនួន ១៤នាក់ អំពាវនាវដល់ជំនាញពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ជួញអន្តរាគមន៍កូននិងប្ដីរបស់ខ្លួន ដែលត្រូវគេជួញដូរកម្លាំងពលកម្មនៅលើទូកនេសាទនៅប្រទេសម៉ាឡេស៊ី ឲ្យបានវិលត្រឡប់មកស្រុកវិញ។
ពលរដ្ឋនៅឃុំតាកែន ស្រុកឈូក ខេត្តកំពត លោកស្រី ជាន រ៉ន នៅថ្ងៃទី១២ ឧសភា បានចោទថា ប្ដីរបស់លោកស្រី ឈ្មោះ ទន់ ភឿន អាយុ ៣៦ឆ្នាំ និងពលរដ្ឋចំនួន ១៣នាក់ផ្សេងទៀត នៅឃុំជាមួយគ្នា ត្រូវបានលោក អ៊ឹម ប្រុស និងឈ្មោះ ប៉ុម ហន សន្យារកការងារឲ្យធ្វើនៅក្នុងរោងចក្រប្រទេសថៃ ដែលអាចទទួលបានប្រាក់ខែសមរម្យ។
លោកស្រីបន្តថា តែផ្ទុយទៅវិញ អ្នកទាំង ១៤នាក់នោះ ត្រូវគេបញ្ជូនបន្តឲ្យចុះទូក ដើម្បីនេសាទត្រីនៅក្នុងសមុទ្រនៃប្រទេសម៉ាឡេស៊ី ទៅវិញ៖ «ពេលគាត់ហៅប្តីខ្ញុំទៅខ្ចប់ផ្សិតអ៊ីចឹង ដល់ពេលឥឡូវទៅជាងកន្លះខែហើយ។ ដល់ពេលទៅ ប្តីខ្ញុំតេមកយប់មិញថា មិនខ្ចប់ផ្សិតទេ គឺចុះទូកបាត់អស់ហើយ។ ប្តីខ្ញុំប្រាប់ថា គាត់នៅលើទូក។ ទូកហ្នឹងមិនដឹងនៅកន្លែងណាទេ នៅកណ្ដាលសមុទ្រណោះ គាត់អត់ស្គាល់កន្លែងដែរ»។
លោកស្រី ជាន រ៉ន បន្តថា កាលពីថ្ងៃទី២៨ មេសា លោក ទន់ ភឿន ដែលត្រូវជាប្ដីរបស់លោកស្រី បានផ្ដល់ដំណឹងថា ពួកគេត្រូវបានគេលក់កម្លាំងពលកម្មធ្វើជាអ្នកនេសាទក្នុងសមុទ្រទៅប្រទេសម៉ាឡេស៊ី ហើយត្រូវគេបង្ខំឲ្យលេបថ្នាំមួយថ្ងៃ ២គ្រាប់ ដើម្បីជំនួយកម្លាំងធ្វើការបានច្រើន។
ដូចនេះដែរ លោកស្រី កាក់ ខេន ដែលត្រូវជាម្ដាយរបស់លោក សួន វ៉ាន់ដា អាយុ ១៧ឆ្នាំ និយាយថា កូនប្រុសរបស់លោកស្រី និងពលរដ្ឋចំនួន ១៣នាក់ទៀត ពិតជាត្រូវចាញ់បោកគេយ៉ាងពិតប្រាកដ។ព្រោះលោក អ៊ឹម ប្រុស និងលោក ប៉ុម ហន បានសន្យាថា ផ្ដល់ការងារឲ្យធ្វើនៅក្នុងរោងចក្រប្រទេសថៃ តែបែរជាធ្វើជាអ្នកនេសាទតាមទូកទៅវិញ។
លោកស្រីអំពាវនាវសូមឲ្យរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចាត់វិធានការជួយសង្គ្រោះពលរដ្ឋទាំង ១៤នាក់នោះ បានវិលត្រឡប់មកលំនៅឋានវិញដោយសុវត្ថិភាព៖ «ចង់ប្ដឹងពី ប្រុស ហ្នឹងដែរ ឥឡូវហ្នឹង។ ខ្ញុំចង់នេះ ចង់បានអង្គការជួយខ្ញុំ»។
លោក អ៊ឹម ប្រុស ដែលរងការចោទថា គឺជាអ្នកជួញដូរកម្លាំងពលកម្មទៅប្រទេសម៉ាឡេស៊ី ទទួលស្គាល់ថា លោកពិតជាបាននាំពលរដ្ឋទាំង ១៤នាក់នោះដើម្បីរកការងារធ្វើប្រាកដមែន។ ប៉ុន្តែលោកបដិសេធថា លោកពុំបានជាប់ពាក់ព័ន្ធនឹងការជួញដូរកម្លាំងពលកម្មទាំងនេះឡើយ៖ «អត់ដឹងទេបង! ប៉ុន្តែខ្ញុំឮសូរម្សិលមិញ ខ្ញុំជួបគេថា អើជិះទូកដែរ ប៉ុន្តែមិនដឹងគេទៅត្រឹមម៉ានដែរ ខ្ញុំអត់ដឹងទេ»។
លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកនៅពុំទាន់ទទួលបានរឿងនេះនៅឡើយទេ។ ក៏ប៉ុន្តែទោះជាបែបណា លោកអះអាងថា ដើម្បីងាយនឹងចាត់វិធានការ គឺទាមទារឲ្យជនរងគ្រោះចូលរួមសហការជាមួយជំនាញពាក់ព័ន្ធ ដូចជាត្រូវផ្ដល់ទីតាំងឲ្យបានជាក់លាក់ និងអាចរកមធ្យោបាយផ្ដល់ដំណឹងដល់នគរបាលយុត្តិធម៌ ឬភ្នាក់ងារនៅក្បែរទីតាំងកើតហេតុជាមុន។
លោកបន្តថា៖ «ករណីយើងអាចដឹងច្បាស់លាស់ ថានៅកំពង់ផែណា ឬក៏ទូកឈ្មោះអីអ៊ីចឹង យើងអាចធ្វើការផ្ដល់ព័ត៌មានក្រៅផ្លូវការទៅប៉ូលិសឲ្យគាត់ជួយ ធ្វើការផ្នែកស្រាវជ្រាវ ហើយទៅរកទីតាំងហ្នឹង។ ពីព្រោះយើងត្រូវការឲ្យគាត់ជួយអន្តរាគមន៍ ដោយសារនៅលើទឹកដីគាត់អ៊ីចឹង»។
លោក ជីវ ផល្លី បន្តថា ក្នុងករណីពលរដ្ឋចង់ផ្ដល់ព័ត៌មាន ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ណាមួយអាចទាក់ទងតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hot Line) ០២៣ ៩៩៧ ៩១៩ ឬ ១២៨៨ សម្រាប់ក្នុងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
