ពលរដ្ឋ​នៅ​រតនគិរី​ចោទ​អាជ្ញាធរ​​​ថា​មិន​ចែក​អត្តសញ្ញាណប័ណ្ណ

ប្រជាពលរដ្ឋ​នៅ​ស្រុក​បរកែវ ខេត្ត​រតនគិរី ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ភូមិ ថា​បង្កក​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ជិត ២០០​ប័ណ្ណ មិន​ចែក​ជូន​ប្រជាពលរដ្ឋ​ឡើយ បើ​ទោះ​សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​នោះ​រួច​ហើយ​ប្រគល់​មក​មន្ត្រី​ភូមិ​ចែក​ជូន​ពលរដ្ឋ​សម្រាប់​សំគាល់​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ក្ដី។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​បរកែវ​ចាស់ ឃុំ​ឡាមិញ ស្រុក​បរកែវ ចំនួន ៧​នាក់ បាន​ផ្ដិត​មេដៃ​លើ​ពាក្យ​ប្ដឹង​សុំ​មក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី សុំ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ឲ្យ​មន្ត្រី​ភូមិ​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​មក​អ្នក​ភូមិ​ដើម្បី​ប្រើប្រាស់ ជាពិសេស​សម្រាប់​សំគាល់​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ។

ប្រជាពលរដ្ឋ​អ្នក​ប្ដឹង​ម្នាក់ គឺ​អ្នកស្រី ឯក អេង មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជាង ២០០​នាក់ គឺ​មាន​តែ​ជាង ១០​នាក់​ប៉ុណ្ណោះ បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ពី​អនុ​ប្រធាន​ភូមិ​ឈ្មោះ សុខ ហួច បន្ទាប់​ពី​បាន​ចុះ​បញ្ជី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១២។

អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​បាន​ឃើញ​អត្តសញ្ញាណប័ណ្ណ​មាន​រូបថត​ពួកគាត់​ច្រើន​ទៀត​នៅ​ដៃ​មន្ត្រី​ភូមិ​នេះ ប៉ុន្តែ​តាំង​ពី​ខែ​មេសា រហូត​មក​មន្ត្រី​ភូមិ​មិន​ចែក​ជូន​ប្រជាពលរដ្ឋ​ទេ៖ «សួរ​ពីរ​នាក់​ថា ខូច​អស់​ហើយ​អត្តសញ្ញាណប័ណ្ណ បរកែវ​ចាស់ និយាយ​អ៊ីចឹង។ ប្រជាជន​ឃើញ​ទាំង​អស់ អត្តសញ្ញាណប័ណ្ណ រួច​ប្រធាន​ភូមិ​អត់​ឲ្យ​មិន​ដឹង​ធ្វើ​ម៉េច បី​អាណត្តិ​ពីរ​អាណត្តិ​ហើយ​អត់​បាន​ទៅ​បោះ​នឹង​គេ»

ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ឈ្មោះ គង់ គា មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា អនុ​ប្រធាន​ភូមិ​មាន​ចេតនា​បង្កក​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ ដើម្បី​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​បោះ​ឆ្នោត។
លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ៖ «អត្តសញ្ញាណប័ណ្ណ​គេ​យក​មក​ឲ្យ​ហើយ ថា​អត់​ឃើញ​ប្រជាជន​គេ​យក​ទៅ​វិញ​អស់ គេ​មិន​ឲ្យ​តែម្ដង។ បាន​តែ ១០​នាក់​ទេ ជិត ២០០​នាក់ អត់​បាន​ទេ បើ​មិន​ជឿ​សួរ​ចេះ​តែ​និយាយ​មិន​មែន​ទេ»

យោង​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ អនុ​ប្រធាន​ភូមិ​បរកែវចាស់ លោក សុខ ហួច បាន​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ជូន​អ្នក​ភូមិ​បាន ១០​នាក់ ហើយ​ប្រាប់​អ្នក​ភូមិ​ថា ឲ្យ​យក​សៀវភៅ​គ្រួសារ​ទៅ​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​ភូមិ​បញ្ជាក់​ថា អ្នក​ភូមិ​នៅ​តំបន់​នោះ​ភាគ​ច្រើន​មិន​មាន​សៀវភៅ​គ្រួសារ​ទេ ពីព្រោះ​ពួក​គាត់​ភាគ​ច្រើន​ជា​អ្នក​ក្រ មិន​មាន​ប្រាក់​ចំណាយ​សម្រាប់​ធ្វើ​សៀវភៅ​គ្រួសារ​ឡើយ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មិថុនា មិន​អាច​ទាក់ទង​លោក សុខ ហួច សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ។

យ៉ាង​នេះ​ក្តី អធិការ​ប៉ូលិស​ស្រុក​បរកែវ លោក ម៉ៅ សាន់ មាន​ប្រសាសន៍​ថា ការ​អះអាង​របស់​ប្រជាពលរដ្ឋ​គឺ​ជា​ការ​មិន​ពិត។ លោក​បញ្ជាក់​ថា បាន​ទទួល​អត្តសញ្ញាណប័ណ្ណ ២០០​ប័ណ្ណ​សម្រាប់​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​ឡាមិញ ហើយ​មន្ត្រី​មូលដ្ឋាន​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​អស់​ហើយ នៅ​សល់​តែ​ជាង ១០​ប័ណ្ណ​រក​ម្ចាស់​មិន​ឃើញ៖ «អត្តសញ្ញាណប័ណ្ណ​គេ​ចែក​អស់​ហើយ​តើ! ជាង ២០០ គេ​ផ្ដល់​ឲ្យ​ជិត​បី​ខែ​មក​ហើយ។ អ្នក​ប្ដឹង​ចេះ​តែ​ប្ដឹង​ទៅ ហើយ​អ្នក​ដើរ​ចែក​រក​មនុស្ស​មិន​ឃើញ។ ខ្ញុំ​រាប់​ព្រឹកមិញ​នៅ​សល់​តែ ១២​សន្លឹក»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ករណី​នេះ​កាល​ពី​ថ្ងៃ​សុក្រ ទី​១៤ និង​បាន​ទទួល​ពាក្យ​បណ្តឹង និង​ព័ត៌មាន​ពី​ពលរដ្ឋ​ស្ដីពី​ករណី​នេះ។

លោក​បន្ត​ថា ប្រសិន​រក​ឃើញ​ថា មន្ត្រី​ភូមិ​ពិត​ជា​មាន​ចេតនា​បង្កក​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​មែន​នោះ គឺ​ជា​កំហុស​របស់​មន្ត្រី​មូលដ្ឋាន៖ «ប្រជាពលរដ្ឋ​បាន​អះអាង​ថា បាន​ឃើញ​អត្តសញ្ញាណប័ណ្ណ​ត្រូវ​បាន​មេភូមិ​កាន់​ធ្វើ​រួច​ហើយ​មិន​ព្រម​ប្រគល់​ឲ្យ​ពួកគាត់។ រឿង​នេះ​យើង​នឹង​ចាត់​អន្តរាគមន៍​ទៅ​ស្នងការ​ខេត្ត​ឲ្យ​មេ​ភូមិ​ធ្វើ​យ៉ាង​ណា​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ ងាយ​ស្រួល​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ»

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត ដើម្បី​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​និចហ្វិក បណ្ឌិត ហង្ស ពុទ្ធា កត់សំគាល់​ថា បញ្ហា​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឯកសារ​សំគាល់​សិទ្ធិ​បោះ​ឆ្នោត។លោក​បន្ត​ថា ករណី​នេះ​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ជាក់លាក់ ប៉ុន្តែ​ប្រសិន​រក​ឃើញ​ថា មេ​ភូមិ​ពិត​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ជាមួយ​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​នោះ មេ​ភូមិ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ទទួល​ខុស​ត្រូវ​ចំពោះ​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។