សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​សម្របសម្រួល​ដោះស្រាយ​ពាក្យ​ប្ដឹង​របស់​សហគមន៍​ព្នង ចំនួន ៧​ភូមិ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ក៏ប៉ុន្តែ​ភាគី​សហគមន៍​មិន​ព្រម​ទទួល​យក​ការ​សម្របសម្រួល​បញ្ចប់​វិវាទ​ដោយ​សន្តិវិធី​នោះ​ទេ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី អះអាង​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ថ្មី​ទៀត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​សហគមន៍​ដែល​ចោទ​ថា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​រំខាន​ការ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​កាល​ពី​ខែ​សីហា កន្លង​ទៅ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តំណាង​សហគមន៍ ៨​នាក់​មក​ពី​ស្រុក​កោះញែក ស្រុក​អូររាំង ស្រុក​ពេជ្រដា និង​ក្រុង​សែនមនោរម្យ បាន​មក​កាន់​សាលា​ខេត្ត​មណ្ឌលគិរី តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​រដ្ឋបាល​ខេត្ត ឲ្យ​តំណាង​ពួក​គេ​ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ពាក្យ​ប្ដឹង​របស់​សហគមន៍។ ដោយឡែក​សមាជិក​សហគមន៍​ជាង ៣០​នាក់​ផ្សេង​ទៀត ក៏​បាន​នាំ​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ខេត្ត គាំទ្រ​តំណាង​ពួក​គេ​ដែល​ចូលរួម​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​នេះ។

តំណាង​សហគមន៍ លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ដោះស្រាយ​បញ្ហា​ដោយ​តម្លាភាព​នោះ​ទេ ក្រៅ​ពី​សម្របសម្រួល​ឲ្យ​ភាគី​សហគមន៍​បញ្ឈប់​ការ​ប្ដឹង ក្រោម​ហេតុផល​ថា អ្វី​ដែល​សហគមន៍​ចោទ​ប្រកាន់ គឺ​ជា​ការ​យល់​ច្រឡំ។ លោក​ថា សហគមន៍​ទាំងអស់​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ស៊ើប​អង្កេត​រក​ការពិត​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច៖ « យើង​គ្រោង​ ផ្ដិត​ មេដៃ​ បន្ថែម​ទៀត ​ចំនួន ៧០០ ពី​មុន ​យើង​ បាន​តែ ​មេដៃ ៤០០ ទេ បើ​សិន​អាជ្ញាធរ​ខេត្ត មិន​ដោះស្រាយ យើង​ នឹង​ដាក់ ​ទៅ​ក្រសួង​ផ្ទាល់​ តែ​ម្តង ។ ម្សិលមិញ​យើង​អត់​បាន​ឯកភាព​ទេ »

ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចំនួន​បី ឋិត​ក្នុង​ស្រុក​ពេជ្រាដា ស្រុក​កោះញែក និង​ស្រុក​កែវសីមា កាល​ពី​ខែ​វិច្ឆិកា អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​រំខាន​អ្នក​ភូមិ​ដែល​ជួប​ជុំ​គ្នា​សែនព្រេន​បែប​ប្រពៃណី កាល​ពី​ថ្ងៃ​ទី​៩ សីហា ដើម្បី​អបអរ​ខួប​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។ ចំណែក​នៅ​ឃុំ​ដាក់ដាំ សហគមន៍​មិន​បាន​ប្រារព្ធ​ទិវា​នេះ​ទេ ដោយសារ​តែ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា វិញ ផ្ទុយ​ទៅ​នឹង​គម្រោង​ដែល​បាន​ឯកភាព​គ្នា។ តំណាង​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ ចាត់​ទុក​ថា នេះ​ជា​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

ទាក់ទិន​បញ្ហា​នេះ អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ចឹង សុចន្ថា ដែល​ដឹកនាំ​ការ​ប្រជុំ​ដោះស្រាយ​បញ្ហា​ជាមួយ​សហគមន៍​ថ្លែង​ថា សហគមន៍​យល់​ច្រឡំ​ចំពោះ​នីតិវិធី​ខ្លះ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ទាក់ទិន​សំណើ និង​កិច្ច​សហការ​រៀបចំ​ខួប​ជនជាតិ​ដើម​ភាគតិច ដែល​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រពៃណី និង​ការ​កំណត់​ពេលវេលា​ធ្វើ​មេទីញ​របស់​សហគមន៍។ លោក​ថា អាជ្ញាធរ​គោរព និង​ទទួល​ស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ជាពិសេស​សិទ្ធិ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ដែល​ច្បាប់​ជាតិ និង​អន្តរជាតិ​ទទួល​ស្គាល់ ក៏ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ធ្វើ​មេទីញ គឺ​ជា​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត ដែល​តម្រូវ​ទៅ​តាម​ពេលវេលា​ជាក់ស្តែង។ លោក​សំណូមពរ​ឲ្យ​សហគមន៍​យោគយល់​ពី​គោល​បំណង​របស់​អាជ្ញាធរ ហើយ​សហការ​ល្អ​សម្រាប់​ការ​រៀបចំ​ខួប​សហគមន៍​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៖ « ឲ្យ​តែ​មាន ​ទឡ្ហីករណ៍​ច្បាស់លាស់​ថា លោក សារោម បន្ទច់បង្អាក់​មិន​ឲ្យ​ បង​ប្អូន ​ប្រារព្ធ​ ទិវា​ហ្នឹង រដ្ឋបាល​ខេត្ត​នឹង​មាន​វិធានការ​ជាក់ស្តែង ការ​សម្របសម្រួល របស់​ខ្ញុំ ​ម្សិលមិញ សុំ​ឲ្យ​ បង​ប្អូន​ យល់​គ្នា សុំ​ ឲ្យ​បង​ប្អូន យល់​ថា រដ្ឋាភិបាល​ជា​អ្នក​ជួយ​ បង​ប្អូន មិន​មែន​ជា អ្នក​ប្រឆាំង ​ធ្វើ​ឲ្យ​បាត់បង់​ អត្តសញ្ញាណ​បង​ប្អូន ទេ »

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បង្ហាញ​ការ​សោកស្ដាយ​គ្រា​ដែល​អាជ្ញាធរ​រៀបចំ​វេទិកា​ជួប​ជុំ​សហគមន៍ និង​មាន​ជ្រូក​មាន់ ស្រា​ពាង​សម្រាប់​សែនព្រេន​ក្នុង​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ក៏ប៉ុន្តែ​មិន​មាន​សមាជិក​សហគមន៍​ណា​ម្នាក់​ចូលរួម​ពិធី​នោះ​ទេ។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី លោក យន់ សារោម បញ្ជាក់​ថា សហគមន៍​មាន​សិទ្ធិ​នឹង​ប្ដឹង​ចោទ​ប្រកាន់​រូប​លោក ក៏ប៉ុន្តែ​លោក​បដិសេធ​ថា អ្វី​ដែល​ស្ថាប័ន​លោក​បាន​ធ្វើ គឺ​អនុលោម​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង និង​អាជ្ញាធរ​ខេត្ត។ លោក​ថា សមាជិក​សហគមន៍​ខ្លះ​មិន​យល់ ហើយ​ជឿ​តាម​ការ​ញុះញង់​គ្មាន​ការពិត​ជា​លក្ខណៈ​បុគ្គល ដែល​រៀបចំ​ពាក្យ​ប្ដឹង​នេះ​ឡើង។ លោក​ព្រមាន​ថា នឹង​អនុវត្ត​វិធានការ​ច្បាប់​តបត​បណ្ដឹង​នេះ​វិញ ប្រសិន​សមាជិក​សហគមន៍​ណា​ចោទ​ប្រកាន់​រូប​លោក​គ្មាន​ហេតុផល​ត្រឹមត្រូវ៖ « តាម​សិទ្ធិ​ របស់​ខ្ញុំ អ្នក​ឯង ​ត្រូវ​ ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ ច្បាប់។ យើង​ធ្វើ​តាម​ច្បាប់​ទាំងអស់។ យើង​អត់​មាន​រំលោភ​អ្វី​ទាំងអស់ គ្រាន់​តែ ​យើង​យឺតយ៉ាវ​ តាម​បណ្ដា ​ខេត្ត​គេ​រៀបចំ​ថ្ងៃ​ណា​ ក៏​បាន ​ដែរ ធ្វើ​អ្វី​ឲ្យ​ តាម​ផ្លូវ ​ច្បាប់ យើង​ សហការ​គ្នា »

មន្ត្រី​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ចូលរួម​សង្កេតការណ៍​ក្នុង​កិច្ច​ប្រជុំ​សម្របសម្រួល​នោះ​ទេ កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សម្ដែង​ការ​សោកស្ដាយ ដោយសារ​ជំនួប​ដោះស្រាយ​បញ្ហា​រវាង​សហគមន៍ និង​អាជ្ញាធរ​ខេត្ត មិន​បាន​លទ្ធផល​វិជ្ជមាន។ លោក​ថា ការ​ប្រកាន់​ឥរិយាបថ​ទន់ភ្លន់ និង​យន្តការ​ដោះស្រាយ​បញ្ហា​ដោយ​តម្លាភាព គឺ​ជា​បញ្ហា​គន្លឹះ​របស់​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្វែងរក​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត៖ « គួរ​តែ​មាន ​វិធានការ​ដោះស្រាយ​ ណា​មួយ ​ឲ្យ​ជាក់លាក់​ច្បាស់លាស់​ដល់​សហគមន៍ ដល់​ បង​ប្អូន​ ប្រជាពលរដ្ឋ។ រាល់​ ការ​ដោះស្រាយ ត្រូវ​ ផ្អែក​លើ ​គោលការណ៍​ច្បាប់ និង​បង្ហាញ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង »

សហគមន៍​ព្នង ឃុំ​ប៊ូស្រា បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង ពី​បទ​រំលោភ​សិទ្ធិ​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត ដាក់​កង​កម្លាំង​រារាំង​ការ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ពិភពលោក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៥ ក្រោម​ហេតុផល​មិន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។