អង្គការ​ជាតិ-អន្តរជាតិ​ស្នើ​ដាក់​បញ្ចូល​បញ្ហា​ចំណាក​ស្រុក​ក្នុង​ផែនការ​សហស្សវត្ស​ថ្មី​អ.ស.ប

0:00 / 0:00

អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ឃ្លាំមើល​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដើម្បី​សិក្សា​រក​លទ្ធភាព​ស្នើ​ឲ្យ​ដាក់​បញ្ចូល​បញ្ហា​នេះ​ចូល​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) សម្រាប់​ឆ្នាំ​សហស្សវត្ស​ថ្មី​ខាង​មុខ​នេះ។

គោលដៅ​សម្រាប់​សហស្សវត្ស​ថ្មី បាន​កំណត់​យក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ ក្នុង​គោលដៅ​ចម្បង​នេះ ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា ផង ចង់​ឲ្យ​បញ្ចូល​នូវ​បញ្ហា​ទេសន្តរប្រវេសក៍ ជា​របៀបវារៈ​សំខាន់​មួយ​ក្នុង​គោលដៅ​នោះ​ផង។

មន្ត្រី​អង្គការ​អន្តរជាតិ​វេទិកា​ទេសន្តរប្រវេសក៍​អាស៊ី (Migrant Forum in Asia) អ្នកស្រី អាកណេស មាទីនហ្សូ (Agnes Matienzo) បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ថា គោលដៅ​សម្រាប់​សហស្សវត្ស​ថ្មី មិន​ត្រូវ​ទុក​ចោល​នូវ​បញ្ហា​ទេសន្តរប្រវេសក៍ ឬ​បញ្ហា​ចំណាកស្រុក​ចោល​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត បញ្ហា​នេះ​គួរ​តែ​ចាត់​ជា​គោលដៅ​អាទិភាព​មួយ​ក្នុង​ចំណោម​គោលដៅ​ដទៃ​ទៀត។

អ្នកស្រី អាកណេស មាទីនហ្សូ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ គឺ​ដើម្បី​ធានា​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​មួយ​ប្រកប​ដោយ​និរន្តរភាព។

ទាក់ទង​បញ្ហា​នេះ​ដែរ រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​អត្រានុកូលដ្ឋាន គោលនយោបាយ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ការងារ​យេនឌ័រ និង​កុមារ​នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​ចូល​រួម​ក្នុង​សន្និសីទ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​នោះ​ដែរ។ អ្នកស្រី​បាន​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​នេះ ហើយ​ថា បើ​ប្រទេស​នីមួយៗ​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នោះ​ គឺ​ត្រូវ​គ្រប់គ្រង​ការងារ​ទេសន្តរប្រវេសក៍​នេះ​អោយ​បាន​ល្អ៖ «ពាក់ព័ន្ធ​នឹង​ទេសន្តរប្រវេសក៍​គឺ​ទាក់ទង​នឹង​មនុស្ស ឬ​ការ​ចល័ត​របស់​មនុស្ស​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដែល​បញ្ហា​នេះ​ជះ​ឥទ្ធិពល​សំខាន់​ទៅ​ដល់​ផ្នែក​សេដ្ឋកិច្ច ការ​គ្រប់គ្រង​សង្គម និង​នយោបាយ»

​ចំណែក​ប្រធាន​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដល់​កុមារ និង​ស្ត្រី លោក មុំ សុខចារ ដែល​ជា​អ្នក​សម្របសម្រួល​កិច្ច​ពិគ្រោះ​យោបល់​នេះ បាន​ឲ្យ​ដឹង​ថា សង្គម​ស៊ីវិល​ជា​ច្រើន​ចង់​ឲ្យ​រដ្ឋាភិបាល និង​ប្រទេស​ដែល​ពាក់ព័ន្ធ ឬ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​ចំណាកស្រុក ដោយសារ​បញ្ហា​ចំណាកស្រុក​បាន​ផ្ដល់​ផលប្រយោជន៍​សំខាន់​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍ​ប្រទេស៖ «ពេល​អង្គការ​សហប្រជាជាតិ​ដាក់​បញ្ចូល​បញ្ហា​នេះ រដ្ឋ​ជា​សមាជិក​ក៏​ដាក់​ចូល​ក្នុង​ផែនការ​អភិវឌ្ឍ​របស់​ខ្លួន​ដែរ ពេល​នោះ​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​លើ​កិច្ចការ​ចំណាក​ស្រុក​នេះ»

​កិច្ច​ពិគ្រោះ​យោបល់​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហស្សវត្ស​ចាស់​នឹង​ផុត​អាណត្តិ​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ និង​ចំ​ពេល​ដែល​ពលករ​ចំណាក​ស្រុក​កម្ពុជា កំពុង​ជួប​បញ្ហា​ប្រឈម​យ៉ាង​ច្រើន ដូចជា​ការ​រំលោភ​សិទ្ធិ​ការងារ ការ​បោក​បញ្ឆោត និង​ការ​ជួញដូរ​ផ្លូវ​ភេទ​តាម​រូបភាព​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

លោក មុំ សុខចារ ឲ្យ​ដឹង​ថា លទ្ធផល​សរុប​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះ នឹង​បញ្ជូន​ទៅ​រដ្ឋាភិបាល និង​ចងក្រង​ជា​ឯកសារ​គោល​មួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​សិក្សា​បន្ត និង​ជា​មូលដ្ឋាន​មួយ​ដើម្បី​យក​ទៅ​ចែក​រំលែក​ក្នុង​កិច្ច​ពិភាក្សា​ជុំវិញ​បញ្ហា​ដដែល​នេះ​នៅ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។