យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សន្តិភាព​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ

0:00 / 0:00

ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​សន្តិភាព​អន្តរជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ក្រុម​ការងារ​ដើម្បី​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុមៗ​ដើរ​ទៅ​តាម​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​អំពី​ទិវា​នេះ ជាពិសេស​អំពី​អត្ថន័យ​ពិត​ប្រាកដ​របស់​សន្តិភាព។

ក្រៅ​ពី​ទីផ្សារ ក្រុម​អ្នក​ផ្សព្វផ្សាយ​បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​បន្ត​ការ​ផ្សព្វផ្សាយ​របស់​ពួក​គេ​មុន​នឹង​រំសាយ។

ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សន្តិភាព​នៅ​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ​នេះ ក្រុម​ការងារ​ដើម្បី​សន្តិភាព បាន​បែង​ចែក​គ្នា​ជា ១៥​ក្រុម ដែល​មួយ​ក្រុមៗ​មាន​គ្នា​ប្រមាណ​ពី ១០ ទៅ ១៥​នាក់ ហើយ​ចែក​ផ្លូវ​គ្នា​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​នៅ​តាម​ផ្សារ​ចំនួន​១៥ នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ផ្សារ​ទាំង​នោះ​មាន​ដូចជា ផ្សារ​ថ្មី ផ្សារ​អូឡាំពិក ផ្សារ​អូរឫស្សី ផ្សារ​ដើមគ ផ្សារ​ទួលទំពូង ផ្សារ​ទួលគោក និង​ផ្សារ​សុរិយា ជាដើម។

បន្ទាប់​ពី​ទៅ​តាម​ផ្សារ ក្រុម​អ្នក​ផ្សព្វផ្សាយ​បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ម៉ោង​ប្រមាណ ៤​រសៀល។ នៅ​ទីនោះ ពួក​គេ​ចែក​ចាយ​រូប និមិត្ត​សញ្ញា ស្ទីកឃ័រ និង​អាវ​យឺត​របស់​ពួក​គេ​បន្ត​ទៀត។

ថ្លែង​នៅ​មុខ​ព្រះបរមរាជវាំង​នា​ពេល​ជួប​ជុំ​នោះ សមាជិក​នៃ​ក្រុម​ការងារ​ដើម្បី​សន្តិភាព និង​ជា​អ្នក​សម្រប​សម្រួល​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ លោក ឈាង ឫទ្ធី ឲ្យ​ដឹង​ថា ក្នុង​យុទ្ធនាការ​នោះ ក្រុម​ការងារ​របស់​លោក​ដែល​មើល​ទៅ​ឃើញ​មាន​ពាក់​អាវ​យឺត​ពណ៌​ផ្ទៃមេឃ សរសេរ​ថា យើង​រួម​គ្នា​ដើម្បី​សន្តិភាព ហើយ​ដែល​អ្នក​ខ្លះ​ថែម​ទាំង​បាន​បិទ​ស្ទីកឃ័រ​សន្តិភាព​នៅ​លើ​ថ្ពាល់​ទៀត​នោះ នាំ​គ្នា​ចែក​ស្ទីកឃ័រ និង​អាវ​យឺត​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​នៅ​លើ​ស្ទីកឃ័រ​នោះ ឃើញ​មាន​រូប​សត្វ​ព្រាប​ពណ៌​ស ដែល​ជា​និមិត្តរូប​នៃ​សន្តិភាព និង​មាន​សរសេរ​អក្សរ​ថា ទិវា​សន្តិភាព​អន្តរជាតិ និង​យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ទទួល​បាន​សន្តិភាព ជាដើម។

លោក ឈាង ឫទ្ធី ឲ្យ​ដឹង​បន្ត​ថា មូលហេតុ​ដែល​ក្រុម​ការងារ​របស់​លោក​ជ្រើស​រើស​យក​ទីផ្សារ ជា​កន្លែង​ផ្សព្វផ្សាយ​សន្តិភាព ដោយសារ​ផ្សារ​ជា​ទី​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ និង​មាន​មនុស្ស​ម្នា​ច្រើន។ ទាក់ទង​ការ​ផ្សព្វផ្សាយ​នេះ លោក ឈាង ឫទ្ធី កត់​សម្គាល់​ថា វា​ពិត​ជា​មាន​សារសំខាន់​ដែល​ពលរដ្ឋ​ត្រូវ​តែ​យល់​ដឹង​អំពី​អត្ថន័យ​ពិត​ប្រាកដ​របស់​សន្តិភាព។

លោក ឈាង ឫទ្ធី៖ «អ្វី​ដែល​យើង​ចង់​ឲ្យ​គាត់​យល់​ដឹង​ថា ថ្ងៃ​ហ្នឹង​ជា​ទិវា​សន្តិភាព​អន្តរជាតិ គឺ​ចង់​ឲ្យ​គាត់​យល់​ថា តើ​សន្តិភាព​អន្តរជាតិ​ហ្នឹង​ជា​ស្អី ហេតុ​អី​បាន​យើង​ត្រូវ​ចាំបាច់​ចង់​បាន​សន្តិភាព​ហ្នឹង ហើយ​អ៊ីចឹង​យើង​បាន​ពន្យល់​ណែនាំ​ខ្លះៗ ហើយ​គិត​ថា​គាត់​នឹង​ចាប់​ផ្ដើម​ដឹង​អំពី​អី​ទៅ​សន្តិភាព គាត់​នឹង​ចាប់​ផ្តើម​ស្វែង​យល់​វា គិត​ថា​គាត់​មិន​ទាន់​យល់​ច្បាស់ ប៉ុន្តែ​គាត់​នឹង​ព្យាយាម ស្អី​ទៅ​សន្តិភាព គាត់​ចាប់​ផ្ដើម​មាន​ចម្ងល់ ហើយ​យើង​បាន​ពន្យល់​ខ្លះៗ​ថា សន្តិភាព​វា​ម៉េច ស្ថានភាព​បច្ចុប្បន្ន​យើង​មាន​សន្តិភាព​ហើយ​នៅ?»

បើ​តាម លោក ឈាង ឫទ្ធី លោក​ថា ពលរដ្ឋ​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​ប្រទេស​គ្មាន​ជម្លោះ គ្មាន​សង្គ្រាម នោះ​មាន​ន័យ​ថា ប្រទេស​មាន​សន្តិភាព​ពិត​ប្រាកដ​ហើយ ប៉ុន្តែ​លោក​ថា ដើម្បី​ឲ្យ​មាន​សន្តិភាព​ពិត​ប្រាកដ លុះ​ណា​តែ​ពលរដ្ឋ​មាន​សន្តិភាព​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ សម្រាប់​ប្រទេស​កម្ពុជា វិញ លោក ឈាង ឫទ្ធី យល់​ថា ប្រទេស​ក្រីក្រ​មួយ​នេះ​មិន​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ឡើយ ដោយសារ​តែ​កម្ពុជា នៅ​មាន​បញ្ហា​សង្គម​ជាច្រើន។

លោក ឈាង ឫទ្ធី៖ «យើង​មើល​ពី​ស្ថានភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​គាត់​រស់នៅ នៅ​មាន​បញ្ហា​ច្រើន​ទាក់ទង​ជីវភាព​រស់នៅ​របស់​គាត់ អត់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​គាត់​រស់នៅ​ដោយ​មាន​អំពើ​អយុត្តិធម៌ អំពើ​ពុក​រលួយ ហើយ​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ត្រូវ​បាន​រឹត​ត្បិត អត់​មាន​លក្ខណៈ​ពេញ​លេញ អ៊ីចឹង​សន្តិភាព​នេះ​ក៏​អត់​ទាន់​មាន​ដែរ គឺ​សន្តិភាព​វា​នៅ​មាន​លក្ខណៈ​អវិជ្ជមាន​នៅ​ឡើយ​ទេ ហើយ​សន្តិភាព​វិជ្ជមាន លុះត្រា​តែ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ហ្នឹង គាត់​មាន​លក្ខណៈ​សមរម្យ​ហើយ​នៅ នៅ​ខ្វះខាត​អី​ទៀត បើ​គាត់​នៅ​តែ​ស្រេក​ឃ្លាន ខ្វះខាត ហើយ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ក៏​អត់​ទាន់​មាន​សន្តិភាព​ដែរ»

លោក ឈាង ឫទ្ធី ឲ្យ​ដឹង​ដែរ​ថា ក្រៅ​តែ​ពី​មាន​បំណង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​អំពី​ទិវា​សន្តិភាព​អន្តរជាតិ និង​អត្ថន័យ​ពិត​ប្រាកដ​របស់​សន្តិភាព និង​ឲ្យ​ពលរដ្ឋ​ចូលរួម​ពង្រឹង​សន្តិភាព​នោះ ក្រុម​ការងារ​ដើម្បី​សន្តិភាព ក៏​មាន​បំណង​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល និង​អ្នក​នយោបាយ​គ្រប់​គណបក្ស​ទាំងអស់ ឲ្យ​ពួក​គេ​ដឹង​អំពី​សារសំខាន់​របស់​សន្តិភាព និង​ឲ្យ​ពួក​គេ​ចូលរួម​ផ្តល់​សិទ្ធិ​សេរីភាព និង​ឱកាស​ឲ្យ​ពលរដ្ឋ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​សន្តិភាព​ពិត​ប្រាកដ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

លោក ឈាង ឫទ្ធី ថា​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា ទទួល​សន្តិភាព​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​នោះ អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើ​នៅ​ពេល​នេះ គឺ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កត្តា​ជីវភាព​របស់​ពលរដ្ឋ លុប​បំបាត់​អំពើ​ពុក​រលួយ អំពើ​យុត្តិធម៌​នានា​នៅ​ក្នុង​សង្គម និង​ត្រូវ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ពេញ​លេញ ជាពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គាត់។

យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សន្តិភាព​នេះ ត្រូវ​បាន​ក្រុម​ការងារ​ដើម្បី​សន្តិភាព រៀបចំ​ធ្វើ​ឡើង​ជាប់ៗ​គ្នា​តាំង​ពី​ឆ្នាំ​២០០៩ មក។ បើ​តាម លោក ឈាង ឫទ្ធី កាល​ពី​ឆ្នាំ​មុនៗ យុទ្ធនាការ​របស់​ពួក​គេ​ក៏​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែរ។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ គឺ​ធ្វើ​ឡើង​តែ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ ដោយសារ​តែ​ក្រុម​ការងារ​ដើម្បី​សន្តិភាព យល់​ឃើញ​ថា មួយ​រយៈ​កន្លង​មក​នេះ អំពើ​ហិង្សា​បាន​កើត​មាន​ឡើង​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ទិវា​សន្តិភាព​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​រំឭក​ដល់​សេចក្តី​ប្រកាស​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សន្តិភាព ហើយ​ដែល​ប្រធានបទ​នៅ​ឆ្នាំ​នេះ គឺ​ផ្ដោត​លើ​សិទ្ធិ​ទទួល​បាន​សន្តិភាព​របស់​ពលរដ្ឋ​តែ​ម្តង។

សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សន្តិភាព​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​សន្តិភាព ហើយ​គ្រប់​ប្រទេស​ទាំងអស់ មាន​កាតព្វកិច្ច​ក្នុង​ការ​រក្សា និង​លើក​កម្ពស់​សន្តិភាព​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

នៅ​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ​នេះ​ដែរ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki Moon) ថ្លែង​ឲ្យ​ប្រទេស​ទាំងអស់​ថែ​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ និង​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​នៅ​លើ​ពិភពលោក ចូលរួម​ស្មឹង​ស្មាធិ៍​មួយ​នាទី​នា​ពេល​ថ្ងៃ​ត្រង់ នៅ​ក្នុង​ទិវា​នេះ​ទៀត​ផង។

អង្គការ​សហប្រជាជាតិ បាន​អនុម័ត​បង្កើត​ទិវា​សន្តិភាព​អន្តរជាតិ​នេះ​នៅ​ឆ្នាំ​១៩៨១ ហើយ​ការ​ប្រារព្ធ​ទិវា​នេះ​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៨២ មក ដោយ​យក​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​ទី​៣ ខែ​កញ្ញា ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០២ ទើប​មាន​ការ​អនុម័ត​ជា​ផ្លូវ​ការ​យក​ថ្ងៃ​ទី​២១ ខែ​កញ្ញា ជា​ទិវា​សន្តិភាព​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។