ក្រុមជនជាប់សង្ស័យជួញដូរស្ត្រីឆ្លងដែនខុសច្បាប់ពីខេត្តរតនគិរី ខេត្តតាកែវ ខេត្តកំពង់ចាម ទៅរៀបការជាមួយបុរសចិន ច្រើនករណី ត្រូវបានសមត្ថកិច្ចប៉ូលិសបង្ក្រាបបាន។ ករណីនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវសុំឲ្យស្ថាប័នតុលាការស៊ើបអង្កេតរកភស្តុតាងដាក់បន្ទុកជនជាប់ចោទទាំងនោះ ដើម្បីធ្វើការផ្ដន្ទាទោសពួកគេសមស្របទៅនឹងសកម្មភាពដែលពួកគេបានប្រព្រឹត្តមកលើស្ត្រីខ្មែរ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (adhoc) អបអរសាទរខណៈដែលសមត្ថកិច្ចបង្ក្រាបបានក្រុមជនសង្ស័យជួញដូរស្ត្រីឆ្លងដែន ដែលធ្វើឲ្យស្ត្រីខ្មែរជាច្រើនបានក្លាយជាជនរងគ្រោះទាក់ទិនការវាយធ្វើទារុណកម្ម ឬរំលោភផ្លូវភេទ បន្ទាប់ពីបានរៀបការជាមួយបុរសជនជាតិចិន។
ជនជាប់សង្ស័យក្នុងបទជួញដូរស្ត្រីឆ្លងដែននេះ មានពីរនាក់ជាឪពុក និងកូន សញ្ជាតិខ្មែរ ជនជាតិចាម ឈ្មោះ សំអែល និងកូនស្រីឈ្មោះ ម៉ាត់ រូមី ត្រូវប៉ូលិសខេត្តត្បូងឃ្មុំ ចាប់ខ្លួន និងបុរសសញ្ជាតិចិន ឈ្មោះ លី សៀវពីង ត្រូវប៉ូលិសក្រសួងមហាផ្ទៃ ចាប់ខ្លួននៅឯទីក្រុងភ្នំពេញ កាលពីដើមសប្ដាហ៍។
មន្ត្រីប៉ូលិសនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ជនជាប់ចោទទាំងបីនាក់ ឋិតក្នុងចំណាត់ការរបស់ប៉ូលិសខេត្តត្បូងឃ្មុំ ដោយសារពួកគេប្រព្រឹត្តបទល្មើសក្នុងខេត្តនេះ។ ជនជាប់សង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូនខ្លួនមកស្ថាប័នអយ្យការអមតុលាការខេត្តកំពង់ចាម ដើម្បីស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់។
នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស លោក សូ វណ្ណឌី មានប្រសាសន៍បញ្ជាក់ថា ជនជាប់ចោទមិនសារភាពពីបទចោទប្រកាន់ទេ ក៏ប៉ុន្តែប៉ូលិសមានសាក្សីជាច្រើនឆ្លើយដាក់បន្ទុក ថាគេមានពាក់ព័ន្ធជួញដូរស្ត្រីនៅខេត្តត្បូងឃ្មុំ៖ «ជនរងគ្រោះគេប្ដឹងចោទណា! តុលាការគាត់អនុញ្ញាតឲ្យឃាត់ខ្លួនបញ្ជូនទៅតុលាការ ប៉ុន្តែមុខសញ្ញាវាមិនឆ្លើយ។ ទោះមិនឆ្លើយក៏ដោយ ភស្តុតាងជនរងគ្រោះប៉ុន្មានគេប្ដឹងចោទ សាក្សីចង្អុលមុខវាហើយ ក្នុងករណីគាត់មានអ្នកប្ដឹងនៅត្បូងឃ្មុំ នេះទេ»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា បុរសជាប់ចោទជនជាតិចាម និងកូនស្រីរូបនេះមានជាប់ពាក់ព័ន្ធអំពើជួញដូរស្ត្រីពីបណ្ដាខេត្តមួយចំនួនប្រមាណ ១០ករណីផ្សេងទៀត។ ជនជាប់ចោទ ត្រូវបានក្រុមគ្រួសារស្ត្រីខ្មែរមួយចំនួន ប្ដឹងពីបទបោកបញ្ជោតស្ត្រីខ្មែរឲ្យរៀបការខុសច្បាប់ជាមួយបុរសជនជាតិចិន ហើយជួញដូរឆ្លងដែនទៅរស់នៅប្រទេសចិន បន្ទាប់មកស្ត្រីទាំងនោះត្រូវបុរសចិន វាយធ្វើទារុណកម្មបង្ខំឲ្យធ្វើការ ឬរំលោភផ្លូវភេទនាអំឡុងឆ្នាំ២០១៣។
ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក អ្នកស្រី លឹម មុនី រៀបរាប់ថា ជនជាប់ចោទ គឺជាមុខសញ្ញាជួញដូរមនុស្សដ៏ធំ ដែលមន្ត្រីសិទ្ធិមនុស្សនៅតាមបណ្ដាខេត្តទទួលបានពាក្យបណ្ដឹងពីឪពុកម្តាយ ឬក្រុមគ្រួសារស្ត្រីខ្មែរមួយចំនួន ដែលអះអាងថា បុរសជនជាតិចាម នេះបានលួងលោមបញ្ឆោតកូនស្រីពួកគាត់រត់ចេញពីផ្ទះទៅរៀបការជាមួយបុរសជនជាតិចិន។ អ្នកស្រីបន្តថា ជនរងគ្រោះជាស្ត្រីខ្មែរប្រមាណ ១០ករណីរស់នៅប្រទេសចិន បានទំនាក់ទំនងមកមន្ត្រីសិទ្ធិមនុស្សឲ្យជួយរំដោះនាងពីការរំលោភសិទ្ធិធ្ងន់ធ្ងរ បន្ទាប់ពីនាងចាញ់បោកបុរសឈ្មោះ អែល និងកូនស្រីនាំយកទៅលក់៖ «បើមិនផ្ដន្ទាទោសគាត់ទៅតាមកំហុសហ្នឹង គឺថាធំណាស់ ព្រោះគាត់យកគេទៅលក់ធ្វើបាបដូចសត្វធាតុ មិនមែនមានតែប៉ុណ្ណឹងទេ មានច្រើនទៀតដឹងស្រាប់ហើយ ទម្រាំចាប់បានអស់ច្រើនហើយ»។
ទាក់ទិនករណីនេះដែរ ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ចាម លោក ហួត វុទ្ធី មានប្រសាសន៍បញ្ជាក់ថា ជនជាប់ចោទទាំងបីនាក់កំពុងឋិតក្នុងការសាកសួរនៅឡើយ។ ហេតុនេះ មន្ត្រីអយ្យការមិនអាចអធិប្បាយអ្វីពីបញ្ហានេះបានទេ។ លោកថា មន្ត្រីអយ្យការនឹងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងជនជាប់ចោទ៖ «យើងកំពុងសួរកំពុងដំណើរការនីតិវិធី ជារឿងសម្ងាត់នៃការស៊ើបអង្កេតរបស់ខាងអយ្យការ។ តុលាការមិនមែនព្រងើយកន្តើយខាងសិទ្ធិមនុស្សទេ យើងគិតគូរខ្លាំង យើងគិតគូរខ្ពស់ណាស់ ព្រោះតុលាការធ្វើសកម្មភាពការពារទាំងហ្នឹង»។
កាលពីឆ្នាំ២០១៤ ក្រុមគ្រួសារស្ត្រីខ្មែរមួយរូបរស់នៅឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី គឺអ្នកស្រី ស៊ឹម ឈុនអេង បានដាក់ពាក្យប្ដឹងមកការិយាល័យសមាគមអាដហុក ជួយអន្តរាគមន៍សង្គ្រោះកូនស្រីគាត់ ពាក់ព័ន្ធបុរសឈ្មោះ អែល បោកបញ្ជោតយកទៅរៀបការជាមួយបុរសចិន ប៉ុន្តែនាងត្រូវបុរសចិន បង្ខាំងក្នុងបន្ទប់វាយធ្វើទារុណកម្ម បង្ខំឲ្យធ្វើការហួសកម្លាំង និងបង្ខំរួមភេទពេលនាងមានជំងឺទៀតផង។ ជាមួយនោះដែរ ស្ត្រីខ្មែររស់នៅខេត្តតាកែវ បីនាក់ផ្សេងទៀតក៏ជាប់ពាក់ព័ន្ធការជួញដូរនេះពីបុរសជនជាតិចាម និងបានអំពាវនាវសុំឲ្យសមត្ថកិច្ចខ្មែរជួយសង្គ្រោះពួកនាងពីការរំលោភសិទ្ធិនេះនៅប្រទេសចិន ដូចគ្នា។
ស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អ្នកស្រី កែវ ដាវី កត់សម្គាល់ថា សំណុំរឿងចោទប្រកាន់ជនសង្ស័យឈ្មោះ អែល ត្រូវបានស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិចាត់វិធានការស្រាវជ្រាវរកមុខសញ្ញាសង្ស័យជួញដូរមនុស្ស បន្ទាប់ពីប៉ូលិសរកឃើញថា ជននេះបានចាកចេញពីខេត្តរតនគិរី។ អ្នកស្រីអះអាងថា នឹងបញ្ជូនសំណុំរឿងនេះទៅស្ថាប័នអយ្យការតុលាការខេត្តកំពង់ចាម ដើម្បីស៊ើបអង្កេតបន្ថែមករណីនេះ៖ «គេចាប់បានខ្ញុំសប្បាយចិត្តជាទីបំផុត មិនខ្វល់ចំពោះពួកគាត់មករំខានប្រជាពលរដ្ឋក្នុងខេត្តយើង។ បើមិនចាប់គាត់បានទេ យើងមានការបារម្ភមែនទែនហើយ។ ប្រសិន អែល ហ្នឹងមែន ច្បាប់មិនលើកលែងគាត់ទេ»។
ស្ត្រីខ្មែរជាកូនរបស់ អ្នកស្រី ស៊ឹម ឈុនអេង កាលពីដើមឆ្នាំ២០១៤ បានទូរស័ព្ទពីប្រទេសចិន មកមន្ត្រីសមាគមអាដហុក ខេត្តរតនគិរី បញ្ជាក់ថា នាងត្រូវបុរសឈ្មោះ អែល និងកូនស្រីបោកបញ្ជោតទៅលក់ឲ្យបុរសជនជាតិចិន បន្ទាប់មកនាងត្រូវគេបង្ខាំងក្នុងបន្ទប់ប្រមាណ ៤ខែ វាយធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។
យ៉ាងណាក៏ដោយ អ្នកស្រី លឹម មុនី សំណូមពរឲ្យមន្ត្រីតុលាការខេត្តកំពង់ចាម ស៊ើបអង្កេតករណីជនជាប់សង្ស័យទាំងបីនាក់ឲ្យបានហ្មត់ចត់ ដើម្បីផ្តល់យុត្តិធម៌ដល់ស្ត្រីខ្មែររងគ្រោះពីការជួញដូរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
