ជនជាតិដើមភាគតិចព្នង ម្នាក់ក្នុងចំណោមពលរដ្ឋជាង ១ពាន់នាក់រស់នៅភូមិចំនួន៧ ក្នុងខេត្តមណ្ឌលគិរី ដែលបានផ្ដិតមេដៃប្ដឹងសុំប្ដូរតួនាទីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អះអាងថាបានផ្ដិតមេដៃដោយបង្ខំចិត្តលើលិខិតរៀបចំឡើងដោយមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មួយក្រុម ដែលមានចេតនាយកធ្វើជាសំអាងថាគាត់មិនបានប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ នោះទេ។
ជនជាតិដើមភាគតិចព្នង រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លោកស្រី សង ប្រូ អះអាងថា លិខិតធ្វើឡើងដោយក្រុមមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានលក្ខណៈលួងលោមបង្ខំក្នុងភាពភ័យខ្លាច ឲ្យគាត់ផ្ដិតមេដៃថាមិនបានប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខែត្រ ពាក់ព័ន្ធរំលោភសិទ្ធិជនជាតិដើមភាគតិចនោះទេ។
ការអះអាងនេះ ធ្វើឡើងក្រោយពេលដែលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារោម រួមទាំងមន្ត្រីថ្នាក់ក្រសួងបីនាក់ទៀត កាលពីថ្ងៃទី១១ ខែសីហា បានមកដល់ផ្ទះគាត់ ហើយសរសេរលិខិតផ្ទាល់ដៃឲ្យគាត់ផ្ដិតមេដៃ ខណៈគាត់មានការភ័យខ្លាច ហើយបង្ខំចិត្តទទួលយកសំណូមពរ និងទទួលបានប្រាក់លួងចិត្ត ២ម៉ឺនរៀល អាវយឺត១ និងមួក១។
លោកស្រី សង ប្រូ បញ្ជាក់ថា ក្នុងស្ថានភាពជាស្ត្រីជនជាតិដើមភាគតិចមិនចេះអក្សរ និងមិនមានអ្នកភូមិនៅជិតខាងជួយពិគ្រោះយោបល់ ទើបគាត់ផ្ដិតមេដៃដោយភ័យខ្លាច។ លោកស្រីបន្តថា បន្ទាប់ពីបានប្រឹក្សាជាមួយសហគមន៍ លោកស្រីបានធ្វើលិខិតបដិសេធលិខិតរៀបចំឡើងដោយមន្ត្រីមន្ទីរអភិវឌ្ឍន៍ដាក់ជូនសមាគមអាដហុក ឲ្យជួយអន្តរាគមន៍រឿងនេះ៖ « បានផ្ដិតដោយបង្ខំចិត្ត។ អ៊ីចឹងគេបោក បើយើងផ្ដិតបានគេទៅវិញ។ យើងម្នាក់ឯងឈ្នះគេអត់រួចផងហ្នឹង »។
ជនជាតិដើមភាគតិចព្នង ជាង ១ពាន់នាក់កាលពីឆ្នាំ២០១៦ បានដាក់ពាក្យប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ថាបានរំខានការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក ដែលជាប្រការរំលោភសិទ្ធិជនជាតិដើមភាគតិច ហើយទាមទារឲ្យអាជ្ញាធរខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ ផ្លាស់ប្ដូរតួនាទីមន្ត្រីរូបនោះ។
មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឃី ពិសិដ្ឋ បញ្ជាក់នៅថ្ងៃទី១៥ ខែសីហា ថា លោកគឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីថ្នាក់ក្រសួងពីរនាក់ទៀត ដែលរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឲ្យចុះជួបពលរដ្ឋ ដើម្បីស្វែងរកអង្គហេតុជាក់លាក់ទាក់ទិនបណ្ដឹងចោទប្រកាន់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តនេះ។ លោកថា ក្រុមការងារមិនបានបង្ខំ ឬបំភិតបំភ័យណាមួយទាក់ទិនការបញ្ជាក់របស់ពលរដ្ឋក្នុងលិខិតនេះទេ។ លោកថា ក្រុមការងារបានអញ្ជើញមេឃុំចូលរួមជាសាក្សី ខណៈក្រុមការងារជួបពិភាក្សាបញ្ហានេះពីសាមីជនទៀតផង៖ « យើងដឹងថាគាត់ជាដើមបណ្ដឹង ដល់សួរគាត់ទៅ គាត់ថាអត់បានប្ដឹងទេ។ យើងមានឃ្លីបសំឡេងគាត់ទៀត។ យើងបានសុំគាត់ថត គាត់ថាអត់ស្អីទេ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា មន្ត្រីលោកកំពុងពិនិត្យទិដ្ឋភាពច្បាប់ពាក់ព័ន្ធលិខិតបដិសេធរបស់លោកស្រី សង ប្រូ ដែលបានដាក់មកការិយាល័យការពារសិទ្ធិមនុស្សឲ្យជួយអន្តរាគមន៍។ លោកថានឹងបញ្ជូនលិខិតបដិសេធនេះទៅស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតផ្តល់យុត្តិធម៌ជូនពលរដ្ឋ៖ « ដើម្បីឲ្យមានវិធានការទៅតាមនីតិវិធីច្បាប់ ប្រសិនកិច្ចសន្យានេះធ្វើឡើងដោយការលួងលោម ឬបង្ខំ ឬដោយឆន្ទៈផ្ទុយច្បាប់ណាមួយ »។
លិខិតថតចម្លងដែលអាស៊ីសេរី ទទួលបានពីសមាគមអាដហុក មានស្នាមមេដៃ លោកស្រី សង ប្រូ ស្នាមមេដៃមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បីនាក់ និងហត្ថលេខាបញ្ជាក់ថាបានឃើញពីមេឃុំប៊ូស្រា ចុះថ្ងៃទី១១ ខែសីហា ឲ្យដឹងថា នាងខ្ញុំឈ្មោះ សង ប្រូ មិនបានផ្ដិតមេដៃប្ដឹងលោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ករណីការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកនោះទេ។ ដើម្បីចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងទៅ នាងខ្ញុំផ្ដិតមេដៃស្តាំទុកជាសំអាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
