បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព

ដោយ អ៊ុំ រង្សី
2015.10.22
វៀតណាម​កាប់​ឈើ មណ្ឌលគិរី ៦២០ សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បញ្ជូន​ជនជាតិ​វៀតណាម ដែល​ចូល​ប៉ុនប៉ង​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo Adhoc

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​នេះ​បណ្ដេញ​ចេញ​ពី​កម្ពុជា មាន​ចំនួន​សរុប​ជិត ៤​ពាន់​នាក់ (៣.៧២៧​នាក់) ក្នុង​នោះ​ជនជាតិ​វៀតណាម ជាង ៣​ពាន់​នាក់ (៣.២៨៧​នាក់)។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​នេះ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព។

គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​យល់​ថា ការ​ហូរ​ចូល​របស់​ជន​បរទេស​ខុស​ច្បាប់ មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​តែ​បន្ត​កើត​ឡើង នឹង​បង្ក​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​នេះ។ ជាង​នេះ​ទៀត សង្គម​ស៊ីវិល​ចង់​ឃើញ​សមត្ថកិច្ច​រឹត​បន្តឹង​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ជន​បរទេស​ដែល​មក​រស់នៅ​មិន​ស្រប​ច្បាប់ ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ផល​ប្រយោជន៍​ជាច្រើន។

ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​ថា បាន​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ រហូត​ជិត ៤​ពាន់​នាក់​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា កន្លង​មក​ទោះ​ជា​អាជ្ញាធរ​បាន​រឹត​បន្តឹង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ប៉ុន្តែ​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ព្រោះ​មាន​ជន​អន្តោប្រវេសន៍​ជាច្រើន​កំពុង​បន្ត​រស់នៅ​កម្ពុជា។ លោក​ថា ភាគ​ច្រើន ជន​អន្តោប្រវេសន៍​ទាំង​នោះ​មិន​មាន​អត្តសញ្ញាណប័ណ្ណ និង​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ លោក​ឲ្យ​ដឹង​ដែរ​ថា ជន​អន្តោប្រវេសន៍​ទាំង​នោះ​មក​រស់នៅ​កម្ពុជា ក្រោម​រូបភាព​ជាច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា ជាច្រើន៖ «អ្នក​ខ្លះ​មក​ក្នុង​ផល​ប្រយោជន៍​សេដ្ឋកិច្ច មាន​ការងារ​សំណង់ ការងារ​តាម​សហគ្រាស​ធន់​តូច មាន​ការងារ​ជា​នេសាទ អ្នក​រើស​អេតចាយ អ្នក​ខ្លះ​ទៀត​មាន​ការងារ​ជា​មុខ​របរ​ល្អ​នៅ​ក្នុង​សង្គម។ ចឹង​ត្រូវ​ពិនិត្យ​មើល​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ឲ្យ​មែន​ទែន»

អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​បន្ត​ថា កន្លង​មក ការ​បន្ត​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដោយសារ​តែ​សមត្ថកិច្ច​តាម​បណ្តោយ​ព្រំដែន ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​ការ​សូកប៉ាន់​នានា។ លោក​ថា មាន​តែ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន៖ «តាម​ធម្មតា ការ​អនុវត្ត​ច្បាប់​ជន​អន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹមត្រូវ ការពារ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ វា​មាន​ទាំង​ការ​ចាត់​វិធានការ​ផ្ទៃ​ក្នុង និង​ចាត់​វិធានការ​ទាំង​ខាង​ក្រៅ បើ​សិន​តែ​មាន​វិធានការ​ចាប់​តែ​ក្នុង ចាប់​២ ចូល​មក​វិញ​១០ ចឹង​ហើយ​ក៏​វា​មិន​ល្អ​ដែរ។ ដូច្នេះ​ហើយ យើង​ត្រូវ​តែ​មើល​ពី​សមត្ថកិច្ច​នៅ​តាម​ព្រំដែន រារាំង​ឲ្យ​បាន​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ»

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ គាំទ្រ​ចំពោះ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ។ លោក​មើល​ឃើញ​ថា កន្លង​មក កម្ពុជា នៅ​ខ្សោយ​ផ្នែក​រដ្ឋបាល​ក្នុង​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ជាច្រើន​ទៀត៖ «ប្រសិន​បើ​មាន​ការ​បណ្ដេញ​ចេញ ហើយ​មាន​ការ​ហូរ​ចូល​ច្រើន​ដដែល អា​ហ្នឹង​ការ​កម្សោយ​ផ្នែក​រដ្ឋបាល​កិច្ច គឺ​ការ​គ្រប់គ្រង​រដ្ឋ​ជា​ដើម ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ព្រោះ​បើ​កាល​ណា​អនុវត្ត​បាន​ល្អ​ច្បាស់លាស់ យើង​នឹង​អាច​កាត់​បន្ថយ​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា ចឹង​ស្រុក​យើង​ក៏​មិន​មាន​ភាព​អនាធិបតេយ្យ​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក គឹម សារិន ដើម្បី​សាកសួរ​លម្អិត​ពី​របាយការណ៍​ផ្សព្វផ្សាយ​ពី​ការ​បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​សរុប​ជិត ៤​ពាន់​នាក់ (៣.៧២៧​នាក់) ក្នុង​នោះ​ស្រី​ជិត ៧០០​នាក់ (៦៨៣​នាក់) មាន ៤៦​សញ្ជាតិ ហើយ​ក្នុង​នោះ ជនជាតិ​វៀតណាម រហូត​ជាង ៣​ពាន់​នាក់ (៣.២៨៧​នាក់) មាន​ស្រី​ជាង ៦០០​នាក់ (៦៥១​នាក់) ដែល​ត្រូវ​បាន​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា។ របាយការណ៍​ដដែល ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា វិធានការ​នេះ​បង្ហាញ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​នូវ​ការ​ចេញ​ចូល និង​ស្នាក់​អាស្រ័យ​របស់​ជន​បរទេស​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។